តាមរយៈរូបភាពពីផ្កាយរណប អង្គភាពព័ត៌មាន 38 North របស់សហរដ្ឋអាមេរិក បានឱ្យដឹងថា ក្បួនរថយន្តដែលត្រូវបានគេជឿថាជារបស់មេដឹកនាំកូរ៉េខាងជើង បានចតជាជួរនៅក្នុងតំបន់លម្ហែកាយរបស់ប្រទេសនេះ។
ទីភ្នាក់ងារសារព័ត៌មាន Reuters ដកស្រង់ព័ត៌មានពីអង្គភាពព័ត៌មាន 38 North ដែលមានជំនាញខាងស្រាវជ្រាវអំពីកូរ៉េខាងជើង មានមូលដ្ឋាននៅទីក្រុងវ៉ាស៊ិងតោន កាលពីថ្ងៃទី25មេសា បានឱ្យដឹងថា យោងទៅលើរូបភាពដែលចាប់បានដោយផ្កាយរណប ពួកគេបានរកឃើញថា មានក្បួនរថយន្តពាសដែកមួយក្រុម ត្រូវបានគេជឿថា ជារបស់មេដឹកនាំកូរ៉េខាងជើង កំពុងចតនៅឯយានដ្ឋានផ្ទាល់ខ្លួនរបស់លោក Kim Jong-un នៅក្នុងតំបន់ Wonsan កាលពីថ្ងៃទី21មេសា និង23មេសា។
បើទោះជាអង្គភាពព័ត៌មាន 38 North យល់ថា នេះជាក្បួនរថយន្តពិសេសរបស់មេដឹកនាំកូរ៉េខាងជើង ប៉ុន្តែ សារព័ត៌មាន Reuters មិនទាន់រកបានប្រភពព័ត៌មានដែលបញ្ជាក់អំពីដំណឹងនេះនៅឡើយ។
អង្គភាពសារព័ត៌មាន 38 North បានលើកឡើងថា “វត្តមានរបស់ក្បួរថយន្តនេះ មិនបានអះអាងអំពីទីតាំងបច្ចុប្បន្នដែលមេដឹកនាំកូរ៉េខាងជើងកំពុងស្ថិតនៅ ហើយក៏មិនបានឱ្យដឹងអំពីប្រការណាមួយស្ដីអំពីសុខភាពរបស់លោក (Kim Jong-un) នោះដែរ ប៉ុន្តែ រូបភាពទាំងនេះបានបញ្ជាក់ឡើងវិញអំពីព័ត៌មានដែលថា លោក Kim ប្រហែលជាកំពុងសម្រាកនៅក្នុងតំបន់លម្ហែកាយមួយនៅតំបន់មាត់សមុទ្រភាគខាងកើតប្រទេសកូរ៉េខាងជើង”។
មកដល់ពេលនេះ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង មិនបាននិយាយដល់បញ្ហាសុខភាពរបស់លោក Kim Jong-un សោះឡើយ។ ចំណែកក្រុមមន្ត្រីសហរដ្ឋអាមេរិកវិញ ក្នុងនោះមានលោក Donald Drump ជាដើម ធ្លាប់បានថ្លែងថា សហរដ្ឋអាមេរិកមិនបានដឹងអំពីបញ្ហាទាក់ទិននឹងសុខភាពរបស់មេដឹកនាំកូរ៉េខាងជើងនោះទេ។ កូរ៉េខាងត្បូងក៏បានសង្ស័យទៅលើដំណឹងអំពីសុខភាពរបស់លោក Kim Jong-un ផងដែរ៕
ប្រភព៖ Reuters