ទីភ្នាក់ងារអវកាសអាមេរិកាំង NASA បានប្រកាសឱ្យដឹងថា អាចម៍ផ្កាយដ៏ធំមួយដែលមានឈ្មោះថា 1997 BQ នឹងហោះកាត់ទទឹងក្បែរផែនដីរបស់យើងនាយប់ថ្ងៃទី21ឧសភាខាងមុខ។
ជាមួយនឹងល្បឿន11.2គីឡូម៉ែត្រក្នុង1វិនាទី អាចម៍ផ្កាយ1997 BQ ដែលមានប្រវែងវែងជាងអគារ Empire State (កម្ពស់443ម៉ែត្រ) នៅសហរដ្ឋអាមេរិកដល់ទៅជាង3ដងនេះ នឹងហោះកាត់ក្បែរផែនដីក្នុងរយៈចម្ងាយមិនគួរឱ្យព្រួយបារម្ភនោះទេ។ ប៉ុន្តែ ដោយសារ 1997 BQ មានទំហំធំ វាក៏ត្រូវបាន NASA ចាត់ចូលក្នុងក្រុម “ដែលអាចបង្កគ្រោះថ្នាក់” និងត្រូវបានតាមដានជាប្រចាំ។ 1997 BQ នឹងហោះមកក្បែរផែនដីក្នុងរយៈចម្ងាយ6.1លានគីឡូម៉ែត្រ ដែលឆ្ងាយជាងរយៈចម្ងាយពីផែនដីទៅព្រះចន្ទចំនួន16ដង។ NEO ដែលជាស្ថានីយតាមដានវត្ថុអវកាសដែលហោះក្បែរផែនដីរបស់អង្គការ NASA បានឱ្យដឹងថា អាចម៍ផ្កាយ 1997 BQ នេះ នឹងហោះមកជិតផែនដីបំផុតនៅវេលាម៉ោង3និង45នាទី នៃថ្ងៃទី22ឧសភា(ម៉ោងនៅកម្ពុជា) ខាងមុខ។
បច្ចុប្បន្ន ក្រុមតារាវិទូកំពុងតែតាមដានវត្ថុអវកាសចំនួនជិត2,000 ដែលអាចបង្កគ្រោះថ្នាក់ដល់ផែនដី ក្នុងនោះមានអាចម៍ផ្កាយ ផ្កាយដុះកន្ទុយ និងដុំថ្មអវកាសផ្សេងៗ។ អ្នកវិទ្យាសាស្ត្របានឱ្យដឹងថា រាប់ចាប់តាំងពីអាចម៍ផ្កាយដែលបានធ្វើឱ្យដាយណូស័រដាច់ពូជកាលពី66លានឆ្នាំមុន ផែនដីរបស់យើងមិនទាន់ជួបគ្រោះមហន្តរាយប្រហាក់ប្រហែលគ្នានេះនៅឡើយ។ ក៏ប៉ុន្តែ អាចម៍ផ្កាយតូចៗនៅតែធ្លាក់មកលើផែនដីជាញឹកញាប់។
NASA បានអះអាងថា ចាប់ពីពេលនេះរហូតដល់រាប់រយឆ្នាំទៅមុខទៀត នឹងមិនមានអាចម៍ផ្កាយ ឬផ្កាយដុះកន្ទុយធំណាមួយដែលមានលទ្ធភាពហោះមកបុកផែនដីនោះទេ។ ទីភ្នាក់ងារអវកាសអាមេរិកនៅតែបន្តត្រួតពិនិត្យឡើងវិញនូវគន្លងគោចររបស់បណ្ដាវត្ថុអវកាសធំៗដែលត្រូវបានអង្គការនេះព្យាករទុកជាមុននាពេលកន្លងមក៕
ប្រភព៖សារព័ត៌មានបរទេស