យន្តហោះSpaceforce X-37B ប្រើថាមពលពន្លឺព្រះអាទិត្យ របស់កងទ័ពសហរដ្ឋអាមេរិក ត្រូវបានបាញ់ឡើងទៅលើអវកាស ចេញពីជ្រោយ ខាណាវើរ៉ាល រដ្ឋហ្វ្លរីដា កាលពីថ្ងៃទី17 ឧសភា ដើម្បីបំពេញភារកិច្ចសម្ងាត់ខាងយោធាដែលមិនបង្ហើបឱ្យដឹង។
Sky news ទីភ្នាក់ងារព័ត៌មានរបស់ប្រទេសអង់គ្លេស បានរាយការណ៍នៅថ្ងៃទី18 ឧសភាថា យន្តហោះគ្មានអ្នកបើក Spaceforce X-37B ប្រើថាមពលពន្លឺព្រះអាទិត្យរបស់កងទ័ពសហរដ្ឋអាមេរិក ទទួលបានជោគជ័យ ដោយអាចចូលទៅក្នុងស្រទាប់រង្វង់គោចរផែនដីបានសម្រេច ដែលនេះអាចនិយាយបានថា គឺជាលើកទី6 ហើយ របស់ការបង្ហោះយន្តហោះរបស់កងកម្លាំងអវកាសសហរដ្ឋអាមេរិក ដែលបានបង្ហោះឡើង និងត្រូវបាននាំផ្លូវឡើងឆ្ពោះទៅរករង្វង់គោចរផែនដីដោយកាំជ្រួច United Launch Alliance ឬ ULA Atlas5 rocket ចេញពីជ្រោយ ខាណាវើរ៉ាល រដ្ឋហ្វ្លរីដា កាលពីថ្ងៃទី17 ឧសភាម្សិលម្ង៉ៃ។
ទីភ្នាក់ងារព័ត៌មានអង់គ្លេស បានឱ្យដឹងថា Spaceforce X-37B គឺជាយន្តហោះដែលប្រើថាមពលពន្លឺព្រះអាទិត្យ និងត្រូវបានគ្រប់គ្រងពីចម្ងាយ និងគ្មានអ្នកបើកបរ ដែលភារកិច្ចវិញ គឺអាចនិយាយបានថា ជាការសម្ងាត់ខាងយោធា ដែលគេរំពឹងថា ប្រហែលជាពាក់ព័ន្ធនឹងការសាកល្បងខាងវិទ្យាសាស្ត្រជាច្រើន ហើយរយៈពេលប្រតិបត្តិការនៅក្នុងរង្វង់គោចរផែនដី ក៏មិនមានការបង្ហើបឱ្យដឹងដូចគ្នាដែរ។
គួរបញ្ជាក់ដែរថា ភារកិច្ចកាលពីពេលមុននេះ មានរយៈពេល 2ឆ្នាំ មុនពេលដែលយន្តហោះ Spaceforce ហោះវិលមកផែនដីវិញកាលពីឆ្នាំកន្លងទៅនៅឯមជ្ឈមណ្ឌលអវកាស ខេននេឌី ដោយកាលពីដំបូង X-37B មានកំណត់ត្រូវហោះឡើងទៅអវកាស នៅព្រឹកថ្ងៃសៅរ៍(ទី16ឧសភា) ប៉ុន្តែ ដោយសារតែមកពីស្ថានភាពធាតុអាកាសមិនល្អ ទើបធ្វើឱ្យត្រូវពន្យារពេល មកថ្ងៃអាទិត្យ ទី17 ជំនួសវិញ៕
ប្រភព៖ សារព័ត៌មានបរទេស