នាយកធនាគារ និងអ្នកដំណើរម្នាក់ទៀតបានរួចផុតពីការស្លាប់ដ៏អស្ចារ្យ នៅក្នុងករណីធ្លាក់យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ប៉ាគីស្ថាន។
លោក Zafar Masood ដែលជាគនាយកធនាគារខេត្ត Punjab នៅប្រទេសប៉ាគីស្ថាន ត្រូវបានរំដោះខ្លួនចេញពីកន្លែងកើតហេតុភ្លាមៗ និងបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ បន្ទាប់ពីយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន PIA (Pakistan International Airlines) បានធ្លាក់ទៅលើទីក្រុងការ៉ាជី (Karachi)កាលពីម្សិលមិញ។
“សូមអរគុណច្រើនដល់អ្នករាល់គ្នា។ ទេវតាមានមេត្តាចំពោះខ្ញុំ” Zafar Masood ថ្លែងបែបនេះចំពោះក្រុមមន្ត្រីដែលបានមកសួរសុខទុក្ខគាត់នៅក្នុងមន្ទីរពេទ្យ។
យន្តហោះមានស្លាកលេខ PK 8303 ដែលបានហោះចេញពី Lahore ឆ្ពោះទៅកាន់ព្រលានយន្តហោះ Jinnah ក្នុងទីក្រុង ការ៉ាជី និងមានដឹកអ្នកដំណើរជិត100នាក់ បានធ្លាក់ទៅលើទីប្រជុំជនក្បែរអាកាសយានដ្ឋាន។ ភាគីក្រុមហ៊ុន PIA សង្ស័យថា គ្រោះថ្នាក់នេះបណ្ដាលមកពីកំហុសបច្ចេកទេស។
ក្រុមមន្ត្រីរដ្ឋាភិបាលប៉ាគីស្ថានបានឱ្យដឹងថា មនុស្ស2នាក់នៅមានជីវិតក្នុងហេតុការណ៍ធ្លាក់យន្តហោះនេះ ខណៈដែលទូរទស្សន៍ក្នុងស្រុកផ្សាយថា មានមនុស្ស3នាក់បានរួចផុតពីការស្លាប់ ដោយពួកគេសុទ្ធតែអង្គុយនៅផ្នែកខាងមុខរបស់យន្តហោះ៕