មើលតាមរយៈលទ្ធផលនៃសម្រង់ការយល់ឃើញរបស់ពលរដ្ឋអាមេរិកាំង ឃើញថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ដូចជាមិនចាំបាច់ត្រូវអាស្រ័យលើការវាយប្រហារចិន ដើម្បីបង្វែរចំណាប់អារម្មណ៍ចេញពីកំហុសឆ្គងរបស់លោកក្នុងការទប់ទល់នឹងមេរោគកូវីដ-19 នោះទេ តែវាមើលឃើញច្បាស់ខ្លាំងណាស់ថា លោកត្រាំបាននឹករំពឹងសង្ឃឹម អាស្រ័យលើការតាមដេញបាញ់ចិនឥតឈប់នេះ គឺដើម្បីឱ្យខ្លួនឯងឈ្នះការបោះឆ្នោតក្នុងខែវិច្ឆិកាខាងមុខ ដោយលោក ចូ បៃដេន គូប្រជែងរបស់លោក ក៏មានគោលបំណងក្នុងទំនងដូចគ្នានេះដែរ។
លោកប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក កំពុងចងខ្លួនឯង និងអ្នកទស្សនា(អ្នកគាំទ្រ)ទាំងឡាយដោយមុខចំណងដែលចងច្រើនជាន់ទ្វេឡើងជារឿយៗ ដោយការថ្លែងបង្ហាញពីការយល់ឃើញក្នុងអំឡុងប៉ុន្មានសប្ដាហ៍ក្រោយៗនេះ ដែលពេលខ្លះលើកតម្កើង សរសើរចិន តែពេលខ្លះ ក៏វាយប្រហាររិះគន់ចិន ឆ្លាស់ទៅឆ្លាស់មកដែរ។ ទាំងអស់នេះ ប្រហែលជាមានតែខ្លួនលោកម្នាក់គត់ប៉ុណ្ណោះ ដែលអាចស្រាយមុខចំណងដ៏ច្របូកច្របល់ ដែលលោកខ្លួនឯងបានចងទុកនេះ ហើយលោកនឹងស្ថិតក្នុងឋានៈដែលនឹងធ្វើដូច្នេះបាន ក៏ប្រហែលជាត្រូវរង់ចាំរហូតទាល់តែដល់ខែវិច្ឆិកា នៅពេលដែលការទម្លាក់បណ្ណបោះឆ្នោតជ្រើសតាំងប្រធានាធិបតីសហរដ្ឋអាមេរិក កន្លងផុតទៅហើយតែប៉ុណ្ណោះ។
តើហេតុអី បានលោកត្រាំ ខំបញ្ចេញកម្លាំងប្រើពាក្យសម្ដី វោហារស័ព្ទគាបសង្កត់ចិនកាន់តែខ្លាំងឡើងក្នុងអំឡុងពេលនេះ? រឿងនេះអាចនឹងវាយតម្លៃបានច្រើនយ៉ាងខុសប្លែកពីគ្នា តែការអធិប្បាយដែលលេចធ្លោជាងគេ និងមានថាមពលគួរឱ្យជឿបាននោះ មាន 3ប្រការ។ មុនគេបង្អស់ គឺជាការវាយតម្លៃបែបដែលចិនចង់ឱ្យយើងជឿផងដែរនោះ បានបញ្ជាក់ថា អាចទៅរួចដែលលោកត្រាំបានពង្រីកការវិភាគរិះគន់ចិនរបស់លោក គឺដើម្បីបង្វែរចំណាប់អារម្មណ៍ចេញពីភាពបរាជ័យរបស់ក្រុមគណៈគ្រប់គ្រងរបស់លោកខ្លួនឯង ក្នុងការទប់ទល់ចាត់ការជាមួយជំងឺរាតត្បាតដ៏ធំដោយសារមេរោគវីរុសកូរ៉ូណានៅក្នុងសហរដ្ឋអាមេរិក។
មានរបាយការណ៍មួយដែលផ្សព្វផ្សាយខាងនីវយ៉ក ថាមស៍ កាលពីខែមេសា បានបញ្ជាក់ថា “ការពិនិត្យមើល បានបង្ហាញឱ្យឃើញថា លោកប្រធានាធិបតី បានទទួលពាក្យដាស់តឿន ពាក់ព័ន្ធនឹងភាពអាចទៅរួចក្នុងការកើតជំងឺរាតត្បាតដ៏ធំនេះ តែដោយសារតែការបែកបាក់គ្នាផ្ទៃក្នុង ការខ្វះខាតការរៀបចំផែនការ និងជំនឿទុកចិត្តរបស់លោកដែលមានចំពោះសញ្ជាតិញាណរបស់ខ្លួនឯង បាននាំឆ្ពោះទៅរកការឆ្លើយតប និងការទប់ទល់បែបមានចន្លោះប្រហោង ឆេវឆាវ និងតតាក់តតុប”។ របាយការណ៍នេះបានបន្តទៀតថា “ទីស្ដីការសភាសន្តិសុខជាតិ(National Security Council) ដែលទទួលខុសត្រូវរឿងការតាមដាន ការពារទប់ទល់នឹងជំងឺរាតត្បាតដ៏ធំទាំងឡាយ បានទទួលរបាយការណ៍ព័ត៌មានតាំងតែពីដើមខែមករា ដែលបានទស្សន៍ទាយពីការឆ្លងសាយភាយរបស់វីរុសនេះចូលមកក្នុងសហរដ្ឋអាមេរិក ហើយក្នុងអំឡុងពេលប៉ុន្មានសប្ដាហ៍បន្ទាប់ពីនោះ ក៏កំពុងតែមានការលើកឡើងពីសំណើ និងជម្រើសផ្សេងៗ ដែលស្រដៀងគ្នានឹងការទាមទារឱ្យពលរដ្ឋអាមេរិកាំងធ្វើការងារពីផ្ទះ និងការបិទទីក្រុងធំៗផងដែរ តែលោកប្រធានាធិបតី ត្រាំ បានទាត់ចោល មិនព្រមប្រើប្រាស់ដំណើរការទាំងនោះ រហូតទាល់តែមកដល់ខែមីនា”។
ដូច្នេះលទ្ធផល ក៏គឺ លោកត្រាំបានបំផ្លាញពេលវេលាដ៏សំខាន់បំផុតនោះយ៉ាងខ្ចះខ្ជាយ ខណៈដែលចំនួនអ្នកឆ្លងមេរោគបានចាប់ផ្ដើមស្ទុះហក់ឡើងពេញ 1ខែកុម្ភៈ និងដើមខែមីនាជាប់រហូត… “ពីថ្ងៃទី26 កុម្ភៈ រហូតមកដល់ថ្ងៃទី16 មីនា ចំនួនករណីអះអាងថា ឆ្លងមេរោគកូវីដ-19 ក្នុងសហរដ្ឋអាមេរិក បានកើនឡើងពី 15 ទៅជា 4,226នាក់…(សម្រាប់ចំនួនអ្នកឆ្លងមេរោគកូវីដ-19សរុប ក្នុងខណៈពេលនេះ មានជាង 1លាននាក់ហើយ)។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមមន្ត្រីដែលទទួលខុសត្រូវបានប្រាប់ផងដែរថា នៅមានទៀតជាច្រើនសែននាក់ដែលនៅមិនទាន់បានត្រួតពិនិត្យ ដែលក៏ប្រហែលជាមានឆ្លងមេរោគដូចគ្នា” និងខណៈនេះ ចំនួនអ្នកស្លាប់កំពុងស្ថិតក្នុងកម្រិតក្បែរៗ 80,000នាក់ហើយ រហូតមកដល់ថ្ងៃទី9 ឧសភា។
ដេញតាមបន្ទោសអ្នកដទៃ ដើម្បីបង្វែរចំណាប់អារម្មណ៍
អាចនាំគ្នាប៉ាន់ស្មានបានថា ការដើរតែថ្កោលទោស បន្ទោស និងថាឱ្យអ្នកដទៃ ដើម្បីបង្វែរចំណាប់អារម្មណ៍ បានក្លាយជាទីពឹងចុងក្រោយសម្រាប់គណៈរដ្ឋបាលរបស់លោកដូណាល់ ត្រាំ ក្នុងការបិទបាំងការខ្វះសមត្ថភាពរបស់ខ្លួនឯង។ លោកត្រាំ បានប្រើឥរិយាបថបែបចាំតែចោមរោមវាយប្រហាររហូតពេញមួយអំឡុងពាក់កណ្ដាលខែមីនា…មានការលើកសរសើរលោកប្រធានាធិបតី ស៊ី ជីន ភីង របស់ចិនថា កំពុងតែធ្វើបានល្អក្នុងការទប់ទល់នឹងការឆ្លងរាលដាលរបស់កូវីដ-19 តែរួចហើយសំឡេងបែបនេះ ក៏ផ្លាស់ប្ដូរបែបភ្លាមៗតែម្ដង នៅពេលដែលលោកងាកមកស្រែកប្រកាសពីប្រធានបទថ្មី ដោយបានហៅមេរោគវីរុសកូរ៉ូណាប្រភេទថ្មីនេះថា “វីរុសចិន”។
យ៉ាងណាក៏ដោយ ពេលតាមដាន ត្រួតពិនិត្យមើលយ៉ាងជិតស្និទ្ធដិតដល់ខ្លាំងឡើង បែរជារកឃើញថា លោកត្រាំ ដែលមានខ្សែភ្នែកមុតស្រួចខ្លាំងក្នុងរឿងវឌ្ឍចក្ររបស់ព័ត៌មាននោះ មិនមានភាពចាំបាច់ពិតប្រាកដអ្វីសោះឡើយ ក្នុងការត្រូវបែរមកពឹងលើវិធីដើរតែបន្ទោសអ្នកដទៃនោះ។ អត្រាការទទួលស្គាល់ស្នាដៃរបស់លោក នៅក្នុងផូលសម្រង់របស់ស្ថាប័ន Gallup poll ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី30 មេសា ស្ថិតក្នុងកម្រិតមិនគួរឱ្យជឿ គឺ 49%…ច្បាស់លាស់តែម្ដងថា ពិន្ទុទទួលស្គាល់លទ្ធផលការងាររបស់លោកជារួម គឺស្ថិតក្នុងកម្រិតអាច “រស់បាន” ជាពិសេសបំផុត មាន 50% ទៀតបានប្រាប់ថា ពួកគេទទួលស្គាល់ និងចូលចិត្តការចាត់ការជំងឺឆ្លងរាតត្បាតរបស់លោកត្រាំ។
លទ្ធផលនៃការសម្រង់ការយល់ឃើញរបស់ពលរដ្ឋអាមេរិកាំងជាថ្មី ដែលធ្វើឡើងដោយមជ្ឈមណ្ឌល Pew Research Center ក្នុងខែមីនាកន្លងទៅ បានបង្ហាញឱ្យឃើញថា “យើងអាចប៉ាន់ប្រមាណយ៉ាងត្រួសៗថា ប្រមាណជា 2ភាគ3នៃពលរដ្ឋអាមេរិក ក្នុងពេលនេះប្រាប់ថា ពួកគេមានការយល់ឃើញក្នុងទស្សនៈមិនចូលចិត្តប្រទេសចិន ដែលអាចរាប់ថា ជាភាគរយនៃអារម្មណ៍អវិជ្ជមានចំពោះប្រទេសមួយនេះ(ចិន)ដែលខ្ពស់បំផុត រាប់ចាប់ពីស្ថាប័នមួយនេះចាប់ផ្ដើមសួរសំណួរនេះក្នុងឆ្នាំ2005 និងកើនឡើងជិត 20% រាប់ចាប់តាំងពីគណៈគ្រប់គ្រងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចាប់ផ្ដើមគ្រប់គ្រងសហរដ្ឋអាមេរិកក្នុងឆ្នាំ2017”។
រឿងដែលគួរឱ្យចម្លែកចិត្តបំផុត ក៏គឺ របាយការណ៍លទ្ធផលការសម្រង់ការយល់ឃើញរបស់ពលរដ្ឋអាមេរិកាំងក្នុងគ្រានេះ របស់ Pew Research Center បានឱ្យដឹងថា ពេលនេះមានពលរដ្ឋអាមេរិកាំង កើនឡើងច្រើន ដែលមើលឃើញថា សហរដ្ឋអាមេរិកជាមហាអំណាចខាងសេដ្ឋកិច្ច ដែលនាំមុខគេ លើសអ្នកណាៗទាំងអស់នៅក្នុងពិភពលោក ដែលលទ្ធផលនេះអាចរាប់បានថា ខ្ពស់ជាងការធ្វើសម្រង់ក្នុងគ្រាណាៗទាំងអស់ពេញមួយរយៈពេល 12ឆ្នាំកន្លងមក និងពួកគេបាននាំគ្នាជឿយ៉ាងខ្លាំងលើសលប់ដូចគ្នាថា ប្រទេសរបស់ពួកគេ គឺជាអ្នកនាំមុខផ្នែកយោធារបស់ពិភពលោក និងជឿទៀតថា ពិភពលោកនេះបានល្អប្រសើរឡើង ដោយសារតែការមានសហរដ្ឋអាមេរិកជាអ្នកដឹកនាំ ពេលប្រៀបធៀបនឹងការឱ្យ ចិនធ្វើជាអ្នកដឹកនាំ។
ខ្លាំងជាងនោះទៅទៀត “មានត្រឹមតែ 1ភាគ4” នៃប្រជាជនអាមេរិកប៉ុណ្ណោះ ដែលធ្វើសម្រង់ដោយស្ថាប័នដដែល បានប្រាប់ថា “ពួកគេមានទស្សនគតិនិយមពេញចិត្ត” ប្រទេសចិន។
សូមរង់ចាំអាន វគ្គបន្ត…
ប្រភព៖ សាព័ត៌មានបរទេស
ប្រែសម្រួលដោយ តាវ៉ែនតា