កាលពីថ្ងៃអាទិត្យ(ទី24 ឧសភា) លោក វ៉ាង យី មន្ត្រីនៃរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសរបស់ចិន បានថ្លែងថា ជំងឺបណ្ដាលមកពីមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 គឺជាសត្រូវរួមគ្នា របស់ចិន និងសហរដ្ឋអាមេរិក ហើយប្រជាជនរបស់ប្រទេសទាំង2 សុទ្ធតែមានក្ដីសង្ឃឹមរំពឹងដូចគ្នា នោះគឺការគាំទ្រ និងជួយគ្នាទៅវិញទៅមក។
1.ចិន-សហរដ្ឋអាមេរិក គួរចាប់ដៃគ្នាកម្ចាត់សត្រូវរួម “កូវីដ-19”
លោក វ៉ាង បានថ្លែងនៅក្នុងពិធីថ្លែងព័ត៌មានមួយ ដែលរៀបចំឡើងនៅក្រៅកិច្ចប្រជុំសភានិតិបញ្ញត្តិជាតិប្រចាំឆ្នាំ ក្នុងប្រធានបទ សម្ព័ន្ធភាព រវាងចិននឹងសហរដ្ឋអាមេរិកថា ប្រទេសទាំង2 គួរតែប្រតិបត្តិតាមក្ដីសង្ឃឹមរបស់សហគមន៍ពិភពលោក ក្នុងការចូលរួម និងបង្កើនកិច្ចសហការកម្រិតពហុភាគី ក្នុងការតតាំងប្រឆាំងជំងឺកូវីដ-19 និងមានតួនាទីក្នុងន័យវិជ្ជមាន ក្នុងការទប់ទល់នឹងជំងឺរាតត្បាតទូទាំងពិភពលោកមួយនេះ។
លោកថ្លែងថា “ខណៈដែលយើងកំពុងត្រៀមខ្លួនប្រយុទ្ធជាមួយជំងឺកូវីដ-19 ទាំងក្នុងរយៈពេលវែង និងទាំងតាមវិធីប្រក្រតី ប្រទេសទាំង2 គួរតែចាប់ផ្ដើមរួមដៃ និងទំនាក់ទំនងគ្នាលើផ្នែកនយោបាយសេដ្ឋកិច្ចពហុភាគី យ៉ាងលឿនបំផុតតាមដែលអាចធ្វើបាន ដើម្បីសម្រាលផលប៉ះពាល់ដែលបណ្ដាលមកពីជំងឺកូវីដ-19 ដែលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសទាំង2 និងសេដ្ឋកិច្ចពិភពលោកទាំងមូល”
លោក វ៉ាង យី ថ្លែងថា វីរុសនយោបាយ បានព្យាយាមវាយលុក និងទម្លាក់កំហុសមកលើចិន ដោយមិននឹកទៅដល់រឿងពិតជាមូលដ្ឋាននោះ កំពុងតែរីកសាយភាយនៅក្នុងសហរដ្ឋអាមេរិក។
លោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់ចិន បានថ្លែងអំពាវនាវឱ្យចិន និងសហរដ្ឋអាមេរិក រៀនយល់ដឹងអំពីគ្នាទៅវិញទៅមក និងចែករំលែកបទពិសោធក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស ដើម្បីជួយតតាំងការឆ្លងរាតត្បាតរបស់ជំងឺដ៏សាហាវនេះនៅក្នុងប្រទេសទាំង2។
2.បញ្ហារបស់លោកាវិវឌ្ឍន៍ ចាំបាច់ត្រូវតែដោះស្រាយដោយលោកាវិវឌ្ឍន៍
លោកាវិវឌ្ឍន៍ពហុភាគី និងធម្មាភិបាលពិភពលោក គួរតែបានទទួលការការពារ និងកែសម្រួលឱ្យស័ក្តិសម ក្នុងពិភពនៃការឆ្លងរាលដាលរបស់កូវីដ-19។
លោក វ៉ាង យី ថ្លែងថា ការអភិវឌ្ឍប្រវត្តិសាស្ត្រមនុស្ស តែងតែប្រឈម និងយកជ័យជម្នះលើវិបត្តិដែលសំខាន់ទាំងឡាយ “ដរាបណាដែលយើងជ្រើសរើសត្រឹមត្រូវ និងធ្វើតាមដំណើរផ្លូវដែលត្រឹមត្រូវ យើងនឹងព្រមទទួលស្គាល់អនាគតដ៏ភ្លឺស្វាង”
“យើងចាំបាច់ត្រូវតែកាត់បន្ថយបញ្ហាការអភិវឌ្ឍក្នុងកម្រិតភូមិភាគ និងភាពមិនស្មើភាពគ្នា ដែលកើតពីលោកាវិវឌ្ឍន៍ តែបញ្ហារបស់លោកាវិវឌ្ឍន៍ វាចាំបាច់ត្រូវកែខៃដោយលោកាវិវឌ្ឍន៍”
3.ចិន និងរុស្ស៊ីជាមួយវីរុសកូរ៉ូណា
ការប្រយុទ្ធប្រឆាំងរួមគ្នារវាងចិន និងរុស្ស៊ី ជាមួយវីរុសកូរ៉ូណាប្រភេទថ្មី នឹងជួយបង្កើនសម្ព័ន្ធភាពទ្វេភាគីយ៉ាងរឹងមាំ។ ចិនស្វាគមន៍ក្នុងការធ្វើ
ការរួមគ្នាជាមួយរុស្ស៊ី ដើម្បីផ្លាស់ប្ដូរវិបត្តិ ទៅជាឱកាសក្នុងការថែរក្សាស្ថិរភាពនៃការសហការផ្នែកថាមពល និងសាខាដែលមានតាំងពីពេលមុនមកផ្សេងៗ និងបង្កើនកិច្ចសហការក្នុងផ្នែកថ្មីៗទៀត ដូចជា អ៊ីខំមើក និងឱសថ ដើម្បីសាងយន្តការថ្មីនៃការរីកធំធាត់ខាងសេដ្ឋកិច្ច ក្រោយពីការឆ្លងរាតត្បាតដ៏ធំរបស់កូវីដ-19។
4.ការជួយគ្នាកម្រិតពិភពលោក មិនបានបង្កប់របៀបវារៈនយោបាយអ្វីទាំងអស់
លោក វ៉ាង ថ្លែងថា “ប្រទេសចិន បានផ្ដល់ការជួយសង្គ្រោះទៅដល់ប្រទេសផ្សេងៗ ដើម្បីប្រយុទ្ធនឹងមេរោគកូវីដ-19 ដោយការតាំងចិត្តតែម្យ៉ាងគត់ គឺព្យាយាមជួយជីវិតមនុស្សលោកឱ្យបានច្រើនបំផុត”
ប្រទេសចិនបានផ្ដល់ជំនួយសង្គ្រោះទៅដល់ប្រទេសជាង150 និងអង្គការអន្តរជាតិ 4ស្ថាប័ន រៀបចំការប្រជុំតាមវីដេអូ ដើម្បីចែករំលែកបទពិសោធការព្យាបាល និងគ្រប់គ្រងជំងឺជាមួយជាង 170ប្រទេស និងបានបញ្ជូនក្រុមគ្រូពេទ្យជំនាញការទៅ 24ប្រទេសទៀតផង។
“ចិន មិនដែលស្វែងរកផលប្រយោជន៍ខាងសេដ្ឋកិច្ច ឬខាងនយោបាយអ្វីទាំងអស់ និងមិនបានបង្កប់របៀបរាវៈនយោបាយអ្វី នៅក្នុងការជួយសង្គ្រោះទាំងនោះឡើយ”
5.ចិន និងសហភាពអឺរ៉ុប មិនមែនជាគូប្រជែងក្នុងន័យឧត្ដមគតិទេ
លោក វ៉ាង យី បានថ្លែងអំពីសម្ព័ន្ធភាពរវាងចិន ជាមួយសហភាពអឺរ៉ុបថា ចិន និងសហភាពអឺរ៉ុបមិនមែនជាគូប្រជែងក្នុងន័យឧត្ដមគតិទេ តែជាសម្ព័ន្ធមិត្តក្នុងន័យយុទ្ធសាស្ត្រ ដែលមានចំណាប់អារម្មណ៍ និងក្ដីព្យាយាមរួមគ្នាជាច្រើន។
“មេរៀនដែលសំខាន់បំផុតពីសម្ព័ន្ធភាពគឺ ទាំង 2ខាង អាចសាងជំនឿទុកចិត្តគ្នាទៅវិញទៅមក តាមរយៈការសន្ទនាដែលយុត្តិធម៌ និងចាត់ការភាពខុសប្លែកគ្នា តាមរយៈការចែករំលែកដែលរីកចម្រើន”
លោករដ្ឋមន្ត្រីការបរទេសចិន បានបន្ថែមទៀតថា “ចិន និងសហភាពអឺរ៉ុប គ្មានទំនាស់ខាងផលប្រយោជន៍ជាមូលដ្ឋានឡើយ បដិសម្ព័ន្ធរវាងចិននឹងសភាពអឺរ៉ុប ជាចរន្តវិជ្ជមាន ដែលជាប្រយោជន៍រួមគ្នា មិនមែនជាការប្រកួតប្រជែងដែលមានខាងណាម្នាក់ចាញ់ និងខាងណាម្នាក់ឈ្នះនោះទេ”៕
ប្រភព៖ សារព័ត៌មានបរទេស
ប្រែសម្រួលដោយ តាវ៉ែនតា