រន្ធត់ចិត្តណាស់! បុរសអ៊ីរ៉ង់ម្នាក់ កាត់កកូនស្រីពេលគេងលក់...សម្លាប់ដើម្បីកិត្តិយស ព្រោះរត់តាមប្រុស...

រន្ធត់ចិត្តណាស់! បុរសអ៊ីរ៉ង់ម្នាក់ កាត់កកូនស្រីពេលគេងលក់…សម្លាប់ដើម្បីកិត្តិយស ព្រោះរត់តាមប្រុស…

ប៉ូលិសអ៊ីរ៉ង់ បានចាប់ខ្លួនបុរសម្នាក់ ក្រោយពីបង្កហេតុសម្លាប់កូនស្រីខ្លួនឯង អាយុ 14ឆ្នាំ ដើម្បីរក្សាកិត្តិយសវង្សត្រកូល ដោយសារតែកូនស្រី រត់តាមប្រុសស្នេហ៍ មុននឹងប៉ូលិសតាមរកឃើញ និងនាំខ្លួនមកផ្ទះវិញ។

ទីភ្នាក់ងារព័ត៌មាន BBC បានរាយការណ៍ថា យុវតី រ៉ូមិណា អច្ឆារ៉ាហ្វ៊ី បានរត់ចេញពីផ្ទះនៅក្នុងខេត្តគីឡាន ទៅជាមួយប្រុសស្នេហ៍វ័យ 35ឆ្នាំ ក្រោយពីឪពុករបស់នាងបានជំទាស់រឿងរៀបការរបស់ពួកគេទាំង2 តែទីបំផុតប៉ូលិស ក៏តាមរកយុវតីអច្ឆារ៉ាហ្វ៊ីទាល់តែឃើញ ហើយបាននាំនាងត្រឡប់មកផ្ទះវិញ ទោះជានាងខំព្យាយាមប្រាប់ប៉ូលិសម្ដងហើយម្ដងទៀតថា បើត្រឡប់ទៅផ្ទះវិញ នាងអាចនឹងមានគ្រោះថ្នាក់ដល់ស្លាប់ក៏ដោយ។

រួចហើយក្ដីកង្វល់របស់នាង ក៏ក្លាយជាការពិតនៅក្នុងរាត្រីថ្ងៃព្រហស្បតិ៍ ទី21 ឧសភា…នាងត្រូវបុរសជាឪពុកលបចូលទៅសម្លាប់ដល់ក្នុងបន្ទប់គេងរបស់នាងតែម្ដង។ សារព័ត៌មានក្នុងតំបន់ Gilkhabar.ir បានរាយការណ៍ថា អច្ឆារ៉ាហ្វ៊ី ត្រូវបានកាត់ក្បាលដោយផ្លែកន្ដៀវ និងបន្ទាប់ពីនោះមក បុរសជាឪពុក ក៏ដើរចេញមកពីផ្ទះ ព្រមជាមួយផ្លែកន្ដៀវនៅក្នុងដៃ ហើយសារភាពគ្រប់យ៉ាង មុននឹងប៉ូលិសចាប់ខ្លួនគាត់យកទៅ។

ព័ត៌មានពីការស្លាប់របស់អច្ឆារ៉ាហ្វ៊ី បានធ្វើឱ្យកើតមានចរន្តនៃកំហឹងទូទាំងប្រទេស ហ៊ែចធែក#Romina_Asharafi នៅលើធ្វីតធើរ ត្រូវបានប្រើប្រាស់ជាង 50,000ដង ដោយអ្នកប្រើប្រាស់ភាគច្រើន សុទ្ធតែថ្កោលទោសអំពើឃាតកម្ម និងស្ថានភាពសង្គមរបស់អ៊ីរ៉ង់ជារួម ខណៈដែលសារព័ត៌មានអ៊ីរ៉ង់ Ebtekar ដែលមានទំំនោរលើការផ្លាស់ប្ដូរទំនៀមទម្លាប់សង្គម បានបញ្ជាក់ថា នេះគឺជាការបរាជ័យរបស់ច្បាប់សម្រាប់គាំពារស្ត្រី និងកុមារដែលប្រទេសអ៊ីរ៉ង់កំពុងមាន។

ខណៈដែលលោកស្រី ឆាហ៊ីនដកត៍ ម៉ូឡាវើឌី អគ្គលេខាធិការរបស់សមាគមគាំពារសិទ្ធិស្ត្រីអ៊ីរ៉ង់ បានផូស្តសំណេរមួយឃ្លាថា អច្ឆារ៉ាហ្វ៊ី មិនមែនជាជនរងគ្រោះទី1 និងក៏មិនមែនចុងក្រោយគេនៃការសម្លាប់ដើម្បីកិត្តិយសនេះដែរ ដរាបណាដែលច្បាប់ និងវប្បធម៌ក្នុងតំបន់មិនអាចហាមប្រាមទង្វើបែបនេះឱ្យបានយ៉ាងពេញលេញនោះ។

ទាំងអស់នេះ ច្បាប់អ៊ិស្លាមរបស់អ៊ីរ៉ង់ នឹងដាក់ទោសដល់ឪពុក ឬសមាជិកគ្រួសារណាម្នាក់ក៏ដោយ ដែលបានបង្កហេតុឃាតកម្ម ឬប្រើអំពើហិង្សាទៅលើកុមារ។ ក្នុងករណីការប្រើអំពើហិង្សាក្នុងគ្រួសារ ឬការសម្លាប់ដើម្បីកិត្តិយស ដូចជា បើបុរសនៅក្នុងប្រទេសអ៊ីរ៉ង់ ត្រូវបានរកឃើញថា មានកំហុសពិត ពីបទសម្លាប់កូនស្រី នឹងត្រូវទទួលទោសជាប់ពន្ធនាគារពី 3-10ឆ្នាំ ជំនួសឱ្យការត្រូវកាត់ទោសដោយការប្រហាជីវិតដូចប្រក្រតី៕

ប្រភព៖ សារព័ត៌មានបរទេស