ទីភ្នាក់ងារព័ត៌មានស៊ីនហួ សារព័ត៌មានរបស់រដ្ឋបាលចិន នៅថ្ងៃទី3 ឧសភា បានបង្ហាញរូបភាពក្នុងឃ្លិបវីដេអូ ពីឆាក1 ទៅឆាក1 អំពីទីកន្លែងជាច្រើននៅក្នុងទីក្រុងប៉េកាំង ទីក្រុងចម្បងរបស់មហាប្រទេសចិន ក្នុងពេលវេលាខុសគ្នា ស្ថានការណ៍ខុសគ្នា តែក្នុងទីកន្លែងតែមួយ ក្នុងអំឡុងពេល និងក្រោយពេលដែលទីក្រុងប៉េកាំងកាត់បន្ថយវិធានការទប់ទល់សភាវអាសន្ននៃការឆ្លងរាលដាលរបស់ជំងឺដែលបង្កឡើងដោយមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19។
ដោយសារតែទីក្រុងប៉េកាំងមិនមានរកឃើញអ្នកជំងឺមេរោគកូវីដ-19 ដែលឆ្លងនៅក្នុងតំបន់ និងដែលធ្វើដំណើរមកពីក្រៅប្រទេសជាប់គ្នារយៈពេល14ថ្ងៃរួចមក ចាប់ពីថ្ងៃទី29 មេសាមក ក្រុងប៉េកាំង បានសម្រេចទម្លាក់កម្រិតវិធានការគ្រប់គ្រង ពីកម្រិតខ្ពស់បំផុត ចុះមកនៅកម្រិត2 ដោយបានចាប់ផ្ដើមតាំងពីថ្ងៃទី30 មេសាកន្លងមក។
ទាំងអស់នេះ គួររំឭកដែរថា កាលពីថ្ងៃទី24 មករា ក្រុងប៉េកាំងបានប្រកាសប្រើវិធានការទប់ទល់សភាវអាសន្នខាងសាធារណៈសុខាភិបាលកម្រិតខ្ពស់បំផុត ដើម្បីគ្រប់គ្រងការឆ្លងរាលដាលរបស់មេរោគកូវីដ-19 ដែលរាតត្បាតយ៉ាងខ្លាំងក្នុងខណៈពេលនោះ៕
ប្រភព៖ សារព័ត៌មានបរទេស