ក្រុមអ្នកវិទ្យាសាស្ត្រទើបតែបានរកឃើញកាឡាក់ស៊ីដែលមានរូបរាងដូចថាសមួយ និងមានចម្ងាយពីផែនដីប្រមាណជា12.5ពាន់លានឆ្នាំពន្លឺ ដែលនេះជិតស្មើនឹងសម័យដំបូងនៃការកកើតចក្រវាល។
នៅក្នុងលម្ហអវកាសដែលមានអាយុកាល13.8ពាន់លានឆ្នាំពន្លឺ កាឡាក់ស៊ីស្ទើរតែទាំងអស់បានកកើតឡើងបន្តិចម្ដងៗក្នុងរយៈពេលរាប់ពាន់លានឆ្នាំ និងបានពង្រីកមាឌរហូតដូចបច្ចុប្បន្ន គឺវាហាក់បានហួសពេលបន្តិចហើយ។ ឧទាហរណ៍ដូចជា កាឡាក់ស៊ី Milky Way របស់មនុស្ស វាបានឆ្លងកាត់ព្រឹត្តិការណ៍ “ច្របាច់បញ្ចូលគ្នា” ជាច្រើនលើកមកហើយក្នុងរយៈពេល6ពាន់លានឆ្នាំដំបូងរាប់ចាប់ពីការផ្ទុះ Big Bang (Big Bang គឺជាព្រឹត្តិការណ៍ផ្ទុះដ៏មហិមាក្នុងលម្ហអវកាស ដែលជាយុគសម័យដំបូងបំផុតនៃការចាប់កំណើតរបស់ចក្រវាល)។
ក៏ប៉ុន្តែ របកគំហើញថ្មីមួយត្រូវបានធ្វើឡើងនៅឯ Atacama Large Millimiter Array (ALMA) ដែលជាស្ថានីយសង្កេតតារាដោយរលកវិទ្យុធំបំផុតក្នុងពិភពលោក ក្នុងប្រទេសឈីលី បានធ្វើឱ្យរបកគំហើញកាលពីអតីតកាលស្ដីអំពីការចាប់់កំណើតរបស់កាឡាក់ស៊ី ហាក់ងាកចេញពីភាពជាក់ស្ដែងបន្តិច។ នៅក្នុងរបាយការណ៍ដែលត្រូវបានចុះផ្សាយនៅលើទស្សនាវដ្ដី Nature កាលពីថ្ងៃទី20ឧសភាកន្លងទៅ ក្រុមអ្នកវិទ្យាសាស្ត្របានឱ្យដឹងថា ពួកគេបានរកឃើញកាឡាក់ស៊ីមួយដែលមានរូបរាងដូចថាស និងត្រូវបានដាក់ឈ្មោះឱ្យថា DLA0817g ឬ Wolfe Disk ដែលវាបានចាប់កំណើតតាំងពីដំណាក់កាលដំបូងនៃការចាប់កំណើតរបស់ចក្រវាល។
“ដោយមាន ALMA ពេលនេះយើងរកឃើញភ័ស្ដុតាងយ៉ាងច្បាស់ដែលបង្ហាញថា កាឡាក់ស៊ី DLA0817g មានវត្តមានតាំងពី 1.5ពាន់លានឆ្នាំមុន បន្ទាប់ពីការផ្ទុះ Big Bang” នេះបើតាម Marcel Neeleman ដែលជាប្រធានក្រុមអ្នកវិទ្យាសាស្ត្រនៃវិទ្យាស្ថានតារាសាស្ត្រ Max Planck នៅក្នុងតំបន់ Heidelberg ប្រទេសអាល្លឺម៉ង់។ នេះគឺជាកាឡាក់ស៊ីរូបថាសមានវ័យចំណាស់បំផុតដែលមិនធ្លាប់បានរកឃើញពីមុនមក។
កាឡាក់ស៊ី DLA0817g មានចម្ងាយ12.5ពាន់លានឆ្នាំពន្លឺពីភពផែនដី និងមានទម្ងន់ ឬម៉ាស់ធ្ងន់ជាងព្រះអាទិត្យចំនួន72ពាន់លានដង។ ការសិក្សាស្រាវជ្រាវបានបញ្ជាក់ថា កាឡាក់ស៊ីនេះកំពុងតែវិលក្នុងល្បឿន272គីឡូម៉ែត្រក្នុង1វិនាទី ពោលគឺប្រហាក់ប្រហែលនឹងល្បឿនរបស់កាឡាក់ស៊ី Milky Way របស់យើង។
លោក Neeleman ថ្លែងថា “ស្ទើរតែទាំងអស់នៃកាឡាក់ស៊ីវ័យចំណាស់ដែលយើងបានរកឃើញកន្លងមក សុទ្ធតែកកើតឡើងបន្ទាប់ពីការ “ច្របាច់បញ្ចូលគ្នា” ដ៏ខ្លាំងក្លារវាងបណ្ដាកាឡាក់ស៊ីតូចៗ និងពពកឧស្ម័នយក្សនានា។ នោះគឺជាក្រុមដ៏ច្របូកច្របល់។ រូបមន្តនេះមិនអាចបង្កើតបានជា “ថាសវិលត្រជាក់” និងមានរបៀបរៀបរយដូចអ្វីដែលយើងបានឃើញនៅក្នុងកាឡាក់ស៊ី DLA0817g នោះទេ”។
យោងទៅតាមការវិភាគនៅលើកុំព្យូទ័រ ក្រុមអ្នកវិទ្យាសាស្ត្រយល់ថា ប្រព័ន្ធវត្ថុធាតុងងឹតដ៏មហិមាក្នុងអវកាស នាសម័យកកើតដំបូង អាចជាអ្នកបង្កើតឱ្យមានកាឡាក់ស៊ីត្រជាក់នានា។
“យើងគិតថា Wolfe Disk មានការវិវឌ្ឍន៍តាមរយៈការប្រមូលផ្ដុំនៃឧស្ម័នត្រជាក់ដែលកើតមានឡើងពីបណ្ដាញវត្ថុធាតុងងឹត។ ប៉ុន្តែ សំណួរសួរថា តើធ្វើបែបណាទើបផ្ទាំងឧស្ម័នដ៏មហិមាដូច្នេះអាចកើតឡើងបាន ខណៈដែលវានៅតែអាចរក្សាថាសយក្សឱ្យវិលក្នុងល្បឿនប្រកបដោយស្ថិរភាពបែបនេះ?”។
Neeleman និងក្រុមការងារបានរកឃើញកាឡាក់ស៊ី DLA0817g នេះ នៅពេលពួកគេពិនិត្យទៅលើពន្លឺនានានៃវត្ថុអវកាសដែលនៅសែនឆ្ងាយ និងភ្លឺខ្លាំង (quasar)។ ពន្លឺពី quasar ត្រូវបានស្រូបយកនៅពេលវាធ្វើដំណើរឆ្លងកាត់ “ផ្ទាំងឧស្ម័នអ៊ីដ្រូសែនយក្ស” ដែលព័ន្ធជុំវិញកាឡាក់ស៊ី។ នោះគឺជាវិធីប្រយោលដែលជួយឱ្យអ្នកវិទ្យាសាស្ត្ររកឃើញកាឡាក់ស៊ីដែលនៅសែនឆ្ងាយពីភពផែនដី៕
ប្រភព៖ សារព័ត៌មានបរទេស