យន្តហោះចម្បាំងបំបាំងកាយ F-35A ដែលទើបតែបានជួបឧបទ្ទវហេតុនៅពេលកំពុងហ្វឹកហាត់នៅក្នុងរដ្ឋ Florida បានក្លាយជាជាយន្តហោះចម្បាំងបំបាំងកាយទីពីររបស់សហរដ្ឋអាមេរិកដែលបានធ្លាក់ ក្នុងអំឡុងពេលមិនដល់មួយសប្ដាហ៍កន្លងទៅនេះ។
“F-35A ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមយន្តហោះចម្បាំងលេខ58 បានធ្លាក់នៅពេលកំពុងចុះចតនាវេលាម៉ោង21និង30នាទី ក្នុងថ្ងៃទី19ឧសភា។ អ្នកបើកបរយន្តហោះបានចុចគន្លឹះបាញ់កៅអីចេញពីយន្តហោះទាន់ពេលដោយសុវត្ថិភាព និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យ និងព្យាបាលរបួស។ គ្រោះថ្នាក់ធ្លាក់យន្តហោះនេះបានកើតឡើងនៅពេលយន្តហោះនេះកំពុងចូលរួមក្នុងការហ្វឹកហាត់នៅពេលយប់។ ប៉ុន្តែ ហេតុការណ៍នេះមិនបានធ្វើឱ្យមានអ្នកស្លាប់ ឬរបួស និងខូចខាតទ្រព្យសម្បត្តិនៅលើដីនោះទេ” នេះបើតាមសម្ដីមេបញ្ជាការនៃជំរំទ័ពអាកាស Eglin ក្នុងរដ្ឋ Florida នៃសហរដ្ឋអាមេរិក ដែលបានប្រកាសឱ្យដឹងក្នុងថ្ងៃទី20ឧសភានេះ។
នេះគឺជាយន្តហោះចម្បាំងបំបាំងកាយទីពីររបស់កងកម្លាំងនៅមូលដ្ឋានទ័ព Eglin ដែលបានជួបគ្រោះថ្នាក់ក្នុងអំឡុងពេលត្រឹមតែ5ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយន្តហោះ F-22 មួយគ្រឿងបានធ្លាក់នៅពេលកំពុងហ្វឹកហាត់កាលពីថ្ងៃទី15ឧសភាកន្លងទៅ៕
ប្រភព៖ សារព័ត៌មានបរទេស