NASA កំពុងតែតាមដានការបំផ្លាស់ទីរបស់អាចម៍ផ្កាយស្ថិតក្នុងថ្នាក់ Apollo ដែលត្រូវបានគេចាត់ទុកថា ជាវត្ថុអវកាសគ្រោះថ្នាក់បំផុត ព្រោះតែគន្លងគោចររបស់ពួកវាត្រូវហោះកាត់គន្លងគោចររបស់ពិភពផែនដី។
អាចម៍ផ្កាយដែលមានអង្កត់ផ្ចិតប្រហែលពី210-470ម៉ែត្រនេះ កំពុងតែហោះតម្រង់មកកាន់ផែនដី ហើយវានឹងមកក្បែរពិភពលោករបស់មនុស្សនៅថ្ងៃទី7ឧសភា។ នេះបើតាមមជ្ឈមណ្ឌលសិក្សាអំពីវត្ថុអវកាសក្បែរផែនដីរបស់អង្គការ NASA។ អាចម៍ផ្កាយនេះ ត្រូវបានគេដាក់ឈ្មោះថា 2009 XO ឬ 438908។
2009 XO ត្រូវបានដាក់ចូលទៅក្នុងក្រុមវត្ថុអវកាសដែលមានលទ្ធភាពបង្កគ្រោះថ្នាក់ និងស្ថិតក្នុងថ្នាក់អាចម៍ផ្កាយ Apollo។ នេះមានន័យថា គន្លងគោចររបស់វា គឺហោះកាត់ទទឹងគន្លងគោចររបស់ផែនដី។ អាចម៍ផ្កាយនេះនឹងបំផ្លាស់ទីក្នុងល្បឿន 12.7គម នៅក្នុង1វិនាទី។ នៅក្នុងយប់ថ្ងៃទី7ឧសភា វានឹងហោះមកជិតផែនដីបំផុតក្នុងរយៈចម្ងាយប្រហែល3.4លានគម។ 2009 XO ហោះជុំវិញព្រះអាទិត្យទៅតាមគន្លងគោចរដែលមានរយៈពេល926ថ្ងៃ និងស្ថិតនៅចម្ងាយ127.5លានគម។
បណ្ដាអាចម៍ផ្កាយដែលស្ថិតក្នុងថ្នាក់ Apollo ចំណាយពេលវេលាភាគច្រើនរបស់វានៅខាងក្រៅគន្លងគោចររបស់ផែនដី ដែលខុសពីបណ្ដាអាចម៍ផ្កាយដែលស្ថិតក្នុងថ្នាក់ Aten។ ក៏ប៉ុន្តែ NASA នៅតែតាមដានយ៉ាងយកចិត្តទុកដាក់លើអាចម៍ផ្កាយមួយចំនួនដែលស្ថិតក្នុងថ្នាក់នេះ ដោយសារតែពួកវាអាចបង្កគ្រោះថ្នាក់ធំធេង បើសិនជាហោះមកប៉ះនឹងផែនដី៕
ប្រភព៖ Sputnik