សម្ព័ន្ធភាពរវាង “មហានាគ” និង “មហាឥន្ទ្រី” កំពុងត្រូវធ្វើឱ្យញ័ររញ្ជួយជាថ្មីម្ដងទៀត បន្ទាប់ពី “សង្គ្រាមពាណិជ្ជកម្ម” ដែលទាំង 2នាក់ធ្លាប់បើកឆាកប្ដូរកណ្ដាប់ដៃគ្នាម្នាក់ 1ដៃកាលពីពេលមុនរួចមកហើយ និងកំពុងស្ថិតក្នុងអំឡុងពេលសម្រាកឱ្យទឹកនោះ ក៏ស្រាប់តែមានកម្លាំងជំរុញជាថ្មីម្ដងទៀត ពីអ្វីដែល “មនុស្សមិនអាចមើលឃើញបានដោយភ្នែកទទេ” តែបានសម្លាប់ជីវិតមនុស្សរួចទៅហើយអស់រាប់សែននាក់ និងថែមទាំងធ្វើឱ្យមនុស្សជាច្រើនត្រូវរងទុក្ខវេទនា ដោយសារតែត្រូវអស់ការងារធ្វើ ជាច្រើនលាននាក់ទៀត ទូទាំងពិភពលោក។
1.Chinese Virus!!
2.ឧប្បត្តិហេតុក្នុងបន្ទប់ពិសោធន៍ទីក្រុងវូហាន ធ្វើឱ្យកូវីដ-19 ដែលឆ្លងកាត់ការបង្កាត់ពូជរួចហើយ របូតធ្លាយចេញមក!!
3.ដោយសារតែរដ្ឋបាលចិន បិទបាំងព័ត៌មាន ធ្វើឱ្យកូវីដ-19 រាលដាលឆាបឆេះពេញសហរដ្ឋអាមេរិក!!
4.WHO កាន់ជើងរដ្ឋបាលចិន ជាហេតុបណ្ដាលឱ្យការធ្វើការងារកើតការខុសឆ្គង រហូតធ្វើឱ្យសហរដ្ឋអាមេរិករងផលប៉ះពាល់!!
5.វីរុសកូវីដ-19 កើតឡើងនៅក្នុងប្រទេសចិន ដូច្នេះ ចិនត្រូវតែទទួលខុសត្រូវ និងចេញថ្លៃខូចខាតឱ្យពលរដ្ឋអាមេរិកាំងដែលរងផលប៉ះពាល់!!
នេះគ្រាន់តែជា “ការបើកឆាក” ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោក ម៉ៃក៍ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសអាមេរិក គាស់ឡើងយកមកសំពង “មហានាគ” ក្រោយពីកូវីដ-19 សម្លាប់ជីវិតពលរដ្ឋអាមេរិកាំងអស់ 91,981នាក់ និងឆ្លងមេរោគ 1,550,294នាក់(សម្រាប់ថ្ងៃទី19 ឧសភា ដោយទីភ្នាក់ងារព័ត៌មាន Worldmeter) និងអស់ការងារធ្វើ ប្រមាណជា 36.6លាននាក់(ប្រភព Financial Times កាលពីថ្ងៃទី14 ឧសភា)។
នៅពេលត្រូវសំពងមកយ៉ាងធ្ងន់ៗបែបនេះ តើមានដែរឬ ដែល “មហានាគនៃអាស៊ី” នៅធ្វើព្រងើយបាននោះ? ដូច្នេះបាតុភូត China strikes back ក៏ចាប់កំណើតឡើង!!
“អ្នកអាចកុហកមនុស្សគ្រប់គ្នាបាននៅពេលខ្លះ និងអាចកុហកអ្នកខ្លះបាន
នៅគ្រប់ពេល តែអ្នកមិនអាចកុហកមនុស្សគ្រប់គ្នាបានគ្រប់ពេលនោះទេ”
សម្ដីមាស របស់លោកប្រធានាធិបតី “អាប្រាហាម លិនខន់” អ្នករំដោះប្រទេសសហរដ្ឋអាមេរិកចេញពីការ “ជិះជាន់ខាងវណ្ណៈ” ត្រូវបានព្រលែងចេញមកពីមាត់របស់លោក “ចាវ លី ចៀន” អ្នកនាំពាក្យក្រសួងការបរទេសរបស់ចិន។ បន្ទាប់ពីនោះ ក៏បន្តទៀតដោយ “មុខកាំបិត លាបទឹកឃ្មុំ” វះចាក់ដោតបន្ថែម ដោយការហៅអ្វីគ្រប់យ៉ាងដែលរដ្ឋបាលសហរដ្ឋអាមេរិកលាបពណ៌នោះថា ជា “ភាពកុហកបោកប្រាស់ 24ចំណុច”។
តើអ្វីដែលធ្វើឱ្យសម្ព័ន្ធភាពរវាងរដ្ឋាភិបាលទាំង 2ប្រទេស ដើរមកដល់ “ចំណុចទាស់ទែង” រហូតដល់ថ្នាក់បើកសង្គ្រាមជះពាក្យសម្ដីដាក់គ្នា និងពាក្យសម្ដីដែលថានេះ កំពុងតែនាំឆ្ពោះទៅកាន់បញ្ហាទំនាស់រវាងជនជាតិ ដែលអាចនឹងធ្លាក់បន្តពី “1ជំនាន់ ទៅ1ជំនាន់” នៅទីបំផុត…
តើការបើកឆាកសង្គ្រាម “ថ្ងៃប្រកួតពាក្យសម្ដី” នេះ វាកើតឡើងនៅពេលណា?
ក្នុងអំឡុងពេលដំបូងៗ រដ្ឋបាលចិន ត្រូវរងការរិះគន់យ៉ាងធ្ងន់ធ្ងរទាំងខាងក្នុង និងខាងក្រៅ ក្នុងរឿងការចាត់ការកែបញ្ហាការឆ្លងរាលដាលនៃមេរោគកូវីដ-19 ហើយវាចាប់ផ្ដើមធ្ងន់ធ្ងរឡើងៗ នៅពេលដែលសហរដ្ឋអាមេរិកបានចូលមកប្រឡូកជាមួយដែរ តែយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលនោះ រដ្ឋបាលប៉េកាំង នៅតែព្យាយាម “ខាំមាត់អត់ធ្មត់” មិនសូវចេញមកបង្ហាញឥរិយាបថឆ្លើយតបការចោទប្រកាន់ទាំងនោះប៉ុន្មានឡើយ។
តែទីបំផុត នៅពេលចូលដល់ខែមីនា ស្ថានការណ៍នៅក្នុងប្រទេសចិន “ចាប់ល្អប្រសើរឡើង” តែ “វីរុស” មហាកំណាចនោះ បែរជាឆ្លងរាលដាល និងរាតត្បាតចេញទៅទូទាំងពិភពលោក ជាពិសេសសហរដ្ឋអាមេរិក និងប្រទេសក្នុងទ្វីបអឺរ៉ុប បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរខ្លាំងក្លាបំផុត។ ពេលនោះហើយ “មហានាគ” ក៏ចាប់ផ្ដើមវែកវាំងននសន្សឹមៗ ចេញមកឆ្លើយតប “មហាឥន្ទ្រី” ប្រភពកំណើតនៃពហុ “ការចោទប្រកាន់” និង “មហាព័ត៌មានចចាមអារ៉ាម” ទាំងឡាយ។
ដោយអ្នកនាំពាក្យក្រសួងការបរទេសរបស់ចិន “ដណ្ដើមវាយលុកមុន” ដោយការព្រលែងសារក្នុងធ្វីតធើរ “បង្កើតទ្រឹស្ដីសមគំនិត” ឡើងមកថ្មីមួយថា វីរុសកូវីដ-19 ការពិតទៅ ប្រហែលជា “អាវុធជីវសាស្ត្រ” ដែលត្រូវបានផលិតឡើងដោយ “កងទ័ពអាមេរិក” ច្រើនជាង ដោយការនាំយក “ឃ្លីប” ពាក្យសម្ដីផ្ដល់ដំណឹង នៅក្នុងសភាកុងហ្ក្រេសរបស់លោក “រ៉ូប៊ើត រេដហ្វ៉ដ” អគ្គនាយកមជ្ឈមណ្ឌលការគ្រប់គ្រងរោគ និងការការពាររបស់សហរដ្ឋអាមេរិក ឬ CDC ដែលបានបញ្ជាក់ថា រកឃើញថា មានអ្នកស្លាប់មួយចំនួននៅក្នុងសហរដ្ឋអាមេរិក បណ្ដាលមកពីការឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី(ដែលក្រោយមកគឺ កូវីដ-19) មកប្រើប្រកបជាមួយការអះអាង រហូតធ្វើឱ្យសារនៅក្នុងធ្វីតធើរនោះ ត្រូវបានចែកចាយបន្តជាង 300,000ដង។
តែភ្លាមៗនោះ លោកមហាមេដឹកនាំ ដូណាល់ ត្រាំ ក៏ចេញមកឆ្លើយតបវិញដោយការ “អារ-ក បែបទន់ភ្លន់” អំពីទ្រឹស្ដីសមគំនិតនេះ ដោយការហៅ “មេរោគកំណាច” នេះ ស្ទើរតែគ្រប់ពេលក្នុងការធ្វើសម្ភាសថា “Chinese Virus” ភ្លាមៗតែម្ដង!! ដោយមានគោលបំណង ដើម្បីបញ្ជាក់ប្រាប់ពលរដ្ឋអាមេរិកាំង មនុស្សលើពិភពលោកថា ដើមកំណើតរបស់ “វា” គឺនៅក្នុងប្រទេសចិន!!។
សូមរង់ចាំអាននៅថ្ងៃស្អែក
ប្រភព៖ សារព័ត៌មានបរទេស
ប្រែសម្រួលដោយ តាវ៉ែនតា