សារព័ត៌មានជប៉ុនបានឱ្យដឹងថា តាំងពីចុងឆ្នាំ2019 កូរ៉េខាងជើងបានសម្រេចហើយថា ក្នុងករណីចាំបាច់នៅប្រទេសនេះ ប្អូនស្រីរបស់លោក Kim Jong-un គឺលោកស្រី Kim Yo-jong នឹងឡើងកាន់កាប់តំណែងជាន់ខ្ពស់បំផុតរបស់ប្រទេសនេះ។ ក៏ប៉ុន្តែ លោក Thae Yong-ho អតីតអ្នកការទូតកូរ៉េខាងជើងបានថ្លែងថា ជាក់ស្ដែង ក្នុងក្រសែភ្នែករបស់ក្រុមព្រឹទ្ធាចារ្យ លោកស្រី Kim Yo-jong នៅតែជាក្មេងស្រីមួយតែប៉ុណ្ណោះ និងពិបាកក្នុងការគ្រប់គ្រងស្ថានការណ៍ក្នុងប្រទេសជាតិ។ ដូច្នេះ បេក្ខភាពដែលស័ក្ដិសមបំផុតសម្រាប់ស្នងតំណែងកំពូលនេះ អាចជា Kim Pyong-il ដែលត្រូវជាឪពុកមារបស់លោក Kim Jong-un។
CNN បានចេញផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un បានធ្លាក់ខ្លួនឈឺធ្ងន់ក្រោយពីបានឆ្លងកាត់ការវះកាត់ព្យាបាលបេះដូង។ ថ្វីបើដំណឹងនេះមិនទាន់ត្រូវបានបញ្ជាក់ ប៉ុន្តែវាបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់បណ្ដាប្រទេសដែលស្និទ្ធនឹងកូរ៉េខាងជើង។ មុននេះ សារព័ត៌មានជប៉ុន Shukan Gendai (週刊現代, Modern Weekly) បានបង្ហើបឱ្យដឹងថា លោក Kim Jong-un មិនទាន់បាត់បង់ជីវិតនោះទេ ប៉ុន្តែ ដោយសារតែកំហុសបច្ចេកទេសក្នុងការវះកាត់ព្យាបាលបេះដូង មេដឹកនាំកូរ៉េខាងជើងរូបនេះបានក្លាយជាមនុស្សគ្មានវិញ្ញាណ ហើយម្យ៉ាងទៀត ក្រុមមន្ត្រីកូរ៉េខាងជើង ក៏មិនបានចេញមកបដិសេធព័ត៌មានទាំងនេះនោះដែរ។ ការស្ងាត់ស្ងៀមរបស់កូរ៉េខាងជើងបែបនេះ ធ្វើឱ្យពិភពក្រៅប្រទេសយល់អំពីស្ថានភាពដែលប្រទេសនេះកំពុងជួបប្រទះ។
ក្នុងករណីមិនដឹងច្បាស់អំពីស្ថានភាពសុខភាពរបស់លោក Kim Jong-un អ្នកស្នងតំណែងរបស់លោក បានក្លាយជាប្រធានបទសំខាន់ដែលត្រូវបានពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង។ ប៉ុន្មានថ្ងៃកន្លងមកនេះ ទំព័រ Yomiuri Shimbun (ជប៉ុន) ទំព័រ JoongAng IIbo(កូរ៉េខាងត្បូង) និង KBS World បានដកស្រង់ប្រភពព័ត៌មានមួយពីកិច្ចពិភាក្សាបីភាគីរវាងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បង្ហើបឱ្យដឹងថា កូរ៉េខាងជើងបានដាក់ចេញផែនការបន្ទាន់កាលពីចុងឆ្នាំមុន។ នៅក្នុងកិច្ចប្រជុំរួមរបស់គណៈកម្មធិការកណ្ដាលនៃបក្សពលករកូរ៉េខាងជើង ដែលត្រូវបានធ្វើឡើងនៅទីក្នុងទីក្រុងព្យុងយ៉ាងកាលពីចុងឆ្នាំមុន បានសម្រេចថា បើសិនលោក Kim Jonog-un មិនអាចបំពេញភារកិច្ចរបស់ខ្លួនបាន ដោយសារតែបានទទួលមរណភាព ឬហេតុផលផ្សេង នោះសិទ្ធិអំណាចទាំងអស់របស់លោកនឹងត្រូវប្រគល់ជូនលោកស្រី Kim Yo-jong ជាអ្នកចាត់ចែង។
ក៏ប៉ុន្តែ កូរ៉េខាងជើងគឺជាប្រទេសដែលមានទស្សនៈរើសអើងលើស្ត្រីភេទយ៉ាងជ្រាលជ្រៅ។ ស្ត្រីម្នាក់ដែលឡើងកាន់អំណាចនៅប្រទេសនេះ គឺជារឿងមិនងាយស្រួលនោះឡើយ ហើយជាងនេះ ក៏អាចធ្វើឱ្យស្ថានភាពនៅកូរ៉េខាងជើង ធ្លាក់ទៅក្នុងគ្រោះថ្នាក់ក៏ថាបាន។ ដូច្នេះ ការដែលថាលោកស្រី Kim Yo-jong នឹងឡើងស្នងតំណែងពីលោក Kim Jong-un គឺជារឿងពិបាកកើតឡើង។ បេក្ខភាពដែលអាចនឹងស្នងតំណែងរបស់មេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្ន អាចមានដូចជា ទី1គឺលោក Kim Jong-chul ដែលជាបងប្រុសម្ដាយឪពុកតែមួយរបស់លោក Kim Jong-un និងទី2គឺកូនប្រុសច្បងអាយុ10ឆ្នាំរបស់លោក Kim Jong-un និងទី3គឺ Kim Pyong-il ដែលត្រូវជាឪពុកមា (ខាងឪពុក)របស់លោក Kim Jong-un។
អតីតមន្ត្រីការបរទេសម្នាក់របស់កូរ៉េខាងជើង ដែលបច្ចុប្បន្នជាសមាជិករដ្ឋសភាកូរ៉េខាងត្បូង គឺលោក Thae Ku-min (ឈ្មោះពិតគឺ Thae Yong-ho) នៅក្នុងកិច្ចសម្ភាសមួយជាមួយសារព័ត៌មាន People’s Daily នៃប្រទេសចិន នាពេលថ្មីៗនេះ និយាយថា នៅក្នុងក្រសែភ្នែករបស់បណ្ដាព្រឹទ្ធាចារ្យវ័យពី60-70ឆ្នាំនៅកូរ៉េខាងជើង លោកស្រី Kim Yo-jong ដែលមានវ័យ30ឆ្នាំ គឺគ្រាន់តែជាក្មេងស្រីម្នាក់តែប៉ុណ្ណោះ ហើយពិបាកនឹងធ្វើឱ្យពួកគេទទួលយកលោកស្រីជាអ្នកស្នងតំណែងកំពូលនេះ។ មួយវិញទៀត ក្រុមព្រឹទ្ធាចារ្យទាំងនេះ ក៏ត្រូវប្រឈមមុខជាមួយនឹងការព្រួយបារម្ភរយៈពេលវែងផងដែរ នោះគឺថាតើចង់បន្តដើរតាមរបបបច្ចុប្បន្នរបស់កូរ៉េខាងជើង ឬត្រូវធ្វើការជ្រើសរើសមេដឹកនាំថ្មីតាមឆន្ទះផ្ទាល់ខ្លួន។
លោក Thae Ku-min ឱ្យដឹងថា បើធៀបជាមួយលោក Kim Jong-un គេមើលឃើញថា លោក Kim Pyong-il ស័ក្ដិសមក្លាយជាអ្នកស្នងតំណែង។ លោក Kim Pyong-il គឺជាសមាជិករាជវង្សខ្សែ Kim ហើយលោកក៏ជាប្អូនប្រុសឪពុកតែមួយ ម្ដាយដោយខ្លួនរបស់អតីតមេដឹកនាំ Kim Jong-il ផងដែរ។ គេបានដឹងថា ជីតារបស់លោក Kim Jong-un គឺលោក Kim Il-sung ធ្លាប់មានបំណងលើកលោក Kim Pyong-il ឡើងស្នងរាជ។ ដូច្នេះ បន្ទាន់ពីលោក Kim Jong-il បានឡើងស្នងរាជ លោក Kim Pyong-il ក៏ត្រូវបានរុញច្រានទៅ “កៀនជញ្ជាំង” ដោយឱ្យទៅធ្វើការនៅក្រៅប្រទេស ក្នុងនាមជាឯកអគ្គរាជទូត និងត្រូវតាមដានយ៉ាងហ្មត់ចត់។ លោក Kim Pyong-il មិនបានត្រឡប់មកកូរ៉េខាងជើង រហូតដល់ខែវិច្ឆិកា ឆ្នាំ2019 ហើយមូលហេតុដែលលោកត្រឡប់មកប្រទេសវិញ គឺដោយសារ Kim Jong-un ចង់គ្រប់គ្រងលោកឱ្យបានល្អិតល្អន់ជាងមុន ដើម្បីទប់ស្កាត់ការលូកដៃពីបរទេសក្នុងការជួយឱ្យលោក Kim Pyong-il ក្លាយជាអ្នកស្នងរាជនៅកូរ៉េខាងជើង។
កូរ៉េខាងជើង មានឈ្មោះប្រទេសជាផ្លូវការថា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (Democratic People’s Republic of Korea) ក៏ពិតមែន ប៉ុន្តែ របបនេះត្រូវបានប្រជាជនកូរ៉េខាងជើងចាត់ទុកដូចជារបបរាជានិយម។ នៅកម្ពុជា ព្រះបរមរតនកោដិ ក៏ធ្លាប់មានបន្ទូលហៅមេដឹកនាំកូរ៉េខាងជើងថា “ព្រះអង្គៗ” ផងដែរ៕
ប្រភព៖ សារព័ត៌មានបរទេស