រយៈពេល 3ខែកន្លងផុតទៅ រដ្ឋាភិបាលប្រទេសវៀតណាម បានសម្រេចបញ្ចប់វិធានការបិទទីក្រុងរបស់ខ្លួន ហើយឥឡូវនេះ ប្រជាពលរដ្ឋនៃប្រទេសវៀតណាម បានចាប់ផ្ដើមវិលត្រឡប់ទៅកាន់ជីវិតធម្មតាដូចកាលពីមុនឡើងវិញ ប៉ុន្តែនៅតែរក្សាគម្លាតឆ្ងាយពីគ្នាខាងសង្គមឱ្យនៅដដែល។
យោងតាមទីភ្នាក់ងារព័ត៌មាន CNN បានឱ្យដឹងថា សិស្សវៀតណាមប្រមាណជា 22លាននាក់ បានវិលត្រឡប់ទៅកាន់ថ្នាក់រៀនរបស់ពួកគេវិញហើយ ក្រោយពីការបិទទីក្រុងដោយសារវិបត្តិវីរុសកូវីដ-19 ត្រូវបានបញ្ចប់។ ជាមួយគ្នានេះ សាលារៀនដែលបានបើកឱ្យដំណើរការ បានរៀបចំតុអង្គុយឡើងវិញ ដោយដាក់ឱ្យនៅឃ្លាតឆ្ងាយពីគ្នា ហើយថ្នាក់មួយចំនួន ត្រូវបំបែកទៅជាថ្នាក់តូចៗ។
ដោយឡែកនៅសាលាបឋមសិក្សា Nhi Dong គេសង្កេតឃើញថា សិស្សសាលានាំគ្នាពាក់របាំងមុខដើម្បីការពារការឆ្លងវីរុសកូរ៉ូណា ឬវីរុសកូវីដ-19។ មកទល់ពេលនេះ វៀតណាមបានក្លាយជាប្រទេសដំបូងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលបានបន្ធូរបន្ថយការបិទទីក្រុង ខណៈដែលចំនួនអ្នកឆ្លងសរុប ក្នុងប្រទេសនេះមានចំនួន 271នាក់ ដោយក្នុងនោះ 232នាក់ ត្រូវបានព្យាបាលជាសះស្បើយ ហើយមិនមានអ្នកស្លាប់នោះទេ៕
សូមទស្សនា ទិដ្ឋភាពខាងក្រោមនេះ គឺសិស្សវៀតណាម បានត្រឡប់ទៅកាន់ថ្នាក់រៀន ក្រោយពីទីក្រុង និងសាលារៀនបានបើកឡើងវិញ…៖