ប្រធានាធិបតីសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើបទបញ្ជាមួយទាក់ទិននឹងបណ្ដាក្រុមហ៊ុនបណ្ដាញសង្គមកាលពីថ្ងៃទី28ឧសភា ហើយបានហៅនេះថាជា “សកម្មភាពដើម្បីការពារសេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋអាមេរិកាំង”។
“ក្រុមហ៊ុនបណ្ដាញសង្គមភាគតិចកំពុងកាន់កាប់ព័ត៌មានទំនាក់ទំនងសាធារណៈនិងឯកជនភាគច្រើននៅសហរដ្ឋអាមេរិក។ ពួកគេធ្វើការត្រួតពិនិត្យ កាត់បន្ថយ កែប្រែ លាក់បាំង និងផ្លាស់ប្ដូររាល់ទំនាក់ទំនងគ្រប់រូបភាពរវាងពលរដ្ឋ និងសាធារណជន ដោយមិនត្រូវបានត្រួតពិនិត្យ។ យើងមិនអាចអនុញ្ញាតឱ្យបញ្ហានេះបន្តកើតមានទៀតនោះទេ”។ ប្រធានាធិបតី Donald Trump ថ្លែងបែបនេះកាលពីថ្ងៃទី28ឧសភា បន្ទាប់ពីបានចុះហត្ថលេខាលើបទបញ្ជាទាក់ទងនឹងបញ្ហាបណ្ដាញសង្គម។
លោក Trump បានអះអាងថា បទបញ្ជានេះគឺដើម្បី “ការពារសេរីភាពនៃការបញ្ចេញមតិនៅចំពោះមុខការគំរាមកំហែងមួយដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក។ Twitter លែងនៅជាទីតាំងប្រមូលផ្ដុំរបស់សាធារណជនទៀតហើយ តែវាបានក្លាយជានិពន្ធនាយកដែលមានការយល់ឃើញដោយឡែក។ ខ្ញុំគិតថា យើងអាចនិយាយអំពីបញ្ហាដូចគ្នានេះចំពោះក្រុមហ៊ុន Google ក្រុមហ៊ុន Facebook និងក្រុមហ៊ុនមួយចំនួនទៀត”។
បទបញ្ជាខាងលើនេះត្រូវបានធ្វើឡើងដើម្បីដកហូតសិទ្ធិទទួលបានការលើកលែងផ្នែកច្បាប់របស់បណ្ដាក្រុមហ៊ុនបណ្ដាញសង្គម ដូចជា Twitter ជាដើម ដោយតម្រូវឱ្យស្ថាប័នរដ្ឋវាយតម្លៃថាតើបណ្ដាញសង្គមទាំងនេះមានលក្ខខណ្ឌគ្រប់គ្រាន់ឬទេក្នុងការធានាលើការទទួលខុសត្រូវផ្លូវច្បាប់សម្រាប់ខ្លឹមសារដែលត្រូវបានមនុស្សរាប់លាននាក់បង្ហោះ។
បទបញ្ជារបស់លោក Trump នេះ នឹងផ្លាស់ប្ដូរទម្លាប់ដែលមានតាំងពីរាប់ឆ្នាំមុន ដែលបានចាត់ទុកបណ្ដាញសង្គមជាផលិតករដែលត្រូវទទួលខុសត្រូវលើខ្លឹមសារដែលបានបង្ហោះដោយអ្នកប្រើប្រាស់។
Twitter កាលពីថ្ងៃទី27ឧសភា បានដាក់ tag នៅលើសារចំនួន2ឃ្លារបស់លោក Trump ហើយបានបន្ថែមឧទានសញ្ញានៅខាងក្រោមសារទាំងនេះ។ ពេលចុចទៅលើតំណភ្ជាប់(link) ដែលត្រូវបានភ្ជាប់ទៅនឹងសារនោះ អ្នកប្រើប្រាស់នឹងត្រូវបាននាំទៅកាន់ទំព័រមួយដែលគ្រប់គ្រងដោយ Twitter ដែលមានសរសេរថា ប្រសាសន៍របស់ម្ចាស់សេតវិមានគឺមិនត្រឹមត្រូវនោះទេ។
លោក Trump ក្រោយមកក៏បានចោទប្រកាន់ Twitter និងបណ្ដាញសង្គមផ្សេងទៀតថា “បិទមាត់” អ្នកអភិរក្សនិយម។ កាលណោះ លោក Trump បានគំរាមថានឹងកែប្រែឱ្យបានខ្លាំងក្លា ឬបិទបណ្ដាញសង្គមទាំងនេះ។ ប៉ុន្តែ ក្រុមអ្នកវិភាគយល់ថា លោក Trump ពិបាកក្នុងការធ្វើឱ្យការគំរាមរបស់លោកក្លាយជាការពិត ព្រោះថា រាល់ការកែប្រែទៅលើបណ្ដាញសង្គមនានា ទាក់ទិននឹងខ្លឹមសារនៅលើបណ្ដាញសង្គមរបស់ពួកគេដែលត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់ គឺតម្រូវឱ្យមានការអនុម័តពីរដ្ឋសភា៕
ប្រភព៖ សារព័ត៌មានបរទេស