Stanley Ho Hung-sun ដែលជាមេដឹកនាំរបស់ SJM Holdings ដែលជាក្រុមហ៊ុនល្បែង (កាស៊ីណូ/Casino) ធំជាងគេបង្អស់នៅអាស៊ី ក្នុងរយៈពេលជាងកន្លះសតវត្សរ៍ បានទទួលមរណភាពក្នុងវ័យ98ឆ្នាំ។
CCTV ថ្ងៃនេះ (26ឧសភា) បានចេញផ្សាយថា មេល្បែង Stanley Ho បានស្លាប់នៅក្នុងវ័យ98ឆ្នាំ។ លោកគឺជាអ្នកដែលបានដឹកនាំក្រុមហ៊ុនកាស៊ីណូ SJM Holdings នៅម៉ាកៅ ឱ្យក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនកាស៊ីណូធំជាងគេក្នុងពិភពលោក។ កេរ្ដិ៍ឈ្មោះរបស់លោកក៏បានផ្សារភ្ជាប់ជាមួយនឹងការរីកចម្រើនរបស់ទីក្រុងម៉ាកៅ ក្នុងដំណើរលោតរំលង Las Vegas ដើម្បីក្លាយជាអាណាចក្រល្បែងទូទាំងពិភពលោក។
លោក Stanley Ho មានស្រុកកំណើតនៅហុងកុង ក្នុងគ្រួសារអ្នកមានមួយ។ លោកធ្លាប់ជាមហាសេដ្ឋីម្នាក់នៅអាស៊ីក្នុងរយៈពេលរាប់ទសវត្សរ៍។ ទ្រព្យរបស់លោក ត្រូវបានគេប៉ាន់ប្រមាណឃើញថា ប្រហែល50ពាន់លានដុល្លារហុងកុង (6.4ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំ2018។
លោក Allan Zeman អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Wynn Macau ដែលជាគូប្រជែងមួយរបស់លោក Stanley Ho បានឱ្យដឹងថា “នេះគឺជាការបញ្ចប់នៃយុគសម័យមួយ។ គាត់គឺជាផ្នែកដ៏សំខាន់មួយរបស់ហុងកុង។
លោក Stanley Ho មានភរិយាចំនួន4នាក់ និងមានកូនចំនួន17នាក់។ លោកធ្លាប់បង្កើតរចនាសម្ព័ន្ធក្រុមហ៊ុនល្បែង SJM Holdings ឡើងវិញ បន្ទាប់ពីសង្គ្រាមផ្លូវច្បាប់ទាក់ទិននឹងទ្រព្យសម្បត្តិក្នុងគ្រួសារកាលពីឆ្នាំ2012។
ដោយសារតែ Stanley Ho បានចូលនិវត្តន៍តាំងពី2ឆ្នាំមុន ដូច្នេះក្រុមអ្នកវិភាគយល់ថា មរណភាពរបស់គាត់នឹងមិនប៉ះពាល់ដល់សកម្មភាពប្រចាំថ្ងៃរបស់ក្រុមហ៊ុនកាស៊ីណា SJM Holdings នេះទេ។ SJM Holdings ត្រូវបានគេកំណត់តម្លៃប្រមាណជា 6ពាន់លានដុល្លារអាមេរិក៕
ប្រភព៖ សារព័ត៌មានបរទេស