Skip to content

តារាវិទូថា ប្រព័ន្ធ​ព្រះអាទិត្យ​ប្រហែល​ជា​បាន​ “ប្លន់” អាចម៍​ផ្កាយ​ចំនួន​19​ ពីប្រព័ន្ធ​ផ្កាយ​ដទៃ​​

វត្ថុ​អវកាស​ដែល​មាន​គន្លង​គោចរ​ខុស​គេ​ ត្រូវ​បាន​អ្នក​វិទ្យា​សាស្ត្រ​យល់​ថា ដោយ​សារ​ប្រព័ន្ធ​ព្រះ​អាទិត្យ​របស់​មនុស្ស​ ស្រូប​​ទាញ​ពី​ប្រព័ន្ធ​ព្រះអាទិត្យ​(ផ្កាយ​) ដទៃ​​ ដែល​នៅ​ក្បែរ​ខាង​ តាំង​តែ​ពី​រាប់​ពាន់​លាន​ឆ្នាំ​មុន​។

ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​ធ្វើ​ការ​សិក្សា​ទៅ​លើ​វត្ថុ​អវកាស​ចំនួន​19​ ដែល​ស្ថិត​នៅ​ក្នុង​ទិស​ដែល​ឆៀង​​ទៅ​​នឹង​ផ្ទៃស្រប​​​​នៃ​គន្លង​គោចរ​របស់​ប្រព័ន្ធ​ព្រះអាទិត្យ​​ទាំង​មូល​។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​23​មេសា​ របស់​សារ​ព័ត៌​មាន IFL។ ក្នុង​នោះ​ វត្ថុ​អវកាស​ចំនួន​17​ គឺ​ស្ថិត​ក្នុង​ក្រុម​ Centaur ដែល​មាន​គន្លង​គោចរ​​​ចន្លោះ​​ពិភពព្រហស្បតិ៍ និង​ពិភព​សៅរ៍។ ចំណែក​សមាជិក​(វត្ថុអវកាស)​ចំនួន​2​ផ្សេង​ទៀត​ ធ្វើ​ដំណើរ​​​​ក្រៅ​គន្លង​គោចរ​របស់​ពិភព​ណិប​ទូន​។

ក្រុម​អ្នកវិទ្យា​សាស្ត្រ​បាន​រកឃើញ​ គន្លង​គោចរ​ខុស​គេ​របស់​វត្ថុ​អវកាស​ទាំង​19​នេះ​ នៅ​ពេល​​ធ្វើ​ការ​វិភាគ​​​លើ​កុំព្យូទ័រ​ដើម្បី​ស្វែង​យល់​អំពី​ដំណាក់​កាល​ដំបូង​នៃ​ការ​កកើត​ប្រព័ន្ធ​ព្រះ​អាទិត្យ​។ ប្រការ​នេះ​បាន​បង្ហាញ​ថា វត្ថុ​អវកាស​​ចំនួន​19​ខាង​លើ មិន​មែន​កកើត​ឡើង​ជាមួយ​នឹង​ពិភព​ កូន​ភព ផ្កាយ​ដុះ​កន្ទុយ​ និង​អាចម៍​ផ្កាយ​ជា​ដើម​នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​មនុស្ស​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ ពួក​វា​ប្រហែល​ជា​​ត្រូវ​បាន​ស្រូប​ទាញ​ចូល​ប្រព័ន្ធ​ព្រះ​អាទិត្យ​កាល​ពី​ជាង​4​ពាន់​លាន​ឆ្នាំ​មុន​ ដែល​កាល​ណោះ​ប្រព័ន្ធ​ព្រះអាទិត្យ​កំពុង​កកើត​នៅក្នុង​ពពក​ធូលី​អវកាស​។ ដើម្បី​ប្រការ​ខាង​លើ​អាច​កើត​ឡើងបាន​ ព្រះអាទិត្យ​របស់​មនុស្ស​ត្រូវ​តែ​ស្ថិត​នៅ​ក្បែរ​ៗ​ប្រព័ន្ធ​ផ្កាយ​ដទៃ​​។

បណ្ឌិត ​Fathi Namouni មក​ពី​​ស្ថានីយ​អង្កេត​អវកាស​ Cote d’Azur បាន​ឱ្យ​ដឹង​ថា “កាល​ពី​ដើម​ឡើយ ដោយ​សារ​នៅ​មិន​ឆ្ងាយ​ពី​គ្នា ដូច្នេះ​ផ្កាយ​ទាំង​ឡាយ​​តែង​តែ​ទទួល​រង​ទំនាញ​ពី​គ្នា​ទៅវិញ​ទៅ​មក​ខ្លាំង​ជាង​បច្ចុប្បន្ន​ឆ្ងាយ​ណាស់​ ដែល​កាល​ណោះ កូនភព​(ឬ​អាចម៍​ផ្កាយ) អាច​ត្រូវ​បាន​ប្រព័ន្ធ​ផ្កាយ​មួយ​នេះ ទាញយក​​ពី​ប្រព័ន្ធ​ផ្កាយ​មួយ​ផ្សេង​ទៀត​”។

បើ​សិន​ជា​វត្ថុ​អវកាស​ទាំង​19​នេះ​​ មាន​ប្រភព​ពី​ប្រព័ន្ធ​ផ្កាយ​ផ្សេង​ នោះ​វា​នឹង​មាន​តម្លៃ​ខ្លាំង​ណាស់​សម្រាប់​វិទ្យា​សាស្ត្រ​។
Maria Helena Morais ដែល​ជា​សមាជិក​​នៃ​ក្រុម​ស្រាវ​ជ្រាវ​ខាង​លើ​ និង​ជា​តារាវិទូ​​​មក​ពី​សាកល​វិទ្យា​ល័យ​នៃ​​​រដ្ឋ​ Sao Paulo ប្រទេស​ប្រេស៊ីល ថ្លែង​ថា “ការ​រកឃើញ​ក្រុម​វត្ថុ​អវកាស​អន្តរ​តារា​​​ គឺជា​ជំហាន​ដ៏​សំខាន់​ដើម្បី​ស្វែង​យល់​អំពី​ចំណុច​ដូច​គ្នា និង​ខុស​គ្នា​ទាក់ទិន​នឹង​​រូប​សាស្ត្រ​​ និង​គីមី​សាស្ត្រ​រវាង​អាចម៍​ផ្កាយ​របស់​ប្រព័ន្ធ​ព្រះអាទិត្យ​ និង​អាចម៍​ផ្កាយ​របស់​ប្រព័ន្ធ​ផ្កាយ​ដទៃ​”។

Morais បន្ថែម​ថា “ក្រុម​វត្ថុ​អវកាស​នេះ នាំ​មក​នូវ​ព័ត៌មាន​អំពី​កញ្ចុំ​ផ្កាយ​ដែល​ជា​កន្លែង​កកើត​របស់​ព្រះ​អាទិត្យ​ ដែល​នេះនឹង​​អនុញ្ញាតឱ្យ​​​ក្រុមតារា​វិទូ​​​យល់​បន្ថែម​អំពី​ដំណើរ​ការ​នៃ​ការ​ “ប្លន់​” យក​អាចម៍​ផ្កាយ​ និង​តួនាទី​របស់​វត្ថុ​អវកាស​អន្តរ​តារា​ នៅ​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​ និង​កំណត់​រូប​រាង​​នៃ​​វិវត្តនាការ​របស់​ប្រព័ន្ធ​ព្រះអាទិត្យ​”៕

ប្រភព៖​ សារ​ព័ត៌មាន​បរទេស

Leave a Reply

Your email address will not be published. Required fields are marked *