អាចម៍ផ្កាយដែលមានទំហំប៉ុនរថយន្តក្រុង បានហោះសំដៅមកកាន់ភពផែនដីដោយមិនមានអ្នកវិទ្យាសាស្ត្រណាម្នាក់ពិនិត្យឃើញ រហូតដល់វាហោះមកដល់ចំណុចត្រង់ពីលើផែនដីកាលពីថ្ងៃទី5ឧសភា ទើបក្រុមតារាវិទូរកឃើញ។
អាចម៍ដែលត្រូវបានគេហៅថា 2020 JJ បានហោះកាត់ទទឹងផែនដីនៅក្នុងរយៈចម្ងាយ13,373គម ស្មើនឹង3%នៃចម្ងាយពីផែនដីទៅព្រះចន្ទ។ 2020 JJ មានទំហំមិនធំប៉ុន្មាននោះទេ ដូច្នេះវាមានភាពងាយស្រួលក្នុងការចល័តមកក្បែរផែនដីដោយមិនត្រូវបានគេពិនិត្យឃើញទាន់ពេល រហូតដល់វាហោះមកនៅចំពោះមុខផែនដីកាលពីថ្ងៃទី5 ខែឧសភាកន្លងទៅ។ អង្គការតារាសាស្ត្រ Limmon Survey នៅក្នុងរដ្ឋ Arizona នៃសហរដ្ឋអាមេរិកគឺជាអ្នកដែលបានរកឃើញអាចម៍ផ្កាយនេះមុនគេ។
បណ្ឌិត Natalie Starkey ដែលជាតារាវិទូមួយរូបថ្លែងថា “យើងពូកែខាងសង្កេតរកឃើញ និងតាមដានអាចម៍ផ្កាយដែលមានទំហំប្រហាក់ប្រហែល1គីឡូម៉ែត្រ ប៉ុន្តែ មានអាចម៍ផ្កាយដែលមានទំហំតូចជាងនេះច្រើនណាស់ដែលកំពុងគោចរជុំវិញប្រព័ន្ធព្រះអាទិត្យ។ អាចម៍ផ្កាយតែងតែមិនមានចំណាំងផ្លាតពន្លឺ ហើយពួកវាក៏មានពណ៌ងងឹត ដូច្នេះយើងពិបាកក្នុងការសង្កេតឃើញពួកគេ លើកលែងតែវាបានហោះមកក្បែរផែនដី”។
អាចម៍ផ្កាយ 2020 JJ បានហោះមកក្បែរផែនដីជាលើកទី6ហើយ បើរាប់ចាប់តាំងពីក្រុមតារាវិទូបានចាប់ផ្ដើមប្រមូលទិន្នន័យរបស់វាជាលើកដំបូងនៅឆ្នាំ1900។ 2020 JJ ហោះកាត់ប្រព័ន្ធព្រះអាទិត្យក្នុងល្បឿនប្រហែល51,500គីឡូម៉ែត្រ/ម៉ោង។ ក៏ប៉ុន្តែ ចម្ងាយពី 2020 JJ មកផែនដីនៅតែឆ្ងាយជាង20ដងបើធៀបនឹងចម្ងាយពីផែនដីទៅស្ថានីយអវកាសអន្តរជាតិ ដូច្នេះ 2020 JJ មិនងាយបង្កគ្រោះថ្នាក់ដល់មនុស្សជាតិនោះទេ។
ទីភ្នាក់ងារអវកាស NASA បានគន់គូរឃើញថា អាចម៍ផ្កាយនេះមានអង្កត់ផ្ចិតប្រហែល2.7ម៉ែត្រ-6ម៉ែត្រ។ កាលពីថ្ងៃទី29មេសាកន្លងទៅ អាចម៍ផ្កាយមួយដែលមានប្រវែងដល់ទៅ1.8គីឡូម៉ែត្រ ទៅ4គីឡូម៉ែត្រ និងមានឈ្មោះថា 1998 OR2 ក៏បានហោះកាត់ក្បែរផែនដីយើងដែរ។ បើទោះជាត្រូវបានចាត់ចូលក្នុងក្រុមដែល “អាចបង្កគ្រោះថ្នាក់” ដោយសារតែទំហំដ៏ធំរបស់វា ប៉ុន្តែ 1998 OR2 គោចរឆ្ងាយពីផែនដីដល់ទៅ6.3លានគីឡូម៉ែត្រ ពោលគឺឆ្ងាយជាង16ដងបើធៀបនឹងរយៈចម្ងាយពីផែនដីទៅព្រះចន្ទ ដូច្នេះ ហានិភ័យនៃគ្រោះថ្នាក់ដែលបង្កឡើងដោយ 1998 OR2 គឺមិនងាយនឹងកើតឡើងបាននោះឡើយ៕
ប្រភព៖ សារព័ត៌មានបរទេស