“ស្ពានឧស្ម័ន” ដែលមានម៉ាស់ធ្ងន់ជាង6លានលានដងធៀបនឹងម៉ាស់របស់ព្រះអាទិត្យ ត្រូវបានបង្កើតឡើងក្រោយពីហេតុការណ៍ប៉ះទង្គិចគ្នារវាងបណ្ដុំកាឡាក់ស៊ីចំនួនពីរកាលពីអតីតកាលដ៏យូរលង់ណាស់មកហើយ។
បណ្ដុំកាឡាក់ស៊ីទាំងពីរនេះ បាន “សាងសង់” ស្ពានឧស្ម័នមួយដ៏វែងបន្ទាប់ពីពួកវាបានប៉ះទង្គិចគ្នាកាលពីរាប់រយលានឆ្នាំមុន។ ទីភ្នាក់ងារអវកាសអាមេរិក (NASA) បានឱ្យដឹងថា ពួកវាបានប៉ះទង្គិចគ្នា ហើយក៏ហោះបញ្ច្រាសគ្នា បង្កឱ្យមានឧស្ម័នដែលមានបរិមាណដ៏ច្រើនមហិមា បង្កើតបានជាស្ពានឧស្ម័នដ៏ចម្លែកដែលមានប្រវែងជាង3លានឆ្នាំពន្លឺ។
បណ្ដុំកាឡាក់ស៊ីគឺជាវត្ថុធំជាងគេបង្អស់ក្នុងលម្ហអវកាស ដែលត្រូវបានតភ្ជាប់គ្នាដោយកម្លាំងទំនាញ។ នៅក្នុងបណ្ដុំកាឡាក់ស៊ី ឬចង្កោមកាឡាក់ស៊ី គឺមានកាឡាក់ស៊ីជាច្រើន។
រចនាសម្ព័ន្ធដែលមានកាឡាក់ស៊ីពីរ និងស្ពានឧស្ម័ននេះត្រូវបានអ្នកវិទ្យាសាស្ត្រហៅថា Abell 2384។ Abell 2384នេះ មានម៉ាស់សរុបធ្ងន់ជាង260លានលានដងបើធៀបជាមួយនឹងម៉ាស់របស់ព្រះអាទិត្យ។ ដោយឡែក ស្ពានឧស្ម័នរបស់ Abell 2384 វិញ មានម៉ាស់ធ្ងន់ជាង6លានលានដងធៀបនឹងម៉ាស់របស់ព្រះអាទិត្យ។
រូបភាពស្ដីអំពី Abell 2384 ត្រូវបានថតដោយកែវយឹតអវកាស Chandra (Chandra X-ray Observatory) ដែលមានតួនាទីសង្កេតកាំរស្មី X រួមនឹងយានអវកាស XMM-Newton និងកែវយឹតរលកវិទ្យុ Metrewave។
មហាប្រហោងខ្មៅនៅចំកណ្ដាលកាឡាក់ស៊ីមួយដែលស្ថិតក្នុងបណ្ដុំកាឡាក់ស៊ីមួយក្នុងចំណោមបណ្ដុំកាឡាក់ស៊ីទាំងពីរ កំពុងតែបញ្ចេញវត្ថុធាតុដែលវាបាននិងកំពុង “ទំពាស៊ី” យ៉ាងខ្លាំងក្លា រហូតដល់អាចធ្វើឱ្យមហាស្ពានឧស្ម័នបានប្រែរូបរាង។
ក្រុមអ្នកវិទ្យាសាស្ត្រក៏បានរកឃើញដាននៃក្បាលរលកកាំរស្មី Shockwave ដែលដូចទៅនឹងការផ្ទុះដ៏ខ្លាំងក្លាពីយន្តហោះប្រដេញដូច្នោះដែរ។
យោងទៅតាមការវិភាគនៅលើកុំព្យូទ័រ អ្នកវិទ្យាសាស្ត្រយល់ថា បណ្ដុំកាឡាក់ស៊ីទាំងពីរនេះ នឹងរួមបញ្ចូលចូលគ្នាតែមួយនាពេលអនាគត។
លទ្ធផលនៃការរកឃើញនេះ ត្រូវបានចុះផ្សាយនៅលើទំព័រទស្សនាវដ្ដី Monthly Notices of the Royal Astronomical Society៕
ប្រភព៖ សារព័ត៌មានបរទេស