វៀតណាម៖ Ly Thi Loan អាយុ39ឆ្នាំ នៅទីក្រុង Bien Hoa រួមជាមួយនឹងបក្សពួកជាកូនចៅ8នាក់ទៀតត្រូវបានប៉ូលិសចាប់ខ្លួន ខណៈពួកគេកំពុងគំរាមទារថ្លៃការពារនៅតំបន់ផ្សារមួយកាលពីល្ងាចថ្ងៃទី5ឧសភានេះ។
សមត្ថកិច្ចចម្រុះជិត100នាក់ បានឡោមព័ន្ធតំបន់ផ្សារពលករក្នុងតំបន់ឧស្សាហកម្ម Thanh Phu ស្រុក Vinh Cuu ខេត្ត Dong Nai។ នៅពេលឃើញបងធំឈ្មោះ Loan រួមជាមួយកូនចៅនាំគ្នាចូលក្នុងហាងលក់ទឹកដោះគោ និងជំរិតទារប្រាក់ពីម្ចាស់ហាង ក្រុមប៉ូលិសដែលកំពុងឡោមព័ន្ធ ក៏បានសម្រុកចូលចាប់ជនសង្ស័យ។ ក្រុមបងធំនេះបានតដៃ និងរត់គេចខ្លួន ប៉ុន្តែជនសង្ស័យ9នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះមានបងធំឈ្មោះ Loan ភេទស្រី និងឈ្មោះ Hoang Thi Tuyet Nhung ភេទស្រី មានអាយុ35ឆ្នាំផងដែរ។
បន្ទាប់ពីបានស្រាវជ្រាវ ប៉ូលិសបានរកឃើញផ្ទះរបស់នាង Loan ដែលមានចម្ងាយប្រហែល300ម៉ែត្រពីហាងលក់ទឹកដោះគោខាងលើ។ នគរបាលក៏បានរកឃើញឯកសារជាច្រើនទាក់ទងនឹងសកម្មភាពទារថ្លៃការពាររបស់ក្រុមបងធំនេះ។
យោងតាមការស្រាវជ្រាវបឋម ប៉ូលិសឱ្យដឹងថា ក្រុមសង្គមងងឹតនេះ តែងតែប្រើប្រាស់កម្លាំងបាយដើម្បីគំរាមអ្នកជំនួញតូចតាចក្នុងតំបន់ផ្សារពលករ បង្ខំឱ្យបង់ថ្លៃការពារដល់ខ្លួនចាប់ពី1លានដុង(42ដុល្លារ) ដល់1លានកន្លះ(65ដុល្លារ) ក្នុង1ខែ។ ចំណែកអ្នកលក់ចល័តក៏ត្រូវបង់ឱ្យក្រុមនេះ50,000ដុង(2ដុល្លារ) ក្នុង1ថ្ងៃផងដែរ។
ក្រុមសង្គមងងឹតដែលមានឈ្មោះ Loan ជាបងធំ ត្រូវបានគេដឹងថា មាន “អំណាច” ខ្លាំងនៅក្នុងតំបន់ខាងលើ ដែលមានព្រំប្រទល់ជាប់នឹងទីក្រុង Bien Hoa។ “ក្រោមអំណាចរបស់នាង Loan កូនចៅរបស់នាងពិតជាក្អេងក្អាងខ្លាំងណាស់។ រាល់ពេលដែលក្រុមអ្នកជំនួញតូចតាចមិនមានប្រាក់បង់ថ្លៃការពារ ពួកវាមិនញញើតក្នុងការចាត់ការនោះទេ យ៉ាងហ្នឹងហើយបានជាអ្នកណាក៏ខ្លាចរអាចំពោះក្រុមនេះដែរ” នេះបើតាមសម្ដីរបស់សមត្ថកិច្ច។
ករណីខាងលើនេះ ត្រូវបាននគរបាលខេត្ត Dong Nai តាមដានអស់ជាច្រើនឆ្នាំ ហើយមកដល់ពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវវែកមុខអ្នកដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនេះ។ កន្លងមក មានក្រុមសង្គមងងឹតជាច្រើននៅខេត្ត Dong Nai ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់៕
ប្រភព៖ សារព័ត៌មានបរទេស