ប្រធានាធិបតីអាមេរិកាំង លោក Donald Trump បានប្រកាសថា សហរដ្ឋអាមេរិកនឹងចាកចេញពីសន្ធិសញ្ញា Open Skies Treaty (បើកចំហជើងមេឃ) ដែលត្រូវបានចុះហត្ថលេខាដោយប្រទេសចំនួន34 ដោយមូលហេតុថា រុស្ស៊ីបានរំលោភជាច្រើនដងលើសន្ធិសញ្ញានេះ។
មន្ត្រីនៅសេតវិមានបានឱ្យដឹងថា ដំណើរការនៃការចាកចេញពីសន្ធិសញ្ញានេះនឹងត្រូវបានធ្វើឡើងរួចរាល់ក្នុងរយៈពេល6ខែទៅមុខទៀត ប៉ុន្តែ ប្រធានាធិបតីអាមេរិកាំងនៅតែទុកផ្លូវសម្រាប់ការវិលត្រឡប់មកវិញ។ លោក Donald Trump បានប្រាប់អ្នកយកព័ត៌មានកាលពីម្សិលមិញ (21ឧសភា) ថា “ខ្ញុំយល់ថា យើងមានទំនាក់ទំនងល្អជាមួយរុស្ស៊ី ក៏ប៉ុន្តែពួកគេមិនគោរពតាមកិច្ចព្រមព្រៀងនេះទេ។ យើងនឹងដកខ្លួនចេញពីសន្ធិសញ្ញា រហូតដល់ពួកគេគោរពអនុវត្តតាមវា (សន្ធិសញ្ញា)”។
សន្ធិសញ្ញា “បើកចំហជើងមេឃ” (Open Skies Treaty) ត្រូវបានចុះហត្ថលេខាដោយសហរដ្ឋអាមេរិក រុស្ស៊ី និងបណ្ដាប្រទេសមួយចំនួននៅអឺរ៉ុបកាលពីឆ្នាំ1992 និងមានសុពលភាពចាប់ពីឆ្នាំ2002។ សន្ធិសញ្ញានេះ ត្រូវបានបង្កើតឡើងដើម្បីធ្វើឱ្យមានតម្លាភាពអំពីសកម្មភាពយោធារបស់បណ្ដាប្រទេស។ យោងតាមកិច្ចព្រមព្រៀងនេះ ប្រទេសចំនួន35ដែលជាហត្ថាលេខី អាចធ្វើការឈ្លបយកការណ៍នៅលើដែនអាកាសរវាងគ្នានឹងគ្នា ប៉ុន្តែត្រូវរាយការណ៍ប្រាប់ប្រទេសជាម្ចាស់ផ្ទះឱ្យបាន72ម៉ោង មុននឹងធ្វើសកម្មភាព ដើម្បីឱ្យប្រទេសជាម្ចាស់ផ្ទះមានពេលប្រតិកម្មឆ្លើយតប។
ការចាកចេញពីសន្ធិសញ្ញាខាងលើនេះ ត្រូវបានលើកឡើងបន្ទាប់ពីការវាយតម្លៃរយៈពេល6ខែ ក្នុងនោះរដ្ឋាភិបាលរបស់លោក Trump បានចោទភាគីរុស្ស៊ីថា បានរំលោភកិច្ចព្រមព្រៀងជាបន្តបន្ទាប់ ដូចជាការរារាំងយន្តហោះរបស់សហរដ្ឋអាមេរិកមិនឱ្យចូលក្នុងដែនអាកាស Gruzia និងដែនដី Kaliningrad របស់សហព័ន្ធរុស្ស៊ីជាដើម។ ទីក្រុងវ៉ាស៊ីងតោនក៏បានចោទទីក្រុងម៉ូស្គូថា បានប្រើប្រាស់សន្ធិសញ្ញានេះដើម្បីកំណត់ទីតាំង និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅសហរដ្ឋអាមេរិក និងនៅអឺរ៉ុប ក្នុងបំណងបង្កើតសេនារីយោសម្រាប់ការវាយប្រហារ នៅពេលសង្គ្រាមផ្ទុះឡើង។
ក៏ប៉ុន្តែ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko បានអះអាងថា សហព័ន្ធរុស្ស៊ីមិនបានរំលោភលើកកិច្ចព្រមព្រៀងខាងលើនេះទេ ហើយថា “គ្មានអ្វីរារាំងការចរចាលើបញ្ហាបច្ចេកទេសនានាដែលភាគីអាមេរិកាំងបានហៅថា ជាសកម្មភាពរំលោភលើសន្ធិសញ្ញានេះនោះដែរ”។
មន្ត្រីការបរទេសមួយរូបនៅអឺរ៉ុបបានឱ្យសារព័ត៌មាន AFP ដឹងថា ឯកអគ្គរដ្ឋទូតទាំងអស់របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង NATO (North Atlantic Treaty Organization) នឹងបើកកិច្ចប្រជុំបន្ទាន់មួយនាថ្ងៃទី22ឧសភានេះ បន្ទាប់ពីការប្រកាសរបស់លោក Trump។ កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងក្នុងទីក្រុង Brussels ប្រទេសបែលហ្សិក ដើម្បីវាយតម្លៃអំពីផលវិបាកដែលអាចកើតឡើងដោយសារការចាកចេញពី “សន្ធិសញ្ញាបើកចំហជើងមេឃ” របស់សហរដ្ឋអាមេរិក៕
ប្រភព៖ សារព័ត៌មានបរទេស