រដ្ឋបាលចិន បានបញ្ជូនក្រុមមន្ត្រី និងអ្នកជំនាញការខាងវេជ្ជសាស្ត្រ ទៅប្រទេសកូរ៉េខាងជើង ដើម្បីផ្ដល់ការណែនាំក្នុងការព្យាបាលលោក គីម ជុង អ៊ុន មេដឹកនាំកូរ៉េខាងជើង។ នេះបើតាមប្រភពស្និទ្ធនឹងប្រទេសខាងលើបានបង្ហើបឱ្យដឹង។
ការធ្វើដំណើរទៅប្រទេសមើមយិនស៊ឹនក្រហម របស់ក្រុមគណៈគ្រូពេទ្យ និងអ្នកតំណាងចិន កើតឡើងក្រោមព័ត៌មានចចាមអារ៉ាមដ៏ច្រើនថា លោក គីម ជុងអ៊ុន បានធ្លាក់ខ្លួនឈឺ ដល់ថ្នាក់កើតអាការខូម៉ា។
ប្រភពព័ត៌មាន 2នាក់ បានឱ្យដឹងថា ក្រុមគណៈអ្នកតំណាង ដែលដឹកនាំដោយមន្ត្រីថ្នាក់ខ្ពស់ចំណាស់ម្នាក់នៃគណៈកម្មការទំនាក់ទំនងអន្តរជាតិ របស់បក្សកុម្មុយនីស្តចិន បានចេញដំណើរពីទីក្រុងប៉េកាំង ទៅប្រទេសកូរ៉េខាងជើង កាលពីព្រឹកថ្ងៃព្រហស្បតិ៍(ទី23មេសា)។
ទាំងអស់នេះ អ្នកឆ្លើយឆ្លងព័ត៌មានរ៉យទ័រ នៅមិនទាន់អាចទាក់ទងគណៈកម្មការទំនាក់ទំនងអន្តរជាតិរបស់ចិន ដើម្បីសុំការអះអាងបាននៅឡើយទេ និងថែមទាំងមិនទាន់បានទទួលចម្លើយពីក្រសួងការបរទេសរបស់ប្រទេសចិននៅឡើយដូចគ្នា។
វេបសាយ Daily NK ដែលជាទីភ្នាក់ងារព័ត៌មាន របស់ក្រុមអ្នកភៀសខ្លួនកូរ៉េខាងជើងនៅក្នុងទីក្រុងសេអ៊ូល បានរាយការណ៍កាលពីដើមសប្ដាហ៍នេះថា លោក គីម កំពុងស្ថិតក្នុងអំឡុងពេលសម្រាកសះស្បើយពីការវះកាត់សរសៃឈាមបេះដូង កាលពីថ្ងៃទី12 មេសាកន្លងទៅ។
អាជ្ញាធររដ្ឋបាលកូរ៉េខាងត្បូង និងមន្ត្រីនៃគណៈកម្មការទំនាក់ទំនងអន្តរជាតិរបស់ចិនម្នាក់ បានចេញ មកបដិសេធរបាយការណ៍របស់ CNN ដែលថា លោក គីម ជុងអ៊ុន មានអាការធ្ងន់ធ្ងរ “ដល់ដំណាក់កាលវិបត្តិ” ខណៈដែលទីស្ដីការប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានអះអាងដែរថា មិនមានរកឃើញសញ្ញាណាមួយ ខុសប្រក្រតីពីខាងក្រុងព្យុងយ៉ាងឡើយ។
ក្នុងថ្ងៃព្រហស្បតិ៍(ទី23មេសា) លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក៏ជាមនុស្សម្នាក់ដែលបានចេញមកនិយាយក្នុងទំនងជាមិនសូវជឿព័ត៌មានរឿងលោក គីម ឈឺធ្ងន់ នេះដែរ។
លោកថ្លែងថា “ខ្ញុំគិតថា របាយការណ៍នេះ មិនត្រឹមត្រូវទេ” លោកបានប្រាប់ទៅអ្នកសារព័ត៌មាន តែក៏មិនបានអះអាងថា លោកបានទាក់ទងសាកសួរទៅក្រុមមន្ត្រីកូរ៉េខាងជើងហើយឬនៅដែរ។
ប្រភពព័ត៌មានក្នុងប្រទេសកូរ៉េខាងត្បូងម្នាក់ បានប្រាប់រ៉យទ័រកាលពីម្សិលមិញ(ទី24មេសា) ថា តាមរយៈសម្រង់ព័ត៌មានដែលពួកគេទទួលបាន គឺលោក គីម ជុងអ៊ុន នៅរស់នៅឡើយ ហើយប្រហែលជានឹងបង្ហាញខ្លួនចំពោះមុខសារព័ត៌មាន នាពេលឆាប់នេះដែរ។
ប្រភពព័ត៌មានម្នាក់ទៀត ដែលចូលដល់អង្គភាពសម្រង់ព័ត៌មានរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា ដូចដែលយើងបានដឹងស្រាប់ហើយថា លោក គីម ជុងអ៊ុន មានបញ្ហាសុខភាព ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានព័ត៌មានណាមួយ បញ្ជាក់ច្បាស់ថា គាត់ឈឺធ្ងន់ដល់ថ្នាក់ខូម៉ា ឬមិនអាចបង្ហាញខ្លួនចំពោះមុខសាធារណជនបាននោះទេ។
លោក គីម ជុងអ៊ុន បានបង្ហាញខ្លួនលើកចុងក្រោយបង្អស់ នៅក្នុងកិច្ចប្រជុំគណៈកម្មការនយោបាយរបស់បក្សពលករកូរ៉េ កាលពីថ្ងៃទី11 មេសា តែបែរជាមិនបានចូលរួមពិធីអបអរសាទរថ្ងៃខួបកំណើតអតីតប្រធានាធិបតី គីម អ៊ីលស៊ុង ស្ថាបនិករដ្ឋកូរ៉េក្រហម កាលពីថ្ងៃទី15 មេសា ដែលរឿងនេះ គឺជារឿងដែលខុសប្រក្រតីយ៉ាងខ្លាំង។
លោក គីម ដែលបច្ចុប្បន្ន ប្រហែលជាមានអាយុ 36ឆ្នាំ ធ្លាប់បានបាត់មុខពីសារព័ត៌មានរយៈពេល 1ខែ កាលពីឆ្នាំ2014 មុននឹងបង្ហាញខ្លួនឡើងវិញម្ដងទៀត ក្នុងសភាពដើរជើងប៉័ងពៀច។
ព័ត៌មានចចាមអារ៉ាមរឿងសុខភាពរបស់លោក គីម ចាប់ផ្ដើមលាន់ឮកាន់តែច្រើនឡើងជារឿយៗ ដោយសារតែគាត់ជាអ្នកញៀនបារីខ្លាំង ថែមទាំងកាន់តែធាត់ឡើងយ៉ាងចម្លែក ក្រោយពីឡើងទទួលតំណែងជាមេដឹកនាំកូរ៉េខាងជើងក្នុងឆ្នាំ2011 ក្រៅពីនេះ មនុស្សនៅក្នុងត្រកូលគីម ថែមទាំងធ្លាប់មានប្រវត្តិ ឈឺជំងឺបេះដូង ជាច្រើននាក់ទៀតផង។
អតីតមេដឹកនាំប្រទេសកូរ៉េក្រហម លោក គីម ចង់អ៊ីល ដែលជាឪពុករបស់លោក គីម ជុងអ៊ុន ធ្លាប់មានជំងឺសរសៃឈាមក្នុងខួរក្បាលក្នុងឆ្នាំ2008 ដែលកាលនោះ សារព័ត៌មានកូរ៉េខាងត្បូង បានរាយការណ៍ថា មានគ្រូពេទ្យពីប្រទេសចិន និងបារាំងចូលរួមក្នុងការព្យាបាលទៀតផង។
លោក គីម ជុងអ៊ុន ជាទាយាទជំនាន់ទី3 ដែលបានទទួលតំណែងបន្ត ជាមេដឹកនាំខ្ពស់បំផុត ក្រោយពីឪពុករបស់លោកបានស្លាប់ដោយសភាវគាំងបេះដូងកាលពីចុងឆ្នាំ2011។
លោក គីម ធ្លាប់បានធ្វើដំណើរទៅប្រទេសចិនរួចមកហើយចំនួន 4លើក តាំងពីឆ្នាំ2008 និងក្នុងឆ្នាំកន្លងទៅ លោកប្រធានាធិបតី ស៊ី ជីនភីង របស់ចិន ក៏ធ្លាប់បានទៅទស្សនកិច្ចប្រទេសកូរ៉េខាងជើងដែរ ដែលជាទស្សនកិច្ចបែបផ្លូវរដ្ឋ លើកដំបូងរបស់មេដឹកនាំចិនក្នុងរយៈពេល 14ឆ្នាំមកនេះ៕
ប្រភព៖ សារព័ត៌មានបរទេស