Skip to content

ទាហាន​ឥណ្ឌា​ និង​ទាហាន​ចិន​ ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំង​ក្លា​នៅ​ព្រំដែន​(វីដេអូ)

ទាហាន​រាប់​រយ​នាក់​បាន​ចូល​រួម​ក្នុង​ហេតុ​ការណ៍​ប៉ះ​ទង្គិច​គ្នា​មួយ​នៅ​ព្រំដែន​ចិន និង​ឥណ្ឌា នៅ​តំបន់​ Himalaya បណ្ដាល​ឱ្យ​ទាហាន​ទាំង​សង​ខាង​ជា​ច្រើន​រូប​ ត្រូវ​រង​របួស​។

មន្ត្រី​យោធា​ឥណ្ឌា​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ឱ្យ​ដឹង​ថា “ទាហាន​ឥណ្ឌា​4​នាក់ និង​ទាហាន​ចិន​7​នាក់​ ត្រូវ​រង​របួស​នៅក្នុង​ហេតុ​ការណ៍​ប្រតាយ​ប្រតប់​គ្នា​មួយ​ដែល​​មាន​ទាហាន​150​នាក់​ប៉ះទង្គិច​គ្នា​”។ មន្ត្រី​ទាហាន​រូប​នេះ​និយាយ​ថា ហេតុ​ការណ៍​នេះ​គឺជា​ការ​ប៉ះទង្គិច​គ្នា​ដ៏​សាហាវ​។

ប្រភព​ព័ត៌មាន​ពី​កង​ទ័ព​ឥណ្ឌា​ក៏បាន​បញ្ជាក់​ថា ការ​ប៉ះទង្គិច​គ្នា​​នៅ​ព្រំដែន​ ពិត​ជា​បាន​កើត​មាន​ឡើង​នៅ​ភាគ​ខាង​ជើង​តំបន់​Sikkim និង​បាន​បណ្ដាល​ឱ្យ​ទាហាន​ទាំង​សង​ខាង​រង​របួស​។

សារ​ព័ត៌មាន​ ANI និង Hindustan Times បាន​រាយ​ការណ៍​ថា ហេតុ​ការណ៍​ប្រតាយ​ប្រតប់​គ្នា​នេះ​ត្រូវ​បាន​ដោះ​ស្រាយ​រួច​ហើយ​ដោយ​មន្ត្រី​ថ្នាក់​ក្រោម​នៅ​មូលដ្ឋាន​។

កន្លង​មក ប្រទេស​ចិន និង​ឥណ្ឌា ធ្លាប់​មាន​ការ​ប៉ះទង្គិច​បែប​នេះ​ជា​ច្រើន​លើក​ ទាក់​ទិន​នឹង​បញ្ហា​ព្រំ​ដែន​។ ការ​ប៉ះទង្គិច​គ្នា​បែប​នេះ ជួន​កាល​កើត​ឡើង​ទូទាំង​បន្ទាត់​ព្រំ​ដែន​រវាង​ប្រទេស​ទាំង​ពីរ​ផងដែរ​។

ទីក្រុង​ប៉េកាំង និង​ទីក្រុង​នីវ​ដេលី​បាន​បើក​កិច្ច​ប្រជុំ​ជា​ច្រើន​លើក​ជាមួយ​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ព្រំ​ដែន​។ កាលពី​ខែ​ធ្នូ​ឆ្នាំ​2019 ប្រទេស​ទាំង​ពីរ​​បាន​យល់​ព្រម​បង្កើត​ខ្សែ​ទូរស័ព្ទ​​សំខាន់​មួយ​ដើម្បី​ចៀស​វាង​ការ​ប៉ះទង្គិច​គ្នា​នៅ​តាម​បន្ទាត់​ព្រំ​ដែន​​​នៃ​ប្រទេស​ទាំង​ពីរ​​៕

https://www.youtube.com/watch?v=dLkMNYfxEAg

ប្រភព​៖ សារ​ព័ត៌មានបរទេស​

Leave a Reply

Your email address will not be published. Required fields are marked *