អ្នកនៅទីក្រុង New York រាប់ពាន់នាក់បានចូលរួមបុណ្យសពរបស់បព្វជិតសាសនាយូដាម្នាក់ បើទោះជាទីក្រុងនេះកំពុងស្ថិតក្នុងបម្រាមគោចរទប់ស្កាត់ COVID-19 ក៏ដោយ ធ្វើឱ្យសមត្ថកិច្ចត្រូវចាត់វិធានការ។
Dermot Shea ដែលជាស្នងការនគរបាលទីក្រុង New York ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី29មេសាថា មនុស្សរាប់ពាន់នាក់នៅ Williamsburg ក្នុងតំបន់ Brooklyn បានប្រមូលផ្ដុំគ្នាកាលពីយប់មុននោះដើម្បីចូលរួមបុណ្យសព្វរបស់បព្វជិតយូដាម្នាក់ឈ្មោះ Chaim Mertz ដែលបានស្លាប់ដោយសារឆ្លងវីរុសCOVID-19។
ថ្នាក់ដឹកនាំសាសនិកយូដាមួយក្រុម នៅមុនថ្ងៃបុណ្យសព្វខាងលើ បានពិភាក្សាជាមួយក្រុមមន្ត្រីនគរបាលអំពីគម្រោងបិទផ្លូវមួយចំនួនក្នុងតំបន់នេះ ដើម្បីជួយឱ្យពិធីបុណ្យសពអាចរក្សាបានគំលាតពីសង្គម។ នេះបើតាម Mitchell Silber ដែលជាប្រធានប្រតិបត្តិនៃអង្គការផ្ដួចផ្ដើមដើម្បីសន្តិសុខសង្គម ជាកម្មវិធីការពារបណ្ដាអង្គការសហគមន៍ជនជាតិជ្វីហ្វដែលកាន់សាសនាយូដា។ ប៉ុន្តែ ទាំងសមត្ថកិច្ច ទាំងថ្នាក់ដឹកនាំអង្គការនេះ នឹកស្មានមិនដល់ថា ពិធីបុណ្យសពនេះមានមនុស្សចូលរួមរាប់ពាន់នាក់បែបនេះសោះ។
នៅចំពោះមុខការប្រមូលផ្ដុំគ្នាច្រើនបែបនេះ ដែលក្នុងនោះមានមនុស្សជាច្រើនមិនបានពាក់ម៉ាស់ អភិបាលក្រុង New York លោក Bill de Blasio ក៏ចេញបញ្ជាឱ្យប៉ូលិសបំបែកហ្វូងមនុស្ស។ បន្ទាប់មក មានសមត្ថកិច្ចយ៉ាងច្រើន រួមជាមួយនឹងរថយន្តល្បាត ត្រូវបានបញ្ជូនទៅកាន់ទីតាំងបុណ្យសព និងបានអនុវត្តបទបញ្ជា។
មន្ត្រីអង្គការសង្គមស៊ីវិលដែលពាក់ព័ន្ធនឹងជនជាតិជ្វីហ្វ(Jewish) និងមនុស្សមួយចំនួនទៀត ដែលជាអ្នកប្រតិបត្តិសាសនាយូដាខាងលើ បានចោទអភិបាលក្រុង New York ថា “រើសអើងពូជសាសន៍”។ ប៉ុន្តែ អភិបាលក្រុង New York ថា នេះគ្រាន់តែជាការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាតែប៉ុណ្ណោះ។
Jonathan Greenblatt ដែលជានាយកប្រតិបត្តិនៃសម្ព័ន្ធទប់ស្កាត់ការបរិហាកេរ្តិ៍ បាននិយាយថា ទីក្រុង New York គឺជាកន្លែងរស់នៅរបស់ជនជាតិជ្វីហ្វជាង1លាននាក់៕
ប្រភព៖ សារព័ត៌មានបរទេស