នាយិកាផ្នែកហិរញ្ញវត្ថុរបស់ Huawei អ្នកស្រី Meng Wanzhou ប្រឈមមុខនឹងការបញ្ជូនខ្លួនទៅឱ្យអាមេរិកាំង បន្ទាប់ពីតុលាការកាណាដាបានចេញសាលក្រមបញ្ជាក់ថា ការចោទប្រកាន់របស់សហរដ្ឋអាមេរិកមកលើអ្នកស្រី គឺមានលក្ខខណ្ឌគ្រប់គ្រាន់បង្ហាញថា អ្នកស្រី “មានទោសពីរទន្ទឹមគ្នា” ពិតមែន។
ចៅក្រម Heather Holmes នៃតុលាការកំពូលរបស់ British Columbia នៃប្រទេសកាណាដា កាលពីថ្ងៃទី27ឧសភា បានចេញសាលក្រមបញ្ជាក់ថា ការចោទប្រកាន់របស់សហរដ្ឋអាមេរិកមកលើនាយិកាផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនចិន Huawei គឺអ្នកស្រី Meng Wanzhou គឺមានលក្ខខណ្ឌគ្រប់គ្រាន់បង្ហាញថា អ្នកស្រីមានទោសពីរទន្ទឹមគ្នា ដូច្នេះហើយអ្នកស្រី Meng Wanzhou នឹងត្រូវបានពិចារណាបន្តទៀតក្នុងការធ្វើបត្យាប័ននាំខ្លួនទៅកាន់សហរដ្ឋអាមេរិក។
សាលក្រមនេះនឹងបើកផ្លូវឱ្យមានការកាត់ទោសបន្តទៀតចំពោះជនជាប់ចោទ Meng Wanzhou ដើម្បីពិចារណាក្នុងការធ្វើបត្យាប័នបញ្ជូនខ្លួននឹងទៅឱ្យអាមេរិកាំងនៅខែមិថុនាខាងមុខ។ ការជំនុំជម្រះនោះនឹងពិនិត្យឱ្យដឹងច្បាស់ថា តើមន្ត្រីកាណាដាបានគោរពច្បាប់ដែរឬទេពេលឃាត់ខ្លួនអ្នកស្រី Meng Wanzhou ទៅតាមសំណើរបស់សហរដ្ឋអាមេរិក។ តាមគម្រោង ការប្ដឹងតវ៉ាពីជនជាប់ចោទអាចត្រូវបានបិទបញ្ចប់នៅក្នុងសប្ដាហ៍ចុងក្រោយនៃខែកញ្ញា ឬដើមខែតុលាខាងមុខ។
ក្រោយពីតុលាការបានចេញសាលក្រមភ្លាម ចិនក៏បានធ្វើការរិះគន់ភ្លាមដែរទៅលើកាណាដា។ ទីក្រុងប៉េកាំងមុននោះក៏ធ្លាប់បានស្នើឱ្យទីក្រុងតូរ៉ុនតូ “កែប្រែកំហុសឆ្គង” ហើយដោះលែងអ្នកស្រី Meng Wanzhou ជាបន្ទាន់។ មេធាវីរបស់អ្នកស្រី Meng Wanzhou បាននិយាយថា កូនក្ដីរបស់ខ្លួន “មិនសមជាចំណាប់ខ្មាំង” នោះទេ នៅក្នុងទំនាក់ទំនងរវាងចិននិងអាមេរិកាំង។ មេធាវី Weingarten ថ្លែងថា “សាលក្រមថ្ងៃនេះនៅកាណាដា គ្រាន់តែជាការបើកផ្លូវដំបូងប៉ុណ្ណោះសម្រាប់ដំណើរការវែងឆ្ងាយទៅមុខទៀត។ យើងជឿថា ចុងក្រោយ យុត្តិធម៍៌នឹងត្រូវបានអនុវត្ត”។
អ្នកស្រី Meng Wanzhou នៅតែអះអាងថា ខ្លួនគ្មានកំហុសអ្វីនោះទេ។ អ្នកស្រី Meng មានអាយុ48ឆ្នាំ នឹងបន្តស្ថិតនៅក្រៅឃុំបណ្ដោះអាសន្ននៅឯភូមិគ្រឹសរបស់ខ្លួនដែលមានតម្លៃជិត10លានដុល្លារអាមេរិក ក្នុងទីក្រុង Vancouver ប្រទេសកាណាដា ក្រោមការតាមដានរបស់សមត្ថកិច្ច។
សមត្ថកិច្ចកាណាដាបានឃាត់ខ្លួនអ្នកស្រី Meng Wanzhou នៅឯព្រលានយន្តហោះ Vancouver កាលពីថ្ងៃទី1ធ្នូ ឆ្នាំ2018 ទៅតាមការស្នើពីសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកបានចោទប្រកាន់អ្នកស្រី Meng ថា បានផ្ដល់ព័ត៌មានក្លែងក្លាយដើម្បីបន្លំបោកប្រាស់ធនាគារធំៗនៅសហរដ្ឋអាមេរិកក្នុងបំណង “ឆ្ពិនភ្នែក” សហរដ្ឋអាមេរិក ទាក់ទិននឹងការដាក់ទណ្ឌកម្មប្រទេសអ៊ីរ៉ង់ ពោលគឺអ្នកស្រីត្រូវបានចោទថា កំពុងរកស៊ីលួចលាក់ជាមួយអ៊ីរ៉ង់។ បើសិនជាត្រូវបានកាត់ទោសនៅសហរដ្ឋអាមេរិក អ្នកស្រី Meng នឹងអាចជាប់ពន្ធនាគាររហូតដល់30ឆ្នាំ៕
ប្រភព៖ SCMP