តំណាងរាស្ត្រម្នាក់មកពីបក្សប្រជាធិបតេយ្យ បានគប់ថង់ដែលមានវត្ថុស្អុយទៅលើប្រធានសភានីតិកម្មហុងកុង ធ្វើឱ្យកិច្ចប្រជុំពិភាក្សាអំពីសេចក្ដីព្រាងច្បាប់ភ្លៀងជាតិត្រូវបានអាក់ខាន។
សភានីតិកម្មហុងកុង LEGCO (Legislative Council of Hong Kong) ព្រឹកមិញនេះបានបន្តកិច្ចពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីអំពីភ្លេងជាតិ។ នៅពេលកិច្ចប្រជុំចាប់ផ្ដើម តំណាងរាស្ត្រម្នាក់មកពីបក្សប្រជាធិបតេយ្យ គឺលោក Ted Hui Chi-fung ស្រាប់តែរត់ទៅរកប្រធានសភា Andrew Leung Kwan-yuen ហើយបានគប់ថង់ពណ៌សមួយសំដៅទៅកាន់ប្រធានសភារូបនេះ។ ធាតុរាវនៅក្នុងថង់ក៏បានបែកខ្ចាយចេញមកក្រៅ ធ្វើឱ្យស្អុយពេញសាលប្រជុំ។
ភ្លាមនោះ តំណាងរាស្ត្រ Ted Hui ក៏ត្រូវបានក្រុមសន្តិសុខនាំខ្លួនចេញទៅខាងក្រៅ ហើយកិច្ចប្រជុំខាងលើក៏ត្រូវបានពន្យារពេល។ ចំណែក តំណាងរាស្ត្រ Chan Hoi-yan ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ព្រោះតែមានអារម្មណ៍មិនស្រួលខ្លួនដោយសារក្លិនស្អុយនោះ។
ក្រុមសន្តិសុខបាននាំគ្នាយកផួយមកគ្របពីលើថង់ឈើស្អុយ និងប្រើថ្នាំបាញ់បំបាត់ក្លិនក្នុងសាលប្រជុំ នៅមុនពេលបុគ្គលិកអនាម័យមកដល់។ ក្រុមមន្ត្រីពន្លត់អគ្គិភ័យ និងប៉ូលិសជាច្រើននាក់ក៏ត្រូវបានបញ្ជូនមកកាន់វិមានសភានេះដែរ។
Ted Hui បានប្រកាសថា ខ្លួនប្រើប្រាស់ថង់ដាក់ឈើស្អុយដើម្បីតវ៉ា ព្រោះតែលោក Leung បានកាត់បន្ថយពេលវេលារបស់ក្រុមតំណាងរាស្ត្របក្សប្រឆាំងក្នុងការសម្ដែងមតិទាក់ទិននឹងសេចក្ដីព្រាងច្បាប់ភ្លេងជាតិ។
សេចក្ដីព្រាងច្បាប់ភ្លេងជាតិ តម្រូវឱ្យសាលារៀននានានៅហុងកុង បង្រៀនភ្លេងជាតិប្រទេសចិនដល់សិស្ស រួមនឹងអង្គការផ្សេងៗក៏ត្រូវចាត់ចែងការច្រៀងចម្រៀង និងលេងភ្លេងជាតិនេះដែរ។ ចំណែកអ្នកដែលមានឥរិយាបថប្រមាថមើលងាយភ្លេងជាតិនេះនឹងត្រូវដាក់ទោសឱ្យជាប់ពន្ធនាគារ ឬពិន័យជាប្រាក់ទៀតផង៕
ប្រភព៖ សារព័ត៌មានបរទេស