លោក Donald Trump បានថ្លែងថា នឹងទាមទារឱ្យចិនសងការខូចខាតដោយសារ COVID-19 ហើយទំហំទឹកប្រាក់ដែលកំពុងលើកយកមកពិភាក្សា គឺពិតជាធំខ្លាំងណាស់។
“យើងមិនសប្បាយចិត្តជាមួយប្រទេសចិននោះទេ។ យើងមិនសប្បាយចិត្តជាមួយនឹងស្ថានភាពរួម ព្រោះថាយើងជឿជាក់ថា ស្ថានភាពនេះអាចទប់ស្កាត់នៅនឹងប្រភពនៃវីរុសនេះ។ វាអាចត្រូវបានទប់ស្កាត់យ៉ាងឆាប់រហ័ស និងមិនរាលដាល់ទូទាំងពិភពលោក” ប្រធានាធិបតីអាមេរិកាំង លោក Donald Trump មានប្រសាសន៍បែបនៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯសេតវិមាន កាលពីថ្ងៃទី27មេសា (ត្រូវនឹងថ្ងៃទី28នៅកម្ពុជា)។
លោក Trump បន្តថា “មានវិធីជាច្រើនដែលធ្វើឱ្យពួកគេត្រូវទទួលខុសត្រូវ។ យើងកំពុងធ្វើការស៊ើបអង្កេតដោយម៉ឺងម៉ាត់ដូចអ្នករាល់គ្នាអាចដឹង”។
បទវិចារណថាថ្មីមួយដែលត្រូវបានចុះផ្សាយនៅប្រទេសអាល្លឺម៉ង់ បានទាមទារឱ្យប្រទេសចិនសងការខូចខាតផ្នែកសេដ្ឋកិច្ចដល់ទៅ165ពាន់លានដុល្លារដែលបង្កឡើងដោយវីរុស COVID-19។ នៅពេលត្រូវបានសួរថា សហរដ្ឋអាមេរិកនឹងធ្វើបែបនេះដែរទេ លោក Trump ឆ្លើយថា “យើងអាចធ្វើអ្វីមួយដែលងាយស្រួលជាងនេះ”។
លោក Trump បន្តថា “អាល្លឺម៉ង់ កំពុងតែយកចិត្តទុកដាក់រាល់បញ្ហា យើងក៏ដូច្នេះដែរ។ យើងកំពុងពិភាក្សាអំពីទំហំទឹកប្រាក់ដែលច្រើនជាងប្រទេសអាល្លឺម៉ង់កំពុងតែធ្វើ។ យើងមិនទាន់បានកំណត់តួលេខ(ទំហំទឹកប្រាក់)ចុងក្រោយនៅឡើយ តែវាច្រើនណាស់។ នេះគឺជាការខាតបង់ទូទាំងសកលលោក។ នេះគឺជាការខូចខាតរបស់សហរដ្ឋអាមេរិក ប៉ុន្តែក៏ជាការខូចខាតរបស់ពិភពលោកទាំងមូលផងដែរ”។
សហរដ្ឋអាមេរិកគឺជាសម្បុកមេរោគ COVID-19 ធំជាងគេក្នុងពិភពលោក ដោយមានអ្នកជំងឺជាង985,000នាក់ ក្នុងនោះមានអ្នកជំងឺជិត56,000នាក់បានស្លាប់។
COVID-19 បានចាប់ផ្ដើមឆ្លងរាលដាលនៅប្រទេសចិនកាលពីខែធ្នូ ឆ្នាំ2019 ហើយបច្ចុប្បន្ន វីរុសនេះបានរាលដាល់ដល់ប្រទេស និងដែនដីជាង200 នៅជុំវិញពិភពលោក បណ្ដាលឱ្យមនុស្សជាង3លាននាក់បានឆ្លងមេរោគ ក្នុងនោះមានជាង210,000នាក់បានបាត់បង់ជីវិត និងជិត892,000នាក់បានជាសះស្បើយ៕
ប្រភព៖ សារព័ត៌មានបរទេស