សហរដ្ឋអាមេរិក៖ “អ្នកដែលធ្លាប់បានឆ្លងវីរុសCOVID-19 នឹងលែងមានឱកាសចូលបម្រើការក្នុងជួរកងទ័ពអស់មួយជីវិត បើទោះបីពួកគេបានព្យាបាលជាសះស្បើយហើយក៏ដោយ” នេះបើតាមប្រភពព័ត៌មានពីមន្ទីរបញ្ចកោណ។
បទបញ្ជាផ្ទៃក្នុងរបស់បញ្ជាការដ្ឋានគ្រប់គ្រងការជ្រើសរើសទាហានថ្មីនៃកងទ័ពសហរដ្ឋអាមេរិក MEPCOM (United States Military Entrance Processing Command) ដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម Twitter កាលពីម្សិលមិញបានឱ្យដឹងថា ”នៅក្នុងដំណាក់កាលវាយតម្លៃឯកសារ និងពិនិត្យសុខភាព អ្នកដែលធ្លាប់ឆ្លងវីរុសCOVID-19 ដែលត្រូវបានបញ្ជាក់ដោយលិខិតធ្វើតេស្តសុខភាព ឬការធ្វើរោគវិនិច្ឆ័យនៅឯមន្ទីរពេទ្យ នឹងត្រូវបានបដិសេធជារៀងរហូត”។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកស្រី Jessica Maxwell បានទទួលស្គាល់ខ្លឹមសារនៅក្នុងបទបញ្ជាផ្ទៃក្នុងនោះ ប៉ុន្តែបានអះអាងថា អ្នកធ្លាប់ឆ្លងមេរោគCOVID-19 អាចដាក់ពាក្យសុំការលើកលែងដើម្បីអាចបានចូលបម្រើការក្នុងជួរកងទ័ព ប៉ុន្តែ មកដល់ពេលនេះមិនទាន់មានបទបញ្ជាថ្មីស្ដីអំពីករណីលើកលែងនៅឡើយ ហើយ MEPCOM មិនមានសិទ្ធិក្នុងការអនុញ្ញាតឱ្យមានករណីលើកលែងនោះទេ។
មន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកបានបដិសេធមិនអធិប្បាយអំពីមូលហេតុនៃការហាមឃាត់នេះ ខណៈដែលអ្នកធ្លាប់មានជំងឺដែលបង្កឡើងដោយវីរុសដទៃ នៅតែអាចចូលបម្រើការក្នុងកងទ័ពជាធម្មតា។
COVID-19 បានបង្ហាញខ្លួននៅក្នុងប្រទេសនិងដែនដីជាង210ក្នុងពិភពលោក បណ្ដាលឱ្យមនុស្សជាង3.8លាននាក់ឆ្លងមេរោគ និង265,000នាក់បានបាត់បង់ជីវិត។ សហរដ្ឋអាមេរិកគឺជាសម្បុកមេរោគកូរ៉ូណាធំជាងគេក្នុងពិភពលោក ដោយមានអ្នកជំងឺជិត1.3លាននាក់។ ដោយឡែក កងទ័ពអាមេរិកាំងជិត5,000នាក់បានឆ្លងវីរុសនេះដែរ ក្នុងនោះមាន100នាក់ត្រូវចូលព្យាបាលនៅមន្ទីរពេទ្យ និង2នាក់បានបាត់បង់ជីវិត៕
ប្រភព៖ សារព័ត៌មានបរទេស