យន្តហោះមួយគ្រឿងដែលស្ថិតក្នុងក្រុមហោះហើរ Snowbirds របស់ទ័ពអាកាសនៃប្រទេសកាណាដា បានធ្លាក់នៅក្នុងពេលហោះហើរសម្ដែងដើម្បីលើកទឹកចិត្តប្រជាជនក្នុងគ្រាលំបាកដោយសារវីរុសCOVID-19 បណ្ដាលឱ្យអ្នកបើកបរយន្តហោះម្នាក់បាត់បង់ជីវិត។
កងទ័ពអាកាសរបស់ប្រទេសកាណាដា បានបង្ហោះសារប្រកាសនៅលើ Twitter កាលពីថ្ងៃទី17ឧសភាថា “យើងខ្ញុំពិតជាមានការសោកស្ដាយខ្លាំងណាស់ និងសូមជម្រាបជាដំណឹងថា សមាជិកម្នាក់នៃក្រុមហោះហើរសម្ដែង Snowbirds បានបាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់”។
វីដេអូដែលត្រូវបានបង្ហោះនៅលើ Twitter បានបង្ហាញថា យន្តហោះ CT-114 Tutor ពីរគ្រឿងរបស់ក្រុម Snowbirds នេះ បានហោះឡើងពីអាកាសយានដ្ឋាននៃទីក្រុង Kamloops ខេត្ត British Columbia ដើម្បីធ្វើការសម្ដែងក្នុងបំណងលើកទឹកចិត្តប្រជាជនក្នុងវិបត្តិសុខភាពCOVID-19។ បន្ទាប់ពីហោះចេញពីព្រលាន យន្តហោះមួយគ្រឿងស្រាប់តែហោះឡើងខ្ពស់ជាងគេក្នុងល្បឿនយ៉ាងលឿន ហើយក៏ដាំក្បាលចុះតម្រង់ទៅដី។ អ្នកបើកបរយន្តហោះម្នាក់បានចុចបង្ហោះកៅអីសង្គ្រោះបន្ទាន់មុនពេលយន្តហោះដាំក្បាលបុកទៅលើផ្ទះប្រជាជន។
Rose Miller ជាប្រជាជនម្នាក់ដែលរស់នៅក្បែរកន្លែងកើតហេតុ ឱ្យដឹងថា នាងបានទៅកាន់បង្អួចនៅពេលឮសូរសំឡេងលាន់របស់យន្តហោះ និងសំឡេងផ្ទុះខ្លាំង ហើយក៏បានឃើញយន្តហោះនោះហោះបុកទៅលើដី។ Rose Miller បន្តថា “វាហាក់ដូចជាយន្តហោះដាំក្បាលបុកទៅលើផ្លូវ ហើយក៏ផ្ទុះឡើង ដោយបំណែករបស់វាបានខ្ទាតធ្លាក់រាយប៉ាយស្ទើរគ្រប់កន្លែង។ បំណែកធំមួយបានធ្លាក់មកលើទីធ្លាខាងក្រោយផ្ទះរបស់ខ្ញុំ ហើយប៉ូលិសនិយាយថា វាជាកៅសង្គ្រោះបន្ទាន់”។
ចំណែកទ័ពអាកាសកាណាដាបានឱ្យដឹងថា ហេតុការណ៍ធ្លាក់យន្តហោះនេះបានបណ្ដាលឱ្យអ្នកបើកបរយន្តហោះម្នាក់ ដែលជាប្រធានក្រុម ឈ្មោះ Jennifer Casey បានបាត់បង់ជីវិត ខណៈដែលអ្នកបើកបរម្នាក់ទៀតរងរបួសធ្ងន់។ ប្ដីប្រពន្ធមួយគូដែលរស់នៅក្នុងភូមិកើតហេតុខាងលើ បានរួចផុតពីការស្លាប់ប្រកបដោយមហាសំណាង នៅពេលត្រូវយន្តហោះបុកចំពីលើផ្ទះ ដែលពេលនោះ ស្ត្រីជាប្រពន្ធកំពុងស្ថិតនៅក្នុងបន្ទប់ក្រោមដី ចំណែកប្ដីរបស់នាងកំពុងនៅខាងក្រោយផ្ទះ។
សមត្ថកិច្ចបានជម្លៀសប្រជាជនចេញពីផ្ទះចំនួន5ខ្នងដែលនៅក្បែរកន្លែងកើតហេតុ។ “ហេតុការណ៍គ្រោះថ្នាក់នេះ ធ្វើឱ្យយើងភ្ញាក់ផ្អើលខ្លាំងណាស់” នេះបើតាមសម្ដីអភិបាលក្រុង Kamloops លោក Ken Christian។
យន្តហោះដែលជួបឧបទ្ទវហេតុខាងលើនេះ បានចូលរួមក្នុងយុទ្ធនាការហោះហើរសម្ដែងលើកទឹកចិត្តប្រជាជនដែលកំពុងរស់នៅក្រោមសម្ពាធ COVID-19។ យុទ្ធនាការនេះត្រូវបានចាប់ផ្ដើមធ្វើឡើងនៅតំបន់ Nova Scotia កាលពីដើមខែឧសភា។ Snowbirds បានបញ្ជូនយន្តហោះចំនួន9គ្រឿងទៅចូលរួមក្នុងយុទ្ធនាការខាងលើនេះ។
ក្រុម Snowbirds ប្រើប្រាស់យន្តហោះ CT-114 Tutor ដែលអភិវឌ្ឍដោយក្រុមហ៊ុន Canadair ចាប់ពីទសវត្សរ៍ឆ្នាំ1960។ កងទ័ពអាកាសកាណាដា បានដាក់ឱ្យប្រើប្រាស់យន្តហោះប្រដេញនេះកាលពីឆ្នាំ1963 ហើយបានប្រើវាសម្រាប់ការសម្ដែងចាប់ពីឆ្នាំ1971៕
ប្រភព៖ សារព័ត៌មានបរទេស