កិច្ចប្រជុំតាមរយៈវីដេអូរវាងបណ្ដាមេដឹកនាំប្រទេស G20 ត្រូវបានលុបចោលនៅនាទីចុងក្រោយ ព្រោះតែជម្លោះរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ទាក់ទិននឹងតួនាទីរបស់អង្គការសុខភាពពិភពលោក(WHO) នៅក្នុងការដោះស្រាយបញ្ហា COVID-19។
ប្រភពព័ត៌មានមួយសុំមិនបញ្ចេញឈ្មោះ ដែលមានការយល់ដឹងស៊ីជម្រៅអំពីបញ្ហាខាងលើ បានឱ្យដឹងថា កិច្ចប្រជុំនេះ តាមគម្រោងនឹងត្រូវធ្វើឡើងនៅក្នុងថ្ងៃទី24មេសា ប៉ុន្តែត្រូវបានលុបចោលទៅវិញ ព្រោះតែសហរដ្ឋអាមេរិកអះអាងថា អង្គការសុខភាពពិភពលោក ជាអ្នកទទួលខុសត្រូវចំពោះសកម្មភាពទប់ទល់នឹងវីរុសCOVID-19 ក្នុងដំណាក់កាលដំបូង ខណៈដែលប្រទេសចិន ប្ដេជ្ញាបដិសេធមិនជជែកអំពីសំណើរស៊ើបអង្កេតលើ WHO។
ប្រភពព័ត៌មានបានឱ្យដឹងថា កិច្ចប្រជុំកំពូលរបស់ក្រុមប្រទេស G20 នៅតែអាចត្រូវបានធ្វើឡើងនាពេលខាងមុខ បើសិនជាភាគីអាមេរិកាំង និងចិនយល់ព្រមលើការសម្របសម្រួលមួយជាមួយ WHO។
តាមគម្រោង កិច្ចប្រជុំកំពូលនឹងមានវត្តមានរបស់ប្រធានាធិបតីអាមេរិកាំង លោក Donald Trump និងប្រធានាធិបតីចិន លោក Xi Jinping។ ប៉ុន្តែ ចុងក្រោយ កិច្ចប្រជុំនេះមិនបានកើតឡើងនៅក្នុងរបៀបវារៈផ្លូវការដែលត្រូវបាន អារ៉ាប៊ីសាអ៊ូឌីត ដែលជាប្រធានបន្តវេនឆ្នាំនេះ ប្រកាសនោះទេ។
មកដល់ពេលនេះ គណៈកម្មធិការ G20 មិនទាន់បានចេញប្រតិកម្មជុំវិញព័ត៌មានខាងលើនេះនៅឡើយ។
Shen Dingli សាស្ត្រាចារ្យផ្នែកទំនាក់ទំនងកិច្ចការបរទេស មកពីសាកលវិទ្យាល័យ Fudan University នៅទីក្រុងសៀងហៃ ប្រទេសចិន បានឱ្យដឹងថា “ប្រទេសចិនយល់ថា អាមេរិកាំងផ្អាកផ្ដល់ជំនួយដល់ WHO គឺដើម្បីបង្វែរចំណាប់អារម្មណ៍លើការដឹកនាំទន់ខ្យោយក្នុងការទប់ស្កាត់ COVID-19 និងព្យាយាមទម្លាក់កំហុសទៅលើប្រទេសចិន ប៉ុន្តែ អាមេរិកាំងវិញ និយាយថា WHO គឺជាផ្នែកមួយនៃប្រទេសចិន ហើយប្រទេសចិនត្រូវតែទទួលខុសត្រូវទៅលើការខូចខាតធ្ងន់ធ្ងរនៅសហរដ្ឋអាមេរិក”។ លោក Shen Dingli បន្តថា “ទំនាក់ទំនងរវាងចិនជាមួយនឹងសហរដ្ឋអាមេរិក បានប្រែជាអាក្រក់ជាងមុន ដែលវាជាបញ្ហាគួរឱ្យព្រួយបារម្ភ។ អនាគតនឹងកាន់តែអាក្រក់ជាងនេះ”។
សូមរំឭកថា កិច្ចប្រជុំកំពូលដែលធ្វើឡើងតាមរយៈវីដេអូរវាងមេដឹកនាំនៃបណ្ដាក្រុមប្រទេស G20 ដែលពិភាក្សាអំពីវិធីទប់ទល់នឹង COVID-19 ត្រូវបានធ្វើឡើងជាលើកដំបូងនៅក្នុងថ្ងៃទី26មីនាកន្លងទៅ។ ក្រុមមេដឹកនាំបានមូលមតិគ្នាថានឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឆ្លងផុតពីវិបត្តិសុខភាពនេះ និងបានព្រមព្រៀងគ្នាក្នុងការទម្លាក់កញ្ចប់ថវិកា 5លានលានដុល្លារដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចនៅទូទាំងពិភពលោក។
ក្រោយកិច្ចប្រជុំដំបូងរបស់ G20 សហរដ្ឋអាមេរិក និងប្រទេសចិន បាន និងកំពុងឈ្លោះប្រកែកគ្នាអំពីតួនាទីរបស់អង្គការសុខភាពពិភពលោក(WHO) ដែលជាលទ្ធផល សហរដ្ឋអាមេរិក បានផ្អាកជំនួយដល់អង្គការនេះ។ ចំណែកប្រទេសចិនវិញ កាលពីថ្ងៃទី23មេសា ប្រកាសថានឹងផ្ដល់ជំនួយ30លានដុល្លារបន្ថែមទៀតទៅឱ្យអង្គការអន្តរជាតិមួយនេះ ដើម្បីទប់ទល់នឹងវីរុសCOVID-19។
Jia Qingguo សាស្ត្រាចារ្យមួយរូបមកពីមហាវិទ្យាល័យស្រាវជ្រាវអន្តរជាតិនៃសាកលវិទ្យាល័យប៉េកាំង បានឱ្យដឹងថា ទំនាក់ទំនងរវាងចិននិងអាមេរិកាំង បានធ្លាក់ទៅក្នុងស្ថានភាពអាក្រក់អស់រយៈពេលច្រើនឆ្នាំមកហើយ ប៉ុន្តែវាកាន់តែអាក្រក់ជាងមុន ដោយសារតែ COVID-19។ “នេះគួរណស់តែជាឱកាសល្អដើម្បីឱ្យប្រទេសទាំង2 សហការគ្នាក្នុងការទប់ទល់នឹង COVID-19 ប៉ុន្តែ សហរដ្ឋអាមេរិកបានទម្លាក់កំហុសទៅលើចិន ហើយការប្រឆាំងតបតរបស់ចិន បានធ្វើឱ្យភាគីទាំងសងខាងបង្កើនការប្រឈមមុខដាក់គ្នា”។
លោក Jia Qingguo បន្តថា បើសិនជាលោក Trump ជាប់ឆ្នោតម្ដងទៀតនៅខែវិច្ឆកាឆ្នាំនេះ នោះទំនាក់ទំនងរវាងអាមេរិកាំងជាមួយចិន អាចនឹងបន្តកើនកម្ដៅ ហើយក្លាយជាការប្រឈមមុខដាក់គ្នាលើគ្រប់បញ្ហា។
ប្រទេសG20 (Group of 20) គឺជាក្រុមប្រទេសដែលមានការអភិវឌ្ឍខ្លាំងជាងគេទាំង20 នៅក្នុងពិភពលោក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ1999 នៅទីក្រុងវ៉ាស៊ីងតោននៃសហរដ្ឋអាមេរិក។ ជាទូទៅ G20 គឺជាជំនួបរវាងរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំធនាគារមកពីបណ្ដាលប្រទេសទាំង19 ដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងក្នុងពិភពលោក បូករួមទាំងប្រទេសអភិវឌ្ឃន៍ក្នុងសហភាពអឺរ៉ុបផងដែរ។ កាលពីដំបូងឡើយ សមាជិកនៃក្រុមប្រទេសG7 ដែលបានបង្កើតឡើងនៅឆ្នាំ1975 គឺមានដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង រុស្ស៊ី កាណាដា អ៊ីតាលី ចក្រភពអង់គ្លេស និងជប៉ុន។ ហើយក្រុមប្រទេសG20ត្រូវបានផ្សំឡើងដោយសមាជិក12ផ្សេងទៀត ដូចជា ប្រទេសអាហ្សង់ទីន ប្រេស៊ីល ចិន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ិកស៊ិក ប្រទេសរុស្ស៉ី អារ៉ាប៊ីសាអ៊ូឌីត អាហ្វ្រិកខាងត្បូង កូរ៉េខាងត្បូង និងតួរគី។
គោលបំណងសំខាន់នៃការបង្កើតក្រុមប្រទេសG20នេះឡើង គឺជួយជំរុញកំណើនសេដ្ឋកិច្ចពិភពលោក កំណើនពាណិជ្ជកម្មអន្តរជាតិ និងការត្រួតពិនិត្យទីផ្សារហិរញ្ញវត្ថុសកល៕
ប្រភព៖ សារព័ត៌មានបរទេស