មហាសេដ្ឋី Dmitry Bosov អាយុ52ឆ្នាំ ត្រូវបានប្រទះឃើញស្លាប់ក្នុងបន្ទប់ហាត់ប្រាណនៅឯភូមិគ្រឹះរបស់គាត់ស្ថិតនៅជាយក្រុងម៉ូស្គូ សង្ស័យថាធ្វើអត្តឃាត។
Dmitry Bosov ត្រូវបានប្រពន្ធរបស់គាត់គឺអ្នកស្រី Katerina ប្រទះឃើញស្លាប់នៅក្នុងបន្ទប់ជាប់សោកាលពីព្រឹកថ្ងៃទី6ឧសភាកន្លងទៅ។ សមត្ថកិច្ចបានឱ្យដឹងថា ពួកគេបានរកឃើញកាំភ្លើងខ្លី Glock នៅក្បែរសាកសពមហាសេដ្ឋីរូបនេះ ហើយនៅលើដងខ្លួនក៏មានស្នាមគ្រាប់កាំភ្លើងជាច្រើនផងដែរ។ Bosov មិនបានបន្សល់ទុកលិខិតអ្វីមួយនោះទេ។
គេហទំព័រសេដ្ឋកិច្ចរបស់រុស្ស៊ី RBC បានដកស្រង់ប្រភពព័ត៌មានចំនួន2ដែលស្និទ្ធជាមួយលោក Bosov បានឱ្យដឹងថា មហាសេដ្ឋីរូបនេះបានស្លាប់ដោយសារធ្វើអត្តឃាត។ លោក Bosov មិនបានទទួលទូរស័ព្ទ និងសារចាប់តាំងពីថ្ងៃទី5ឧសភារហូតដល់ថ្ងៃកើតហេតុ។ Bosov បានយកកាំភ្លើងតាមខ្លួនជានិច្ច ចាប់តាំងពីCOVID-19 ចាប់ផ្ដើមឆ្លងរាលដាលនៅរុស្ស៊ី ដោយសារមានការបារម្ភខ្លាចមានចោរចូលផ្ទះក្នុងអំឡុងបម្រាមគោចរ។
គណកម្មធិការស៊ើបអង្កេតរបស់រុស្ស៊ី បាន និងកំពុងធ្វើការស្រាវជ្រាវលើករណីនេះ។
Bosov ជាមហាសេដ្ឋីលំដាប់ទី86ក្នុងតារាងចំណាត់ថ្នាក់អ្នកមានបំផុតរបស់រុស្ស៊ីដែលដាក់ចំណាត់ថ្នាក់ដោយ ទស្សនាវដ្ដី Forbes ដោយលោកមានទ្រព្យសរុប1.1ពាន់លានដុល្លារ។ លោកគឺជាភាគហ៊ុនិកធំជាងគេ និងជាប្រធានក្រុមហ៊ុន Alltech ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនរកស៊ីក្នុងវិស័យអចលនទ្រព្យ និងរ៉ែធ្យូងថ្ម។ល។
ប្រភពព័ត៌មានដែលជិតស្និទ្ធនឹងមហាសេដ្ឋីខាងលើ បានបង្ហើបឱ្យដឹងថា លោក Bosov ថ្មីៗនេះជួបបញ្ហាក្នុងការរកស៊ី។ “ចាប់ពីដើមឆ្នាំ គាត់បានចាប់ផ្ដើមផ្ទេរទ្រព្យសម្បត្តិទាំងអស់ទៅក្នុងឈ្មោះរបស់ខ្លួន និងឱ្យបុគ្គលិកសម្រាកពីការងារ។ ស្ថានភាពបានប្រែជាអាក្រក់ទៅៗនៅក្នុងខែឧសភា ហើយអ្នករាល់គ្នាគិតថា គាត់ត្រៀមលក់ទ្រព្យរបស់គាត់”។
មហាសេដ្ឋី Bosov ក៏ថែមទាំងប្រឈមមុខនឹងពាក្យបណ្ដឹងចំនួន2ករណីផងដែរ ដែលទាក់ទិននឹងបទបរិហាកេរ្តិ៍ និងរំលោភកិច្ចសន្យាក្នុងការរកស៊ី៕
ប្រភព៖ សារព័ត៌មានបរទេស