កងកម្លាំងនគរបាលចិន បានធ្វើការរឹបអូសប្រាក់ក្លែងក្លាយចំនួន6តោន ដែលមានតម្លៃ422លានយន់ នៅក្នុងបេសកកម្មស្រាវជ្រាវរកបណ្ដាញផលិតក្រដាសប្រាក់ក្លែងក្លាយដ៏ធំនៅប្រទេសនេះ។
សមាជិកចំនួន16នាក់នៃបណ្ដាញផលិតប្រាក់ក្លែងក្លាយត្រូវបានចាប់ខ្លួន នៅក្នុងយុទ្ធនាការបោសសម្អាតទ្រង់ទ្រាយធំចាប់ពីខេត្តក្វាងទុង(Guangdong) នៅភាគខាងត្បូងប្រទេសចិន រហូតដល់ខេត្តហីឡុងជាំង(Heilongjiang) នៅភាគឦសានប្រទេស។ នេះបើតាមសេចក្ដីប្រកាសកាលពីម្សិលមិញរបស់ក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិន។
កងកម្លាំងនគរបាល បានរឹបអូសប្រាក់ក្លែងក្លាយចំនួន6តោន មានតម្លៃស្មើនឹង422លានយន់(ប្រហែលនឹង59លានដុល្លារអាមេរិក) ដែលនេះគឺជាប្រាក់ក្លែងក្លាយមានចំនួនច្រើនបំផុតមិនធ្លាប់មាន រាប់ចាប់តាំងពីសាធារណរដ្ឋប្រជាមានិតចិនត្រូវបានបង្កើតឡើងកាលពីឆ្នាំ1849។ ក្រសួងសន្តិសុខសាធារណៈប្រទេសចិនបានអះអាងថា ប្រាក់ក្លែងក្លាយទាំងនេះមិនទាន់ត្រូវបានគេប្រើប្រាស់នៅឡើយ។ កងកម្លាំងនគរបាលចិនក៏បានប្រមូលយកឧបករណ៍ទាំងអស់ដែលទាក់ទិននឹងការផលិតប្រាក់ក្លែងក្លាយនេះ។
នគរបាលខេត្តក្វាងទុង បានរកឃើញតម្រុយនៃបណ្ដាញផលិតប្រាក់ក្លែងក្លាយទ្រង់ទ្រាយធំនេះកាលពីចុងឆ្នាំ2019 និងបានរាយការណ៍ទៅក្រសួងសន្តិសុខសាធារណៈ។ ក្រោយរយៈពេល3ខែនៃការស្រាវជ្រាវ ក្រសួងសន្តិសុខសាធារណៈកំណត់បានអត្តសញ្ញាជនសង្ស័យជាច្រើននាក់ ហើយក៏បានចាប់ផ្ដើមយុទ្ធនាការបោសសម្អាតព្រមៗគ្នា៕
ប្រភព៖ សារព័ត៌មានបរទេស