Skip to content

ឧទ្ធម្ភាគ​ចក្រ​យោធា​កាណាដា បាត់​ខ្លួន​នៅ​លើ​លម្ហ​សមុទ្រ​បរទេស

ឧទ្ធម្ភាគ​ចក្រ​ឈ្លប​យក​ការណ៍​ CH-148 បាន​បាត់​ខ្លួន​បន្ទាប់​ពី​បាន​ហោះ​ឡើង​ពី​នាវា​ចម្បាំង​អម​ការ​ពារ​ HMCS Frederiction ដែល​កំពុង​ធ្វើ​សម​យុទ្ធ​នៅ​លើ​លម្ហ​សមុទ្រ​ចន្លោះ​ដែន​ទឹក​​ក្រិក​ និង​អ៊ីតាលី​។

ក្រសួង​ការ​ពារ​ជាតិ​កាណាដា​ថ្ងៃ​នេះ​បាន​ចេញ​សេចក្ដី​ប្រកាស​ឱ្យ​ដឹង​ថា “ឧទ្ធម្ភាគ​ចក្រ​បាន​បាត់​ទំនាក់​ទំនង​នៅ​ពេល​កំពុង​ចូលរួម​សម​យុទ្ធ​យោធា​នៅ​លម្ហ​សមុទ្រ​​ប្រទេស​ក្រិក​ ក្នុង​យុទ្ធ​នាការ​ Reassurance”។ ក៏ប៉ុន្តែ សេចក្ដី​ប្រកាស​នេះ​មិ​ន​បាន​ឱ្យ​ដឹង​​អំពី​ចំនួន​មនុស្ស​ដែល​ជិះ​នៅ​លើ​ឧទ្ធម្ភាគ​ចក្រ​នេះ​នោះ​ទេ​។

ប្រភព​ព័ត៌មាន​ពី​កង​ទ័ព​ក្រិក​ ឱ្យដឹង​ថា​ ឧទ្ធម្ភាគ​ចក្រ​ដែល​បាន​បាត់​ខ្លួន​នេះ មាន​ដឹក​មនុស្ស​6​នាក់​ ខណៈ​កំពុង​ហោះ​ឆ្វែល​ត្រួត​ពិនិត្យ​លើ​ផ្ទៃ​សមុទ្រ​ចម្ងាយ​93​គម​ពី​កោះ​ Cephalonia ដែល​ស្ថិត​ក្រៅ​ការ​គ្រប់​គ្រង​របស់​ប្រទេស​ក្រិក​។ ក្រសួង​ការ​​ពារ​ជាតិ​ប្រទេស​ក្រិក​បាន​ត្រៀម​ជា​ស្រេច​ដើម្បី​ជួយ​ស្វែង​រក​ បើ​សិន​ជា​មាន​ការ​ស្នើ​ពី​ភាគី​អ៊ីតាលី​។

ឧទ្ធម្ភាគ​ចក្រ​យោធា​កាណាដា បាត់​ខ្លួន​នៅ​លើ​លម្ហ​សមុទ្រ​បរទេសអ្នក​នាំ​ពាក្យ​​នៃ​បញ្ជា​ការដ្ឋាន​កំពូល​របស់​សម្ព័ន្ធ​មិត្ត​អឺរ៉ុប​(SHAPE) ដែល​ជា​អង្គ​ភាព​ចាត់ចែង​​រាល់​យុទ្ធ​នាការ​យោធា​របស់ NATO បាន​ទទួល​ស្គាល់​ហេតុ​ការណ៍​នេះ​។ អ្នក​នាំ​ពាក្យ​រូប​នេះ ថ្លែង​ថា “ការ​ស្វែង​រក​ និង​សង្គ្រោះ​កំពុង​ធ្វើ​ឡើង​ ចំណែក​ប្រទេស​ម្ចាស់​ឧទ្ធម្ភាគ​ចក្រ​ក៏​ត្រូវ​បាន​ជូន​ដំណឹង​រួច​រាល់​ហើយ​”។

សូម​បញ្ជាក់​ថា សមយុទ្ធ​ខាង​លើ​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​លើ​លម្ហ​សមុទ្រ​ Ionian ដែល​ស្ថិត​នៅ​ចន្លោះ​ដែន​សមុទ្រ​អ៊ីតាលី និង​ក្រិក​ ដោយ​មាន​ការ​ចូល​រួម​ពី​បណ្ដា​ប្រទេស​ក្នុង​អង្គ​ការ​ NATO។ នាវា​ចម្បាំង​អ៊ីតាលី និង​ទួរគី បាន​ចាក​ចេញ​ពី​តំបន់​សមុទ្រ​ក្រិក​ ឆ្ពោះ​ទៅ​កាន់​លម្ហ​សមុទ្រ​អ៊ីតាលី​កាល​ពី​ថ្ងៃទី​29​មេសា​៕

ប្រភព៖ សារ​ព័ត៌មានបរទេស

Leave a Reply

Your email address will not be published. Required fields are marked *