ប្រទេសចិនបានបញ្ចូលអង្គការនានាទៅក្នុងដែនកំណត់របស់សេចក្ដីព្រាងច្បាប់សន្តិសុខហុងកុងដែលកំពុងតែបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងក្លានាបច្ចុប្បន្ន នេះបើតាមសារព័ត៌មាននៅហុងកុង។
ទីភ្នាក់ងារសារព័ត៌មាននៅទីក្រុងហុងកុង រួមមានស្ថានីយវិទ្យុនិងទូរទស្សន៍ RTHK (Radio Television Hong Kong) និងកាសែត SCMP (South China Morning Post) កាលពីម្សិលមិញបានឱ្យដឹងថា សេចក្ដីព្រាងច្បាប់សន្តិសុខហុងកុងត្រូវបានពង្រីកវិសាលភាពបន្ថែមទៀត ដោយបូកបញ្ចូល “សកម្មភាពនានាដែលនាំឱ្យគ្រោះថ្នាក់ដល់សន្តិសុខ”។
ក្រុមមេធាវីនៅចិនដីគោក ដែលជាអ្នកធ្លាប់បានចាត់ការលើបញ្ហាទាក់ទិននឹងសន្តិសុខកន្លងមក និយាយថា “ការកែប្រែ ឬបន្ថែមវិសាលភាព(នៃសេចក្ដីព្រាងច្បាប់សន្តិសុខហុងកុង) មិនត្រឹមតែផ្ដោតលើឯកជននោះទេ តែគឺបូករួមទាំងអង្គការដែលស្ថិតក្រោមច្បាប់ទាំងអស់ផងដែរ” នេះបើតាម RTHK។
ពុំទាន់មានសេចក្ដីលម្អិតបន្ថែមត្រូវបានលើកឡើង ប៉ុន្តែ ប្រភពព័ត៌មាននានានិយាយថា សេចក្ដីព្រាងច្បាប់នេះនឹងមិនត្រឹមតែទប់ស្កាត់ និងដាក់ទោសលើ “សកម្មភាពប្រឆាំង” នានានោះទេ តែច្បាប់នេះក៏នឹងរាប់បញ្ចូលទាំងសកម្មគំរាមកំហែងដល់សន្តិសុខផងដែរ។ សេចក្ដីព្រាងច្បាប់សន្តិសុខហុងកុងនឹងត្រូវបានបោះឆ្នោតអនុម័តនៅថ្ងៃទី28ឧសភាខាងមុខ ហើយក្រោយមកនឹងត្រូវបញ្ជូនទៅកាន់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន NPC (National People’s Congress) ដែលជាស្ថាប័នបង្កើតច្បាប់កំពូលរបស់ចិន ដើម្បីត្រួតពិនិត្យលម្អិត។
ប្រភពមួយបានឱ្យដឹងថា តំណាងរាស្ត្រហុងកុងភាគច្រើននៅ NPC បានគាំទ្រការពង្រីកវិសាលភាពនៃសេចក្ដីព្រាងច្បាប់នេះ។ តំណាងរាស្ត្រម្នាក់ក្នុងចំណោមអ្នកដែលបានជំទាស់ នោះគឺ Michael Tien Puk-sun ដែលជាអ្នកដាក់សំណួរសួរថា “តើការកែប្រែនេះនឹងមានផលប៉ះពាល់បែបណាទៅលើអ្នកដែលចូលរួមធ្វើបាតុកម្មហើយស្រាប់តែបាតុកម្មនោះបានក្លាយជាអំពើហិង្សា?”។
“ការរឹតបន្តឹងមិនគួរខ្លាំងក្លាជាងមាត្រាទី23នោះទេ” លោក Michael Tien Puk-sun ថ្លែងបែបនេះ សំដៅទៅលើផ្នែកមួយនៃច្បាប់ធម្មនុញ្ញរបស់ហុងកុង ដែលក្នុងនោះ ស្នើឱ្យហុងកុងបង្កើតច្បាប់សន្តិសុខដោយឡែករបស់ខ្លួន។
ព័ត៌មានខាងលើ ត្រូវបានលើកឡើងក្នុងស្ថានភាពដែលក្រុមសមត្ថកិច្ចហុងកុងកំពុងត្រៀមខ្លួនដើម្បីទប់ទល់នឹងបាតុកម្មដ៏ធំមួយដែលនឹងត្រូវបានធ្វើឡើងក្នុងថ្ងៃនេះ។ ក្រុមនិស្សិតមានគម្រោងបិទសាលារៀន ចំណែកក្រុមដែលគាំទ្រដល់សកម្មភាពប្រឆាំងរដ្ឋាភិបាលបានអំពាវនាវឱ្យមានកូដកម្មទូទាំងទីក្រុង ខណៈដែលក្រុមសកម្មជននានាបានអំពាវនាវឱ្យធ្វើបាតុកម្មបិទផ្លូវ។ រីឯភាគីខាងប៉ូលិសវិញ កាលពីម្សិលមិញបានព្រមានថានឹងមិនលើកលែងចំពោះសកម្មភាពដែលធ្វើឱ្យខូចសណ្ដាប់ធ្នាប់សាធារណៈជាដាច់ខាត។
ប្រធានប្រតិបត្តិទីក្រុងហុងកុង លោកស្រី Carrie Lam ពន្យល់ប្រាប់ប្រជាជនថា សេចក្ដីព្រាងច្បាប់សន្តិសុខហុងកុងនេះ នឹងមិនរំលោភលើសិទ្ធិសេរីភាពរបស់ពលរដ្ឋនោះទេ ប៉ុន្តែច្បាប់នេះនឹងផ្ដោតទៅលើតែក្រុមមនុស្សជ្រុលនិយមមួយក្ដាប់តូចប៉ុណ្ណោះ៕
ប្រភព៖ Reuters