ប្រទេសចិនបញ្ចេញនាវាចម្បាំងផ្ទុកឧទ្ធម្ភាគចក្រប្រភេទ Type-075 ទី2របស់ខ្លួន បន្ទាប់ពីនាវាទី1ត្រូវបានដាក់ឱ្យដំណើរការកាលពី8ខែមុន បើទោះជា Type-075 ទី2នេះ មិនទាន់រួចរាល់ជាស្ថាពរក៏ដោយ។
ពិធីសម្ពោធបង្ហាញវត្តមានរបស់នាវានេះត្រូវបានធ្វើឡើងនៅឯរោងចក្រផលិតនាវា Hudong Zhonghua នាទីក្រុងសៀងហៃកាលពីថ្ងៃទី22មេសា នៅមុនថ្ងៃខួប71ឆ្នាំនៃការបង្កើតកងទ័ពជើងទឹករបស់ប្រទេសចិន។ រូបភាពពី flycam បានបង្ហាញថា ផ្នែកខាងលើនៃនាវានេះមិនទាន់រួចរាល់ជាស្ថាពរនៅឡើយ។
Li Jie ដែលជាអ្នកជំនាញផ្នែកជើងទឹកប្រចាំទីក្រុងប៉េកាំងបានសង្កត់ធ្ងន់ថា ការដែលនាវាផ្ទុកឧទ្ធម្ភាគចក្រ2គ្រឿងដែលត្រូវបានដាក់ដំណើរការដោយមុន-ក្រោយគ្នាត្រឹមតែ8នេះ បង្ហាញថា ប្រទេសចិនមានបច្ចេកវិទ្យាសាងសង់នាវាផ្ទុកឧទ្ធម្ភាគចក្រខ្នាតធំ ក៏ដូចជាបណ្ដាប្រភេទឧទ្ធម្ភាគចក្រនៅលើនាវានេះ។ លោក Li Jie បន្ថែមថា “ដំណើរការនៃការសាងសង់នាវា ត្រូវបានធ្វើឡើងយ៉ាងលឿន ខណៈដែលប្រព័ន្ធ និងឧបករណ៍នានា តាមគម្រោងនឹងត្រូវបានបំពាក់នាពេលដ៏ខ្លីខាងមុខ”។
Type-075 អាចផ្ទុកទម្ងន់បានដល់40,000តោន គឺច្រើនជាង បើធៀបនឹងនាវាផ្ទុកឧទ្ធម្ភាគចក្ររបស់ប្រទេសមួយចំនួនក្នុងតំបន់។ ប្រទេសចិន មានគម្រោងសាងសង់នាវាប្រភេទ Type-075 នេះចំនួន3គ្រឿង ក៏ប៉ុន្តែ ចិនបានរក្សាការសម្ងាត់នៃដំណើរការអភិវឌ្ឍន៍នាវាទាំងនេះ។ Type-075 មានបណ្ដោយប្រវែង237ម៉ែត្រ ប្រហាក់ប្រហែលនឹងនាវា Wasp របស់សហរដ្ឋអាមេរិក។
អ្នកជំនាញយល់ថា នាវានេះពិបាកនឹងដាក់ឱ្យបម្រើការនៅក្នុងជួរកងទ័ពជើងទឹកក្នុងរយៈពេលដ៏ខ្លីខាងមុខ។ ដោយសារតែជានាវាផ្ទុកឧទ្ធម្ភាគចក្រក្នុងស្រុកដំបូងរបស់ប្រទេសចិន ដូច្នេះ Type-075 នឹងត្រូវការពេលច្រើនឆ្នាំសម្រាប់ធ្វើការសាកល្បងដើម្បីធានាថាវាដំណើរការល្អ។
ក្រុមនាវិក និងអ្នកបើកយន្តហោះនៃកងទ័ពជើងទឹកចិន ក៏ត្រូវការហ្វឹកហាតស៊ីជម្រៅដើម្បីអាចបំពេញភារកិច្ចនៅលើនាវាផ្ទុកឧទ្ធម្ភាគចក្រនេះបានល្អ៕
ប្រភព៖ សារព័ត៌មានបរទេស