បន្ទាប់ពីបានបាត់ខ្លួនរយៈពេល20ថ្ងៃ និងបានធ្វើឱ្យពិភពលោករំជើបរំជួល ចុងក្រោយ លោក Kim Jong-un ក៏បានបង្ហាញខ្លួននៅក្នុងពិធីសម្ពោធបើកដំណើរការរោងចក្រផលិតជីមួយ កាលពីម្សិលមិញ (1ឧសភា)។
មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un បានកាត់ខ្សែបូក្នុងពិធីសម្ពោធរោងចក្រផលិតជី Sunchon ដែលមានទីតាំងស្ថិតនៅចម្ងាយ50គមទៅទិសខាងជើងនៃរដ្ឋធានីព្យុងយ៉ាង ក្នុងថ្ងៃពលកម្មអន្តរជាតិ 1ឧសភា។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ក្នុងថ្ងៃនេះ (2ឧសភា)ថា អ្នកដែលមានវត្តមានទាំងអស់ បាននាំគ្នាស្រែកកញ្ជ្រៀវ នៅពេលលោក Kim Jong-un បានបង្ហាញខ្លួន។ មេដឹកនាំកូរ៉េខាងជើង ក៏បានធ្វើទស្សនកិច្ចរោងចក្រនេះ និងត្រូវបាន “ណែនាំទ្រួសៗអំពីដំណើរការនៃការផលិតផងដែរ។
KCNA បានឱ្យដឹងថា ក្នុងចំណោមមន្ត្រីដែលបានអមដំណើរលោក Kim Jong-un ចូលរួមពិធីសម្ពោធនេះ ក៏មានវត្តមានប្អូនស្រីរបស់លោក គឺលោកស្រី Kim Yo-jong ផងដែរ។ មេដឹកនាំរួមនេះ បានសម្ដែងការពេញចិត្តជាមួយនឹងរោងចក្រផលិតជីមួយនេះ។
កូរ៉េខាងជើងគឺជាប្រទេសអាថ៌កំបាំងបំផុតនៅលើភពផែនដី ដោយពិភពលោកអាចតាមដានព័ត៌មានអំពីមេដឹកនាំប្រទេសនេះតាមរយៈសារព័ត៌មានរបស់រដ្ឋកូរ៉េខាងជើងតែប៉ុណ្ណោះ។
នេះគឺជាលើកដំបូងហើយដែលលោក Kim Jong-un បានបង្ហាញវត្តមាន បន្ទាប់ពីបានបាត់ខ្លួនអស់រយៈពេល20ថ្ងៃ។ ដំណឹងចចាមអារ៉ាមជាច្រើនបានកើតឡើង ទាក់ទិននឹងសុខភាពរបស់លោក Kim Jong-un ដោយសារតែអវត្តមានរបស់លោក ក្នុងនោះមានទីភ្នាក់ងារសារព័ត៌មានជាច្រើនចេញផ្សាយថា មេដឹកនាំកូរ៉េខាងជើងកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់ជីវិត បន្ទាប់ពីទទួលការវះកាត់ព្យាបាលជំងឺបេះដូង៕
ប្រភព៖ សារព័ត៌មានបរទេស