ប្រទេសចិនបានអំពាវនាវឱ្យបណ្ដាប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ (UN) ប្រញាប់បំពេញតួនាទីផ្នែកហិរញ្ញវត្ថុជាមួយនឹងអង្គការនេះ ដោយបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនៅជំពាក់ UN ដល់ទៅជាង2ពាន់លានដុល្លារ។
“គិតមកដល់ថ្ងៃទី14ឧសភា ខ្ទង់ប្រាក់សរុបដែលមិនទាន់ត្រូវបានទូទាត់សម្រាប់ទ្រទ្រង់របស់អង្គការសហប្រជាជាតិ (UN Regular Budget) និងថវិកាសម្រាប់ថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានឡើងដល់ 1.6ពាន់លានដុល្លារ និង2.1ពាន់លានដុល្លារអាមេរិក” ចិនបានប្រកាសបែបនេះកាលពីថ្ងៃទី15ឧសភា ដោយដកស្រង់របាយការណ៍មួយពីការិយាល័យអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ។
យោងតាមសេចក្ដីប្រកាសរបស់ទីក្រុងប៉េកាំង ខ្ទង់បំណុលខាងលើនេះបានអូសបន្លាយពេលជាច្រើនឆ្នាំកន្លងមកហើយ។ ក្នុងនោះ “សហរដ្ឋអាមេរិកគឺជាកូនបំណុលធំបំផុត ដោយនៅជំពាក់1.1ពាន់លានដុល្លារសម្រាប់ថវិកាទ្រទ្រង់(UN) និង1.3ពាន់លានដុល្លារសម្រាប់ថវិការក្សាសន្តិភាព”។
សហរដ្ឋអាមេរិកគឺជាប្រទេសដែលចូលរួមបង់វិភាគទានធំជាងគេបង្អស់របស់អង្គការសហប្រជាជាតិ ពោលគឺប្រមាណជា22%នៃការចំណាយសរុបប្រចាំឆ្នាំរបស់ UN ដែលមានតម្លៃប្រហែល3ពាន់លានដុល្លារ និង25%សម្រាប់សកម្មភាពរក្សាសន្តិភាព ដែលមានតម្លៃជាទឹកប្រាក់ប្រហែល6ពាន់លានដុល្លារ។
មកដល់បច្ចុប្បន្ន មិនទាន់មានប្រតិកម្មណាមួយពីសហរដ្ឋអាមេរិកនៅឡើយទាក់ទិននឹងការប្រកាសរបស់ប្រទេសចិនដែលបានរៀបរាប់ខាងលើ។ ការទូទាត់លើខ្ទង់វិភាគទានរបស់បណ្ដាប្រទេសជាសមាជិក UN សម្រាប់សកម្មភាពថែរក្សាសន្តិភាព គឺមានផលប៉ះពាល់ផ្ទាល់ដល់ខ្ទង់ប្រាក់ដែលអង្គការនេះត្រូវចំណាយទៅឱ្យបណ្ដាប្រទេសដែលបានបញ្ជូនទ័ពរបស់ពួកគេទៅបំពេញភារកិច្ចនានាចំនួន15លើករបស់អង្គការសហប្រជាជាតិ។
នៅក្នុងរបាយការណ៍មួយដែលបានប្រកាសកាលពីថ្ងៃទី11ឧសភា អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ Antonio Guterres បានព្រមានថា ការសងប្រាក់ទៅឱ្យបណ្ដាប្រទេសខាងលើនឹងអាចត្រូវពន្យារពេលយូរ លើកលែងតែ UN មានថវិកាគ្រប់គ្រាន់។
គិតមកដល់ថ្ងៃទី14ឧសភា ប្រទេសចំនួន50/193 ដែលជាសមាជិក UN ក្នុងនោះមានប្រទេសចិនជាដើម បានបង់ប្រាក់វិភាគទានរួចរាល់ហើយ។ ប្រទេសចិន ចូលរួមបង់វិភាគទានប្រមាណជា12%នៃការចំណាយសម្រាប់ទ្រទ្រង់ UN និង15% សម្រាប់សកម្មភាពរក្សាសន្តិភាពនៅជុំវិញពិភពលោក៕
ប្រភព៖ សារព័ត៌មានបរទេស