សារព័ត៌មាន Daily Mail បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក បច្ចុប្បន្នជំពាក់បំណុលធនាគារប្រទេសចិនរាប់សិបលានដុល្លារ ហើយថា នឹងពន្យារពេលបង់ប្រាក់សងធនាគារនេះនៅឆ្នាំ2022 (ពាក់កណ្ដាលអាណត្តិទី2របស់លោក Trump បើសិនលោកជាប់ឆ្នោតម្ដងទៀត)។
សិទ្ធិកាន់កាប់របស់លោក Trump ចំពោះអគារ Manhattan ដែលមាន43ជាន់ ត្រូវបានគេដឹងជាទូទៅអស់រយៈពេលច្រើនឆ្នាំមកហើយ ព្រមទាំងត្រូវបានលើកឡើងនៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់លោកTrump កាលពីឆ្នាំ2015ទៀតផង។
សារព័ត៌មាន Daily Mail បានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាន់កាប់ភាគហ៊ុនចំនួន30% នៅក្នុងអគារ 1290 Avenue of the Americas នៅឯទីក្រុងនីវយ៉ក សហរដ្ឋអាមេរិក។ អគារនេះ ត្រូវបានគេដឹងថា មានតម្លៃសរុបឡើងដល់ជាង1ពាន់លានដុល្លារ។
អគារ Trump Tower ដែលស្ថិតនៅតាមបណ្ដោយផ្លូវ 1290 នេះ គឺជាផ្នែកមួយនៃមោទកភាពរបស់លោក Trump នៅពេលលោកធ្វើយុទ្ធនាយការរកសំឡេងឆ្លោតសម្រាប់តំណែងប្រធានាធិបតីក្នុងឆ្នាំ2015។
លោក Trump បានថ្លែងកាលពីឆ្នាំ2015 នៅក្នុងអគារ Trump Tower ថា “ខ្ញុំបានយកឈ្នះលើប្រទេសចិនជាច្រើនជាបន្តបន្ទាប់។ ខ្ញុំបានកាន់កាប់មួយផ្នែកធំនៃអគារ Bank of America នៅ San Francisco និងអគារ 1290 Avenue ដែលខ្ញុំយកបានពីចិននៅក្នុងការប្រកួតប្រជែងមួយ។ ពិតជាមានតម្លៃខ្លាំងណាស់។ ខ្ញុំស្រឡាញ់ប្រទេសចិន”។
បើយោងតាមទំព័រ Politico បានឱ្យដឹងថា ដៃគូរបស់លោក Trump គឺក្រុមហ៊ុន Vornado Realty Trust កំពុងកាន់កាប់70%នៃអគារខាងលើ ចាប់តាំងពីឆ្នាំ2012 នៅពេលខ្ចីប្រាក់950លានដុល្លារដើម្បីសងបំណុលលើខ្ទង់វិនិយោគទៅលើអគារនេះ។ ក្នុងនោះ ទឹកប្រាក់ប្រមាណជា 211លានដុល្លារ បានមកពីកម្ចីពីធនាគារចិន (BOC)។
លោក Trump ធ្លាប់បានប្រកាសថានឹងដកខ្លួនចេញពីតួនាទីជាអ្នកគ្រប់គ្រងអាជីវកម្មក្នុងអំឡុងរដូវបោះឆ្នោតប្រធានាធិបតីឆ្នាំ2016 បើសិនជាលោកជាប់ឆ្នោត។
ក៏ប៉ុន្តែ មនុស្សជាច្រើនយល់ថា លោក Trump នៅតែមិនព្រមបោះបង់អាណាចក្រជំនួញរបស់ខ្លួន ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាង500 និងអចលនទ្រព្យនៅក្នុងប្រទេសជាង20 នៅក្នុងពិភពលោក ខណៈបានក្លាយជាម្ចាស់សេតវិមានទៅហើយ។ លោកនៅតែគ្រប់គ្រង Trump Organization បើទោះជាបានប្រគល់សិទ្ធិចាត់ចែងទៅឱ្យកូនប្រុស2រូបរបស់ខ្លួនរួចហើយក្ដី។
កាលពីខែមករា2019 លោក Trump ធ្លាប់បានអំពាវនាវឱ្យមានការស៊ើបអង្កេតលើទំនាក់ទំនងរបស់អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដែលជាបេក្ខភាពលំដាប់កំពូលរបស់បក្សប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកាំងឆ្នាំ2020 ដែលសំដៅទៅលើទំនាក់ទំនងរបស់កូនប្រុសលោក Biden ជាមួយនឹងមូលនិធិមួយដែលបានស្វែងរកវិធីប្រមូលទុនពីប្រទេសចិន។
លោក Trump យល់ថា លោក Hunter Biden បានកេងចំណេញលើឥទ្ធិពលរបស់ឪពុកខ្លួន (លោក Joe Biden) ពេលដែលកំពុងកាន់កាប់តំណែងអនុប្រធានាធិបតី ដើម្បីទទួលបានប្រាក់ 1.5ពាន់លានដុល្លារពីរដ្ឋាភិបាលចិនសម្រាប់មូលនិធិភាគហ៊ុនរបស់ខ្លួន ហើយរកបានប្រាក់ចំណេញរាប់លានដុល្លារពីអំពើកេងខាងលើនេះ។
កាលពីដើមខែមេសា ឆ្នាំ2020 ក្រុមអ្នកធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់លោក Trump បានបង្ហោះសារមួយនៅលើបណ្ដាញសង្គមដែលមានខ្លឹមសារថា “ហេតុអ្វីបានជាធនាគារជាតិចិន បែរជាសហការជាមួយ Hunter Biden ពេលដែលឪពុករបស់គាត់កំពុងកាន់តំណែងជាអនុប្រធានាធិបតី?”។
ថ្មីៗនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯសេតវិមាន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump យល់ថា “ប្រទេសចិននឹងគ្រប់គ្រង Joe Biden” នេះមានន័យថា បើសិនជាលោក Biden ជាប់ឆ្នោតជាប្រធានាធិបតី នៅក្នុងការបោះឆ្នោតនាខែវិច្ឆិកា ឆ្នាំ2020ខាងមុខ នោះប្រទេសចិននឹងអាចគ្រប់គ្រប់សហរដ្ឋអាមេរិក។
ប្រធានាធិបតី Donald Trump នៅតែរិះគន់ជាហូរហែអំពីទំនាក់ទំនងរវាងគូប្រកួតរបស់គាត់ គឺលោក Joe Biden ជាមួយនឹងប្រទេសចិន ក៏ប៉ុន្តែ លោក Trump បានភ្លេចថា ខ្លួននៅជំពាក់លុយយ៉ាងច្រើននៅធនាគាររបស់ប្រទេសចិន ហើយប្រការនេះអាចនឹងធ្វើឱ្យមានការលំបាកធំធេងសម្រាប់លោក ក្នុងយុទ្ធនាការរកសំឡេងឆ្នោតនៅចុងឆ្នាំ2020នេះ។
អ្នកជំនាញការ Robert Maguire មកពីអង្គការពលរដ្ឋដើម្បីការទទួលខុសត្រូវនិងក្រមសីលធម៌ ប្រចាំទីក្រុងវ៉ាស៊ីងតោន បានអះអាងថា “លោក Trump រិះគន់ទៅលើការរកស៊ីរបស់ Hunter ប៉ុន្តែ លោក Trump កំពុងតែកាន់កាប់ក្រុមហ៊នដែលរកបានប្រាក់ចំណេញពីបណ្ដាទំនាក់ទំនងហិរញ្ញវត្ថុជាមួយនឹងបណ្ដាប្រទេសដែលលោកកំពុងតែជំនួសមុខឱ្យប្រជាជនអាមេរិាំងក្នុងការចរចានានា”។
មិនត្រឹមតែប៉ុណ្ណោះ គម្រោងអចលនទ្រព្យជាន់ខ្ពស់2ផ្សេងទៀតដែលមានឈ្មោះ Trump នៅឯ អារ៉ាប់រួម (UAE) និងឥណ្ឌូនេស៊ី បែរជាកំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុនជាតិរបស់ចិនទៅវិញ។ លោកប្រធានាធិបតី Trump និងកូនស្រីរបស់គាត់ គឺលោកស្រី Ivanka ទទួលបានកម្មសិទ្ធិលើពាណិជ្ជសញ្ញារាប់រយពីរដ្ឋាភិបាលចិនផងដែរ៕
ប្រភព៖ Daily Mail, Politico