សហរដ្ឋអាមេរិកកំពុងរៀបគម្រោងបាញ់បង្ហោះផ្កាយរណបរាប់រយគ្រឿងឡើងទៅកាន់គម្លងគោចរផែនដីក្នុងរយៈពេល5ឆ្នាំទៀត ដើម្បីតាមដានអាវុធមហាលឿន និងឧបករណ៍បច្ចេកវិទ្យាទំនើបរបស់ប្រទេសរុស្ស៊ី និងប្រទេសចិន។
សារព័ត៌មាន SCMP (South China Morning Post) ដកស្រង់ឯកសារមួយរបស់អង្គភាពអភិវឌ្ឍអវកាសអាមេរិកាំង SDA (Space Development Agency) ឱ្យដឹងថា សហរដ្ឋអាមេរិកមានគម្រោងបាញ់បង្ហោះផ្កាយរណបចំនួន150គ្រឿងឡើងទៅកាន់គន្លងគោចររបស់ផែនដី គិតត្រឹមឆ្នាំ2024។ “ភ្នែកទេព” ទាំងនេះ នឹងមានសមត្ថភាពក្នុងការតាមដានអាវុធមហាលឿន(hyper-sonic weapons)ដែលត្រូវបានបាញ់ចេញពីគ្រប់ទីកន្លែងក្នុងពិភពលោក។ ក្រុមអ្នកតាមដានសភាពការណ៍ពិភពលោកយល់ថា អាមេរិកាំងធ្វើបែបនេះគឺដើម្បីជួយឱ្យមន្ទីរបញ្ចកោណអាចគ្រប់គ្រងឧបករណ៍ទាំងឡាយដែលពួកគេបានបាញ់បង្ហោះទៅក្នុងទីអវកាស និងដើម្បីតាមដានសកម្មភាពរបស់ប្រទេសចិន និងរុស្ស៊ី ដែលជាគូប្រជែងសំខាន់បំផុតរបស់ខ្លួន។
SCMP ឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងស្វែងរកអ្នកវិនិយោគដើម្បីរចនា និងផលិតផ្កាយរណបដែលមានបំពាក់ឧបករណ៍ចាប់ពន្លឺអ៊ីនហ្វ្រារ៉េដដើម្បីអាចតាមដានអាវុធដែលមានល្បឿនមហាលឿន។ ផ្កាយរណបទាំងនេះនឹងស្ថិតក្នុងក្រុមឧបករណ៍ដំបូងទាំង20ដែលនឹងត្រៀមខ្លួនជាស្រេចក្នុងការបំពេញបេសកកម្មចាប់ពីឆ្នាំ2022 ដែលវានឹងបើកផ្លូវឱ្យមានការបាញ់បង្ហោះផ្កាយរណបរាប់រយគ្រឿងទៅក្នុងគន្លងគោចររយៈកម្ពស់ទាបរបស់ផែនដីនាពេលខាងមុខ។
He Qisong អ្នកជំនាញផ្នែកសន្តិសុខអវកាសមកពីសាកលវិទ្យាល័យច្បាបនិងវិទ្យាសាស្ត្រនយោបាយសៀងហៃបានឱ្យដឹងថា គម្រោងរបស់អាមេរិកាំងខាងលើនេះ អាចជួយឱ្យពួកគេតាមដានអាវុធដែលប្រទេសរុស្ស៊ី និងចិនបានអភិវឌ្ឍ។
He Qisong អះអាងថា “ប្រព័ន្ធផ្កាយរណប150គ្រឿងនេះគឺជាផ្នែកមួយនៃគម្រោងបាញ់បង្ហោះផ្កាយរណបជាង42,000គ្រឿងទៅក្នុងទីអវកាសរបស់អាមេរិកាំងដើម្បីតាមដានរាល់សកម្មភាព តាំងពីកាំជ្រួចប្លោងល្បឿនមហាលឿន រ៉ុកកែតប្រឆាំងផ្កាយរណប រួមនឹងបច្ចេកវិទ្យាទំនើបផ្សេងទៀតរបស់ប្រទេសរុស្ស៊ី និងប្រទេសចិន”។
អ្នកជំនាញខាងលើបានបន្តថា SDA អាចនឹងសហការជាមួយក្រុមហ៊ុនអវកាស SpaceX របស់មហាសេដ្ឋី Elon Musk (នៅសហរដ្ឋអាមេរិក) ក្នុងការដាក់ពង្រាយប្រព័ន្ធផ្កាយរណបដ៏ច្រើននេះ។
ថ្មីៗនេះ ប្រធានាធិបតីអាមេរិកាំង លោក Donald Trump បានបង្ហើបឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងអភិវឌ្ឍកាំជ្រួចប្លោង “មហាអស្ចារ្យ” ដែលមានល្បឿនលឿនជាង17ដងបើធៀបជាមួយនឹងល្បឿនរបស់កាំជ្រួចប្លោងល្បឿនលឿនបំផុតរបស់អាមេរិកាំងនាបច្ចុប្បន្ន៕
ប្រភព៖ SCMP