រូបភាពទាំងនេះបង្ហាញអំពីភពចំនួន2ដែលមានម៉ាស់(ទម្ងន់នៅក្នុងទីអវកាស) ធ្ងន់ជាងភពព្រហស្បតិ៍ច្រើនដង និងស្ថិតនៅក្នុងប្រព័ន្ធផ្កាយ PDS 70។
ក្រុមអ្នកវិទ្យសាស្ត្រនៅវិទ្យាស្ថានបច្ចេកវិទ្យា California ថតបានរូបភាពនៃភពចំនួន2ដែលកំពុង “ចាប់កំណើត” នៅក្នុងប្រព័ន្ធផ្កាយ PDS 70 ដែលមានចម្ងាយពីផែនដីប្រមាណជា370ឆ្នាំពន្លឺ។
ភព PDS 70b មានម៉ាស់ធ្ងន់ជាងភពព្រហស្បតិ៍ប្រមាណពី4ទៅ17ដង ខណៈដែលភព PDS 70c មានម៉ាស់ធ្ងន់ជាងប្រមាណពី1ទៅ10ដង បើធៀបនឹងភពព្រហស្បតិ៍ក្នុងប្រព័ន្ធព្រះអាទិត្យរបស់មនុស្សលោក។
PDS 70 គឺជាប្រព័ន្ធផ្កាយដែលមានភពច្រើនដំបូងគេបង្អស់ដែលក្រុមអ្នកវិទ្យាសាស្ត្រសង្កេតឃើញភពរបស់វាកំពុងស្ថិតក្នុងដំណាក់កាលនៃការកកើត។
មុននោះ ក្រុមអ្នកវិទ្យាសាស្ត្រក៏ធ្លាប់បានថតយករូបភាពភព PDS 70b និង PDS 70c ខាងលើនេះ ប៉ុន្តែរូបភាពមិនបានច្បាស់ល្អដូចពេលនេះ។
ឧស្ម័ន និងធីលីអវកាសព័ទ្ធជុំវិញភពទាំង2 បង្កើតបានជាថាសអវកាសដ៏មហិមាដែលបិទបាំងភពទាំង2 ធ្វើឱ្យក្រុមតារាវិទូមានការលំបាកក្នុងការសង្កេត។
រូបភាព និងលទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ ត្រូវបានចុះផ្សាយនៅលើទំព័រទស្សនាវដ្ដី Astronomical Journal។ រូបភាពថ្មី និងច្បាស់ទាំងនេះ ត្រូវបានថតជាប់ដោយស្ថានីយសង្កេតអវកាស W.M.Keck នៅលើកោះ Hawaii សហរដ្ឋអាមេរិក៕
ប្រភព៖ សារព័ត៌មានបរទេស