Skip to content

អាមេរិកាំង​និង​ចិនបង្កើត​ “សង្គ្រាម​វោហារ​សាស្ត្រ​” នៅ​អង្គ​ការ​សហប្រជា​ជាតិ​ ព្រោះ​តែ​បញ្ហា​​ហុង​កុង

ប្រតិភូ​អាមេរិកាំង​ និង​ប្រតិភូ​ចិន​នៅ​អង្គ​ការ​សហ​ប្រជាជាតិ​បាន​ដំឡើង​សម្លេង​ដាក់​គ្នា​ ទាក់ទិន​នឹង​ការ​ដែល​ទីក្រុង​ប៉េកាំង​បង្កើត​ច្បាប់​សន្តិសុខ​សម្រាប់​គ្រប់​គ្រង​ទីក្រុង​ហុង​កុង​។

សារ​ព័ត៌មាន​ Reuters បាន​ចេញ​ផ្សាយ​ថា ប្រតិភូ​អាមេរិកាំង​ និង​ចិន​ នៅ​ឯ​ទីស្នាក់​ការ​នៃ​អង្គ​ការ​សហប្រជា​ជាតិ​ កាល​ពី​ថ្ងៃទី​27​ឧសភា បាន​​បើក​សង្គ្រាម​វោហារ​សាស្ត្រ​ដាក់​គ្នាជា​បន្ត​បន្ទាប់​​ ក្រោយ​​ពី​ទីក្រុង​ប៉េកាំង​បាន​ទាត់​ចោល​សំណើ​របស់​សហរដ្ឋ​អាមេរិក​ដែល​ស្នើ​ឱ្យ​បើក​កិច្ច​ប្រជុំក្រុម​ប្រឹក្សា​សន្តិ​សុខ​​ដើម្បី​ពិភាក្សា​អំពី​គម្រោង​ដែល​ចិន​កំពុង​បង្កើត​ច្បាប់​សន្តិសុខ​សម្រាប់​តំបន់​ពិសេស​ហុង​កុង​។

នៅក្នុង​សេចក្ដី​ប្រកាស​មួយ ប្រតិ​ភូអាមេរិកាំង​នៅ​អង្គ​សហប្រជាជាតិ​បាន​សង្កត់​ធ្ងន់​ថា នេះ​គឺជា “បញ្ហា​បន្ទាន់​ដែល​មាន​ការ​ចាប់​អារម្មណ៍​​ពី​ពិភពលោក​ទាំង​មូល​ដោយ​វា​ទាក់​ទង​នឹង​សន្តិ​ភាព​ និង​សន្តិសុខ​អន្តរ​ជាតិ​ ហើយ​វា​ក៏​ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សមាជិក​ទាំង​15​ប្រទេស​នៃ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​របស់​អង្គ​ការ​សហប្រជា​ជាតិ​។

ឯកអគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​នៅ​អង្គ​ការ​សហប្រជាជាតិ​ លោក​ Zhang Jun ក្រោយ​មក​ក៏​បាន​បង្ហោះ​សារ​នៅ​លើទំព័រ​ Twitter ថា “ទីក្រុង​ប៉េកាំង​ ដាច់ខាត​មិន​ទទួល​យក​សំណើ​មិន​សម​ហេតុ​ផល​” ដូច​ខាង​លើ​របស់​សហរដ្ឋ​អាមេរិក​នោះ​ឡើយ​ ព្រោះ​ថា សេចក្ដី​ព្រាង​ច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​ហុងកុង​គឺជា​បញ្ហា​ផ្ទៃ​ក្នុង​របស់​ចិន​ និង​ “​មិន​ទាក់​ទង​អ្វី​ជាមួយ​ភារ​កិច្ច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អង្គ​ការ​សហប្រជាជាតិ​​នោះ​ដែរ​”។

អាមេរិកាំង​និង​ចិនបង្កើត​ "សង្គ្រាម​វោហារ​សាស្ត្រ​" ដាក់​គ្នា នៅ​អង្គ​ការ​សហប្រជា​ជាតិ​ ព្រោះ​តែ​បញ្ហា​នៅ​ហុង​កុង
កិច្ច​ប្រជុំ​មួយ​របស់​អង្គ​ការ​សហប្រជាជាតិ​។

សហរដ្ឋ​អាមេរិក​និយាយ​ថា ការ​ដែល​ចិន​បាន​ទាត់​ចោល​កិច្ច​ប្រជុំ​របស់​​ក្រុម​ប្រឹក្សា​សន្តិ​សុខ​​ស្ដី​អំពី​បញ្ហា​ហុង​កុង​ រួម​ជាមួយ​នឹង​ “ការ​លាក់​បាំង​អំពី​ COVID-19 និង​ការ​រំលោភ​ជា​បន្ត​បន្ទាប់​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​ផ្នែក​សិទ្ធិ​មនុស្ស​​នានា ការ​បំពាន​ច្បាប់​នៅ​លើសមុទ្រ​ចិន​ខាង​ត្បូង​ជាដើម បាន​បង្ហាញ​ថា​ ទីក្រុង​ប៉េកាំង​​បាន​អនុវត្ត​ផ្ទុយ​ពី​ភារ​កិច្ច​ជា​សមាជិក​មួយ​​របស់​អង្គ​ការ​សហប្រជា​ជាតិ​”។

ជា​ការ​ឆ្លើយ​តប អគ្គរដ្ឋ​ទូត​ចិន លោក Zhang Jun ​បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិកថា ជាប្រទេស​ “បង្ក​​ភាព​​ច្របូក​ច្របល់​​​ក្នុង​ពិភព​លោក​” និង​ “បំពាន​ច្បាប់​អន្តរ​ជាតិ​”។

សេចក្ដី​ព្រាង​ច្បាប់​សន្តិសុខ​ហុង​កុង​របស់​​ប្រទេស​ចិន​នេះ​ តាម​គម្រោង​នឹង​ត្រូវ​បាន​អនុម័ត​ជា​ផ្លូវ​ការ​នៅ​ថ្ងៃទៅ​28​ឧសភា​ខាង​មុខ​ ដែល​ជា​ថ្ងៃ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​សភា​ចិន​។​ ច្បាប់​នេះ​នឹង​ហាម​មិន​ឱ្យ​មាន​សកម្ម​ភាព​ផ្ដាច់​ខ្លួន​ និង​អំពើ​រដ្ឋ​ប្រហារ​ ក៏ដូច​ជា​ការ​ជ្រៀត​ជ្រែក​ពី​បរទេស​ និង​ការ​ធ្វើ​ភេរវ​កម្ម​ក្នុងទីក្រុង​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Leave a Reply

Your email address will not be published. Required fields are marked *