ខ្ទង់បំណុលសរុប 1.6លានលានដុល្លារដែលចិនបានខ្ចីពីសហរដ្ឋអាមេរិក ពេលនេះត្រូវបានអាមេរិកាំងចាត់ទុកជាឧបករណ៍មួយដែលអាចយកមកដាក់ទណ្ឌកម្មចិនទាក់ទិននឹងវិធានការទប់ទល់នឹង COVID-19 ក្នុងដំណាក់កាលដំបូងដ៏ធូររលុងរបស់ចិន បណ្ដាលឱ្យសេដ្ឋកិច្ចពិភពលោករងផលវិបាកធ្ងន់ធ្ងរ។
នៅពេលដែលមេរោគរាតត្បាត COVID-19 កំពុងតែវាយប្រហារពិភពលោក ក្រុមមន្ត្រីចិន និងអាមេរិកាំងក៏កំពុងតែទម្លាក់កំហុងដាក់គ្នាទាក់ទិននឹងប្រភព ក៏ដូចជាវិធានការទប់ទល់នឹងវីរុសនេះ។ រដ្ឋាភិបាលអាមេរិកាំងថ្មីៗនេះយល់ថា ខ្ទង់ប្រាក់បំណុល1.6លានលានដុល្លារ(1,600,000,000,000) ដែលចិនបានខ្ចីពីសហរដ្ឋអាមេរិកកាលពីជិត1សតវត្សមុននឹងជួយឱ្យអាមេរិកាំងមានហេតុផលកាន់តែច្រើនដើម្បីដាក់សម្ពាធទៅលើទីក្រុងប៉េកាំង។
មូលនិធិមូលបត្រអាមេរិកាំងដែលមានទីស្នាក់ការនៅ Lewisburg ក្នុងរដ្ឋ Tennessee បច្ចុប្បន្នក្ដោបក្ដាប់ឯកសារបំណុលទាំងដើមទាំងការសរុប1.6លានលានដុល្លារអាមេរិកដែលប្រទេសចិនជំពាក់នៅមុនពេលបក្សសាធារណរដ្ឋប្រជាមានិតចិនត្រូវបានបង្កើតឡើង។
មូលនិធិនេះមានបំណងឱ្យរដ្ឋសភាអាមេរិកាំងជួយជ្រោមជ្រែកពួកគេក្នុងការទាមទារប្រាក់បំណុលនេះមកវិញ។ មូលបត្របំណុលនេះត្រូវបានខ្ចីដោយសាធារណរដ្ឋចិន(សាធារណរដ្ឋចិន/Republic of China/ROC ដែលបានផ្ដួលរំលំរាជរដ្ឋាភិបាលក្នុងព្រឹត្តិការណ៍រដ្ឋប្រហារមួយ) ចាប់ពីឆ្នាំ1912 រហូតដល់រដ្ឋាភិបាលនេះក្ស័យធននៅឆ្នាំ1938។ រដ្ឋាភិបាលនៃសាធារណរដ្ឋចិនបានរត់ទៅកាន់កោះតៃវ៉ាន់ ដែលកាលណោះនៅជាទីស្នាក់ការរបស់រដ្ឋាភិបាលផ្លូវការនោះឡើយ ក្រោយពីប្រទេសចិនដីគោកត្រូវបានបក្សកុម្មុយនិស្តរបស់លោកម៉ៅសេទុងដណ្ដើមយកមកគ្រប់គ្រងទាំងស្រុង ក្រោយពីបានបញ្ចប់បដិវត្តន៍នាឆ្នាំ1949។
យោងតាមច្បាប់ ទីក្រុងប៉េកាំងចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយរបស់ប្រទេសចិន។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលដែលឡើងកាន់កាប់អំណាចបន្ទាប់ត្រូវទទួលខុសត្រូវចំពោះខ្ទង់បំណុលដែលរដ្ឋាភិបាលមុនៗបានខ្ចីពីបរទេស។
ប្រធានាធិបតី Trump គឺជាមនុស្ស “ម៉ាត់ណាម៉ាត់ហ្នឹង (កាន់ពាក្យសច្ច) ហើយគាត់ថ្លែងថានឹងអនុវត្តកិច្ចព្រមព្រៀងនេះដើម្បីឱ្យចិនទទួលខុសត្រូវ” នេះបើតាមសម្ដីរបស់លោក Jon Jonna Bianco ដែលជាប្រធានមូលនិធិមូលបត្រអាមេរិកាំង ដែលបានឆ្លើយតបទៅនឹងសារព័ត៌មាន Fox Business។
Bianco ដែលជាអ្នកកាន់កាប់ឯកសារ និងមានសិទ្ធិគ្រប់គ្រងមូលបត្របំណុលចំនួន95% ដែលបរទេសខ្ចីពីសហរដ្ឋអាមេរិក យល់ថា ការជំរុញឱ្យចិនសងបំណុលខាងលើ មិនមែនជាការដាក់ទណ្ឌកម្មនោះទេ ប៉ុន្តែវាគឺជាការទារបំណុលអន្តរជាតិតាមធម្មតាតែប៉ុណ្ណោះ។
កន្លងមកក៏ធ្លាប់មានបញ្ហាស្រដៀងគ្នានេះដែរ៖ នាយករដ្ឋមន្ត្រីអង់គ្លេស Margaret Thatcher កាលពីឆ្នាំ1987 បានតម្រូវឱ្យទីក្រុងប៉េកាំងរកប្រាក់ពីមូលបត្រនានាដែលជារបស់ប្រទេសអង់គ្លេស ឱ្យបាន 23.5លានផោន បើមិនដូច្នេះទេប្រទេសចិននឹងបាត់បង់សិទ្ធិក្នុងការរកស៊ីក្នុងទីផ្សារអង់គ្លេស។ ប្រធានាធិបតីចិនពេលនោះគឺលោក Li Xiannian។
ខាងលើនេះគឺជាសកម្មភាពបន្ថែមខ្លះៗនៅក្នុងសង្គ្រាមផ្សេងៗក្រៅពីគ្រាប់រំសេវរវាងអាមេរិកាំង និងចិន ដែលចាប់ផ្ដើមដោយសង្គ្រាមពាណិជ្ជកម្ម សង្គ្រាមហិរញ្ញវត្ថុ។ល។
ប្រភព៖ សារព័ត៌មានបរទេស