ម៉ូដែល1 របស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប៉ាន់ប្រមាណថា ចំនួនអ្នកឆ្លង និងស្លាប់ដោយសារមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ក្នុងសហរដ្ឋអាមេរិក នឹងកើនឡើងយ៉ាងច្រើន ក្នុងអំឡុងមិនប៉ុន្មានសប្ដាហ៍ខាងមុខទៀត ដោយអាចនឹងមានអ្នកស្លាប់ច្រើនដល់ទៅ 3,000នាក់ក្នុង 1ថ្ងៃ យ៉ាងលឿនបំផុតក្នុងអំឡុងដើមខែមិថុនា។ នេះបើតាមរយៈឯកសារផ្ទៃក្នុងដែលខាងទីភ្នាក់ងារសារព័ត៌មាននីវយ៉ក ថាមស៍ បានទទួល។
តួលេខប៉ាន់ប្រមាណនេះ គឺជាតំណាងរបស់ចំនួនអ្នកស្លាប់ដែលកើនឡើងយ៉ាងច្រើនក្នុងរយៈពេលក្រោយៗនេះ ដោយរហូតពេញ 1សប្ដាហ៍កន្លងទៅ មានជនជាតិអាមេរិកាំងស្លាប់ដោយសារកូវីដ-19 ប្រមាណជា 2,000នាក់ក្នុង 1ថ្ងៃ តាមរយៈព័ត៌មានរបស់មហាវិទ្យាល័យចន ហប់គីនស៍ ខណៈដែលការប៉ាន់ប្រមាណទាំងនោះ ស្ថិតលើមូលដ្ឋានគ្រឹះរបស់ម៉ូដែល1 របស់មជ្ឈមណ្ឌលគ្រប់គ្រង និងការពាររោគ នៃរដ្ឋបាលកណ្ដាលសហរដ្ឋអាមេរិក។
នៅក្នុងឯកសាររបស់រដ្ឋបាល បានប៉ាន់ប្រមាណថា តួលេខអ្នកឆ្លងមេរោគកូវីដ-19 នឹងកើនឡើងដល់ 200,000នាក់ក្នុង 1ថ្ងៃ យ៉ាងយូរបំផុតក្នុងថ្ងៃទី1 មិថុនា និងតួលេខអ្នកស្លាប់ នឹងកើនឡើងទៅដល់ 3,000នាក់ក្នុង 1ថ្ងៃ ប្រៀបធៀបនឹងកម្រិតបច្ចុប្បន្ន ដែលអ្នកឆ្លងមេរោគថ្មីៗជាមធ្យមស្ថិតក្នុងចំនួន 2,500 – 3,000នាក់ក្នុង 1ថ្ងៃ ស្លាប់ប្រមាណជា 1,500 ទៅ 2,000នាក់ក្នុង 1ថ្ងៃ។
អាជ្ញាធររបស់រដ្ឋបាលសហរដ្ឋអាមេរិកម្នាក់ បានអះអាងប្រាប់ CNN ថា ឯកសារដែលទីភ្នាក់ងារសារព័ត៌មាននីវយ៉ក ថាមស៍ ទទួលបានមកនោះ ជារបស់ពិត ដោយវាជាឯកសារដែលចែកចាយទៅអង្គភាពផ្សេងៗដែលពាក់ព័ន្ធកាលពីចុងសម្ដាហ៍មុន តែយ៉ាងណាក៏ដោយ មកដល់ចំណុចនេះ អាជ្ញាធរនៅតែប្រយ័ត្នប្រយែងពាក់ព័ន្ធនឹងតួលេខការប៉ាន់ប្រមាណទាំងឡាយនោះនៅឡើយ។
អ្នកយកព័ត៌មានរបស់ CNN បានទាក់ទងទៅសេតវិមាន ដើម្បីសាកសួរព័ត៌មានពាក់ព័ន្ធនឹងរបាយការណ៍ព័ត៌មាននោះ តែខាងសេតវិមាន បានប្រាប់ថា ក្រុមការងារចំពោះកិច្ច ផ្នែកវីរុសកូរ៉ូណាប្រភេទថ្មីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅមិនទាន់បានឃើញឯកសារដែលបែកធ្លាយដល់ដៃទីភ្នាក់ងារសារព័ត៌មាននីវយ៉កថាមស៍នោះនៅឡើយ។
លោកថ្លែងថា “វាមិនមែនជាឯកសាររបស់សេតវិមាន ឬជាតំណាងរបស់គណៈកម្មការចំពោះកិច្ចផ្នែកវីរុសកូរ៉ូណា ឬឯកសារដែលផ្ញើតាមរយៈអង្គភាពការងារណាមួយឡើយ។ ការណែនាំឱ្យបើកអាមេរិកឡើងវិញជាដំណាក់កាលៗរបស់លោកប្រធានាធិបតី ជាវិធានការដែលដំណើរការដោយគោលការណ៍ខាងវិទ្យាសាស្ត្រ ដែលពួកអ្នកជំនាញការផ្នែកសាធារណៈសុខាភិបាលលំដាប់ខ្ពស់ និងអ្នកជំនាញការខាងជំងឺឆ្លងរបស់រដ្ឋបាលកណ្ដាល ក៏បានឯកភាពផងដែរ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ ថែមទាំងផ្ដល់ភាពសំខាន់ទៅលើសុខភាពរបស់ពលរដ្ឋអាមេរិកមុនអ្វីៗទាំងអស់ ហើយនឹងនៅតែជាដូច្នេះរហូតតទៅ ក្នុងខណៈដែលយើងកំពុងតាមដានសង្កេតសកម្មភាពការបន្ធូរបន្ថយវិធានការបិទទីក្រុងរបស់រដ្ឋផ្សេងៗ”
ការកែសម្រួលបន្ថែមការប៉ាន់ប្រមាណតួលេខអ្នកស្លាប់នេះ បានកើតឡើងក្នុងខណៈដែលរដ្ឋផ្សេងៗ បានបន្ធូរបន្ថយវិធានការបិទទីក្រុង ក្រោយពីអំឡុងពេលចុងសប្ដាហ៍កន្លងទៅ មានពលរដ្ឋអាមេរិកាំងចំនួនដ៏ច្រើន បាននាំគ្នាចេញមកក្រៅផ្ទះ ដើម្បីតវ៉ាទាមទារ ឬមកទទួលយកពន្លឺថ្ងៃ ក្នុងរដូវស្លឹកឈើលាស់នៅតាមសួនច្បារសាធារណៈនានា។
ទាំងអស់នេះ រដ្ឋហ្វ្លរីដា, ខូឡូរ៉ាដូ, អ៊ិនដៀណា, នេប្រាស្កា, សៅថ៍ឃែរ៉ូឡៃណា, វេស្ត វើជីនៀ ដូចគ្នានឹងរដ្ឋផ្សេងៗទៀតដែរ បានចាប់ផ្ដើមមានសកម្មភាពបន្ធូរបន្ថយការកំណត់ផ្សេងៗ ក្នុងការព្យាយាមស្ដារសេដ្ឋកិច្ចដែលបែកខ្ចាយជាបំណែកៗ និងបំបាត់អារម្មណ៍រសាប់រសល់របស់ប្រជាជន។
យ៉ាងណាក៏ដោយ ក្នុងការសន្និដ្ឋានច្បាស់លាស់ថា ការបើកសេដ្ឋកិច្ចរបស់រដ្ឋផ្សេងៗនោះ អាចត្រូវប្ដូរនឹងភាពប្រថុយប្រថានដល់ថ្នាក់ស្លាប់តែម្ដង។ “វាជាភាពល្ងង់ខ្លៅបែបងាយៗ” អ្នកស្រី អេលីហ្សាប៊ែត ខេហេន អ្នកយកព័ត៌មានផ្នែកសាធារណៈសុខាភិបាលរបស់ CNN បាននិយាយថា “ពេលអ្នកប្រាប់ប្រជាជនថា អេ៎! អ្នកអាចចេញទៅបារ៍ ទៅភោជនីយដ្ឋានបានហើយណា៎ នោះចំនួនអ្នកស្លាប់ នឹងកើនខ្ពស់ឡើង”
តាមរយៈព័ត៌មានរបស់មហាវិទ្យាល័យ ចន ហប់គីនស៍ បានរកឃើញថា វីរុសកូរ៉ូណាប្រភេទថ្មី បានធ្វើឱ្យមានអ្នកឆ្លងមេរោគនៅក្នុងសហរដ្ឋអាមេរិករួចបាត់ទៅហើយជាង 1,170,000នាក់ ក្នុងនោះ ស្លាប់ជាង 68,000នាក់។
កាលពីពេលមុនហ្នឹង លោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បានសន្និដ្ឋានថា នឹងមានពលរដ្ឋអាមេរិកាំងស្លាប់ដោយសាររោគរាតត្បាតដ៏ធំនេះប្រមាណជា 65,000នាក់ តែកាលពីយប់ថ្ងៃអាទិត្យ(ទី3ឧសភា) លោកបាន កែ សម្រួលបន្ថែមការប៉ាន់ស្មានដល់ទៅ 80,000 ឬ 90,000នាក់។ តែយ៉ាងណាក៏ដោយ ជួនកាលតួលេខនេះ វាអាចមិនមែនជាការកែសម្រួលបន្ថែមក្នុងការប៉ាន់ស្មានលើកចុងក្រោយនោះទេ។
វេជ្ជបណ្ឌិត Deborah Birx សមាជិកម្នាក់ក្នុងក្រុមការងារផ្នែកទប់ទល់នឹងមេរោគកូវីដ-19 របស់សេតវិមាន បានប្រាប់ថា តាមរយៈការប៉ាន់ប្រមាណផ្សេងៗ បានរកឃើញថា ទោះបីជានៅតែមានការណែនាំផ្នែករក្សាគម្លាតឆ្ងាយខាងសង្គមក៏ដោយ ក៏ប្រហែលជានៅតែមានពលរដ្ឋអាមេរិកាំងប្រមាណជា 100,000 ទៅ 240,000នាក់ នឹងត្រូវស្លាប់ដោយសារវិបត្តិក្នុងគ្រានេះដែរ៕
ប្រភព៖ សារព័ត៌មានបរទេស