Skip to content

បាតុករ​អាមេរិកាំង កាន់​កាំភ្លើង​ចូល​វិមាន​សភា ទាម​ទារ​ឱ្យ​ដក​បម្រាម​គោចរ

បាតុករ​រាប់​សិប​នាក់​ ក្នុង​នោះ​មាន​ទាំង​អ្នកកាន់​កាំភ្លើង​ក្នុង​ដៃផងដែរ​​ បាន​នាំ​គ្នា​ចូល​ទៅកាន់​វិមាន​សភា​របស់​រដ្ឋ Michigan នៃ​សហរដ្ឋ​អាមេរិក​​កាល​ពី​ថ្ងៃទី​30មេសា​កន្លង​ទៅ​ ដើម្បី​ស្នើ​ឱ្យ​អភិបាល​រដ្ឋ​ដក​បម្រាម​គោចរ​។

ក្រុម​បាតុករ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​សាល​រង់​ចាំ​នៃ​អាគារ​​សភា​នៅក្នុង​ទីក្រុង​​ Lansing ដោយ​គ្មាន​អ្នក​ណា​ម្នាក់​ពាក់​ម៉ាស់​ ប៉ុន្តែ​មាន​បាតុ​ករ​មួយ​ចំនួន​បាន​យក​កន្សែង​បិទ​មុខ​។ ក្រុម​មន្ត្រី​នគរ​បាល​បាន​ឃាត់មិន​ឱ្យ​ក្រុម​បាតុករ​​​ចូល​ក្នុង​បន្ទប់​ប្រជុំ​។ បាតុករ​ខ្លះ​ ឈរ​នៅ​ខាងក្រៅ​ អ្នក​ខ្លះ​កាន់​បដា​ដែលមាន​សរសេរ​ខ្លឹម​សារប្រឆាំង​នឹង​បម្រាម​គោចរ​ ក្នុង​នោះ​ក៏​មាន​បដា​ខ្លះ​ ប្រៀប​ធៀប​អភិបាល​រដ្ឋ Michigan ទៅ​នឹង​មេដឹក​នាំ​ណាហ្ស៊ី Adolf Hitler​ ទៀត​ផង។

សមាជិក​សភា​ជាន់ខ្ពស់នៃ​រដ្ឋ​ Michigan​ លោក​ស្រី Dayna Polehanki បាន​ឱ្យ​ដឹង​នៅ​លើ​ទំព័រ​ Twitter ថា “បុរស​មួយ​ចំនួន​កាន់​កាំភ្លើង​ក្នុង​ដៃ​ ស្រែក​ប្រឆាំង​យើង​ខ្ញុំ។ មិត្ត​រួម​ការ​ងារ​មួយ​ចំនួន​របស់​ខ្ញុំ ក៏​ត្រូវ​ពាក់​អាវក្រោះ​ការ​ពារ​គ្រាប់ទៀត​ផង​”។

បាតុករ​អាមេរិកាំង កាន់​កាំភ្លើង​ចូល​វិមាន​សភា ទាម​ទារ​ឱ្យ​ដក​បម្រាម​គោចរបាតុកម្ម​នេះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា ជនជាតិ​អាមេរិកាំង​ស្នេហា​ជាតិ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​សាមគ្គី​ដើម្បី​សេរី​ភាព​​របស់​រដ្ឋ​ Michigan។ ក្រុម​នេះ​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ Facebook ថា “យើង​មិន​សុខ​ចិត្ត​ចំពោះ​ការ​​ដែល​សិទ្ធិ​មិន​អាច​ប្រកែក​បាន​របស់​យើង​ខ្ញុំ ត្រូវ​បាន​រឹត​ត្បិត​ ឬ​ដកហូត​ដោយ​ប្រការ​ណា​មួយ​​ រួម​ទាំង​ COVID-19​ ផងដែរ​”។

ក្រុម​នេះ​សរសេរ​ទៀត​ថា “យើង​ខ្ញុំជឿ​ជាក់​ថា ជនជាតិ​អាមេរិកាំង​និយាយ​រួម និង​អ្នក​ស្រុក​ Michigan និយាយ​ដោយ​ឡែក​ គឺសុទ្ធ​តែ​មាន​សិទ្ធិ​ធ្វើ​ការ​ដើម្បី​ចិញ្ចឹម​គ្រួ​សារ​ មាន​សិទ្ធិ​ដើរ​ហើរ​ មាន​សិទ្ធិ​ប្រមូល​ផ្ដុំ​គ្នា​ជា​លក្ខណៈ​សាសនា​ មាន​សិទ្ធិ​ធ្វើបាតុ​កម្ម​ប្រឆាំង​រដ្ឋាភិបាល​ និង​មាន​សិទ្ធិ​សម្រេច​លើបញ្ហា​សុខ​ភាព​របស់​ខ្លួន​”។

បាតុករ​អាមេរិកាំង កាន់​កាំភ្លើង​ចូល​វិមាន​សភា ទាម​ទារ​ឱ្យ​ដក​បម្រាម​គោចរបាតុ​កម្ម​ខាងលើ​នេះ បាន​កើតឡើង​មួយ​ថ្ងៃ​ បន្ទាប់​ពី​តុលាការ​ Michigan បាន​ចេញ​សាល​ក្រម​មួយ​ដែល​និយាយ​ថា សារាចរ​ណែនាំ​ឱ្យ​ពល​រដ្ឋ​នៅ​ក្នុង​ផ្ទះ​ចាប់​ពី​ថ្ងៃទី​24​មីនា​របស់​លោក​ស្រី​ Gretchen Whitmer ដែល​ជា​អភិបាល​រដ្ឋ​ Michigan គឺ​មិន​បំពាន​រដ្ឋ​ធម្មនុញ្ញ​នោះ​ទេ​។ កាល​ពី​ថ្ងៃទី​16​មេសា បាតុករ​ប្រមាណ​ជា​3,000​នាក់​ ក្នុងនោះ​មាន​អ្នក​ខ្លះ​យក​កាំភ្លើង​តាម​ខ្លួន បានប្រមូល​ផ្ដុំ​គ្នា​នៅ​ Lansing បណ្ដាល​ឱ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​​នៅ​ជុំ​វិញ​អាគារ​រដ្ឋ​សភា​។ មួយ​ថ្ងៃ​ក្រោយ​មក លោក​ Trum ក៏បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​ក្រុម​បាតុករ​នេះ​។

សហរដ្ឋ​អាមេរិក​​គឺជា​សម្បុក​មេរោគ​កូរ៉ូណា​ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​ ដោយ​មាន​អ្នកជំងឺ​សរុប​​ជាង​1លាន​នាក់​ ក្នុង​នោះ​មាន​ជិត​64,000​នាក់​បាន​ស្លាប់​ និង​ប្រមាណជា​156,000​នាក់​បាន​ជា​សះស្បើយ​។ រដ្ឋ​ Michigan មាន​អ្នក​ជំងឺ​ COVID-19 ជាង​3,500នាក់​បាន​បាត់​បង់​ជីវិត។ នេះ​បើ​តាម​ស្ថិតិ​របស់​សាកល​វិទ្យា​ល័យ​ Johns Hopkins៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Leave a Reply

Your email address will not be published. Required fields are marked *