កាលពីថ្ងៃទី23ឧសភាកន្លងទៅ ក្រុមពន្លត់អគ្គិភ័យជាង100នាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែងមានអគ្គិភ័យកើតឡើង ដែលស្ថិតក្នុងកំពង់ផែ Pier 45 នាទីក្រុង San Francisco រដ្ឋ California នៃសហរដ្ឋអាមេរិក។
អណ្ដាតភ្លើងបានឆេះសន្ធោសន្ធៅនៅវេលាម៉ោង7និង17នាទីម្សិលមិញនៅភាគខាងកើតសហរដ្ឋអាមេរិក(ម៉ោង18និង17នាទីនៅកម្ពុជា) បានបណ្ដាលឱ្យស្រុតអគារមួយក្នុងកំពង់ និងបានឆេះរាលដាលដល់អគារមួយចំនួនផ្សេងទៀត។ មកដល់បច្ចុប្បន្ន សមត្ថកិច្ចមិនទាន់រកឃើញមូលហេតុនៃហេតុការណ៍នេះនៅឡើយ។
អ្នកនាំពាក្យរបស់នាយកដ្ឋានពន្លត់អគ្គិភ័យនៅ San Francisco បានឱ្យដឹងថា កប៉ាល់ពន្លត់អគ្គិភ័យ St. Francis ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ហើយក៏បានការពារ SS Jeremiah O’Brien (នាវាប្រវត្តិសាស្ត្រដែលត្រូវបានសាងសង់ឡើងកាលពីសង្គ្រាមលោកលើកទី2) ដោយជោគជ័យ។ ក្រៅពីនេះ នាវាពន្លត់អគ្គិភ័យជាច្រើនគ្រឿងផ្សេងទៀតក៏មានវត្តមាននៅកន្លែងកើតហេតុផងដែរដើម្បីជួយដល់សកម្មភាពអន្លត់ភ្លើង។
សូមបញ្ជាក់ថា SS Jeremiah O’Brien គឺជានាវាចម្បាំងមួយគ្រៀងដែលត្រូវបានកងទ័ពជើងទឹកសហរដ្ឋអាមេរិកផលិតឡើងកាលពីសង្គ្រាមលោកលើកទី2 ដែលឈ្មោះរបស់វាត្រូវបានដាក់ទៅតាមឈ្មោះរបស់មេបញ្ជាការនាវានេះ គឺលោក Jeremiah O’Brien។ នេះគឺជានាវាមួយក្នុងចំណោមនាវាដ៏តិចតួចដែលនៅសល់របស់ក្រុមនាវាទាំង6,939គ្រឿងដែលបានចូលរួមក្នុងការធ្វើសង្គ្រាមនៅ Normandy ប្រទេសបារាំងកាលពីឆ្នាំ1944 ក្នុងការបើកយុទ្ធនាការទ្រង់ទ្រាយធំ ប្រឆាំងនឹងណាស៊ីរបស់អាល្លឺម៉ង់នៅក្នុងសមរភូមិអឹរ៉ុបខាងលិច៕
ប្រភព៖ សារព័ត៌មានបរទេស