Skip to content

សហរដ្ឋ​អាមេរិក​ថា កូរ៉េខាង​ជើង​បាញ់​ទៅ​លើ​កូរ៉េខាង​ត្បូង​គឺ​ដោយ “​មិន​មាន​ចេតនា”

រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ Mike Pompeo កាល​ពី​ម្សិល​មិញ​បាន​ឱ្យ​ដឹង​ថា ការ​ដែល​កូរ៉េខាង​ជើង​ផ្ទុះ​អាវុធ​ទៅកាន់​កូរ៉េខាង​ត្បូង​​នៅ​តំបន់​ DMZ គឺជា​អចេតនា​ និង​មិន​បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​នោះ​ទេ​។

លោក Mike Pompeo បាន​ថ្លែង​នៅ​ក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយ​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន ABC ថា “កាំភ្លើង​ជា​ច្រើន​គ្រាប់​ត្រូវ​បាន​បាញ់​ចេញ​ពី​ភាគ​ខាង​ជើង​ យើង​គិត​ថា វា​ជា​រឿង​ធ្វេស​ប្រហែល។ កូរ៉េខាង​ត្បូង​បាន​បាញ់តប​ត។ ករណី​នេះ​មិន​បាន​បង្ក​ឱ្យ​មាន​ភាគី​ណា​មួយ​បាត់​បង់​ជីវិត​នោះ​ទេ​”។

កង​ទ័ព​កូរ៉េខាង​ត្បូង​មុន​នោះ​បាន​ឱ្យ​ដឹង​ថា ភាគី​កូរ៉េខាង​ជើង​បាន​បាញ់​មក​លើ​ប៉មយាម​​របស់​កូរ៉េខាង​ត្បូង​នៅ​ក្បែរ​ព្រំដែន​ នាំ​ឱ្យ​កង​ទ័ព​កូរ៉េខាង​ត្បូង​បាញ់​តបត​ដើម្បី​ព្រមាន​។ យោង​តាម​ អគ្គសេនាធិការចំរុះកូរ៉េខាង​ត្បូង​ JCS (The Joint Chiefs of Staff) ក្រុម​ទាហាន​ដែល​ឈរ​យាម​នៅ​ប៉ម​យាម​ជិត​ទីរួម​ស្រុក​ Cheorwon បាន​ឮសំឡេង​កាំភ្លើង​ជា​ច្រើន​គ្រាប់​​នៅ​វេលា​ម៉ោង​ប្រហេល​7និង​41​នាទី​(ម៉ោង​5និង​40​នាទី​នៅ​ភ្នំ​ពេញ​) និង​រក​ឃើញ​ស្នាម​គ្រាប់​កាំភ្លើង​​4​គ្រាប់​នៅ​លើ​ជញ្ជាំង​ប៉ម​យាម​នោះ​។

ទាហាន​កូរ៉េខាង​ត្បូង​ក៏​បាន​បាញ់​តប​ត​ចំនួន​2​លើក​ ក្នុង​1លើក​10​គ្រាប់​ ទៅ​កាន់​កូរ៉េខាង​ជើង​ និង​បាន​ស្រែក​ព្រមាន​តាម​ឧបករណ៍​បំពង​សំឡេង​។ ភាគី​កូរ៉េខាង​ត្បូង​មិន​បាន​រក​ឃើញ​ករណី​ស្លាប់​ ឬ​ខួច​ខាត​ទ្រព្យ​សម្បត្តិ​អ្វី​មួយ​នោះ​ទេ​។

សហរដ្ឋ​អាមេរិក​ថា កូរ៉េខាង​ជើង​បាញ់​ទៅ​លើ​កូរ៉េខាង​ត្បូង​គឺ​ដោយ​សារ​ "​អចេតនា"
ទីតាំង​ដែល​មាន​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​រវាង​បង​ប្អូន​កូរ៉េ​ទាំង​2

ហេតុ​ការណ៍​ផ្ទុះ​អាវុធ​ដាក់​គ្នា​រវាង​ប្រទេស​កូរ៉េ​​ទាំង​2​ នៅ​តំបន់​គ្មាន​កង​ទ័ព​ DMZ (demilitarized zone) មុន​នេះ​ក៏ធ្លាប់​កើត​មាន​ឡើង​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​2017 ដែល​កាល​ណោះ​ទាហាន​ការ​ពារ​ព្រំ​ដែន​របស់​កូរ៉េខាង​ជើង​បាន​បាញ់​កាំភ្លើង​ជា​ច្រើន​គ្រាប់​ចូល​ទឹក​ដី​កូរ៉េខាង​ត្បូង​​ដើម្បី​ស្កាត់​ទាហាន​ម្នាក់​របស់​កូរ៉េខាង​ជើង​ដែល​កំពុង​រត់​គេច​ខ្លួន​ បណ្ដាល​ឱ្យ​ទាហាន​ម្នាក់​នេះ​ត្រូវ​របួស​ ប៉ុន្តែ​ទាហាន​កូរ៉េខាង​ត្បូង​បាន​សង្គ្រោះ​ទាន់ពេល​។

ហេតុ​ការណ៍​ផ្ទុះ​អាវុធ​ចុង​ក្រោយ​នេះ ត្រូវ​បាន​កូរ៉េខាង​ជើង​ធ្វើ​ឡើង​​ក្រោយ​ពី​សារ​ព័ត៌មាន​កូរ៉េខាង​ជើង​ផ្សាយ​ថា មេដឹក​នាំ​កូរ៉េខាង​ជើង​ លោក Kim Jong-un បាន​បង្ហាញ​ខ្លួន​ឡើង​វិញ​ បន្ទាប់​ពី​អវត្តមាន​​ជិត​3សប្ដាហ៍​​។

រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ មិន​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​ព័ត៌មាន​​ដែល​សហរដ្ឋអាមេរិក​ក្ដាប់បាន​​ទាក់​ទិន​នឹង​អវត្តមាន​របស់​មេដឹក​នាំ​កូរ៉េខាង​ជើង​ ក៏ដូចជា​ដំណឹង​ចចាម​អារ៉ាម​អំពី​សុខ​ភាព​លោក​ Kim Jong-un នោះ​ទេ​។

សហរដ្ឋ​អាមេរិក​ថា កូរ៉េខាង​ជើង​បាញ់​ទៅ​លើ​កូរ៉េខាង​ត្បូង​គឺ​ដោយ​សារ​ "​អចេតនា"លោក Mike Pompeo ថ្លែង​ថា “យើង​ក៏​មើល​ឃើញ​ដូច​អ្វី​ដែល​ពិភព​លោក​មើល​ឃើញ​កាល​ពី​ម្សិល​មិញ​នោះ​ដែរ​។ ប្រហែល​ជា​លោក​ប្រធាន​ Kim នៅ​តែ​មាន​ជីវិត​ និង​មាន​សុខ​ភាព​ល្អ។ ភារ​កិច្ច​របស់​យើង​នៅ​តែ​មិន​​ប្ដូរ​ផ្លាស់​ នោះ​គឺ​ការ​បញ្ចុះ​បញ្ចូល​កូរ៉េខាង​ជើង​ឱ្យ​បោះ​បង់​អាវុធ​នុយ​ក្លេ​អែរ​ និង​បង្កើត​អនាគត​ល្អ​ប្រសើរ​ជាង​នេះ សម្រាប់​ប្រជា​ជន​កូរ៉េខាង​ជើង​”៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

Leave a Reply

Your email address will not be published. Required fields are marked *