ប្រជាជនបារាំងជាច្រើន បាននាំគ្នាចេញមកតាមដងផ្លូវ ហើយបានដុតបំផ្លាញធុងសំរាម វាយបំបែករថយន្ត ព្រមទាំងប៉ះទង្គិចជាមួយក្រុមសមត្ថកិច្ច ដោយមិនខ្វល់អំពីបម្រាមគោចរទប់ស្កាត់ COVID-19 នៅប្រទេសនេះ។
បារាំងបានដាក់បម្រាមគោចរចាប់ពីថ្ងៃទី17មីនា ដល់ថ្ងៃទី11ឧសភា នៅពេលដែលចំនួនអ្នកឆ្លងមេរោគ និងស្លាប់ដោយសារ COVID-19 ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ បច្ចុប្បន្ន ប្រទេសនេះមានអ្នកជំងឺសរុប159,877នាក់ និងអ្នកស្លាប់ឡើងដល់21,340នាក់ ហើយក្លាយជាសម្បុកមេរោគកូរ៉ូណាធំជាងគេលំដាប់ទី4នៅក្នុងពិភពលោក។
ក៏ប៉ុន្តែ បម្រាមគោចរដែលមានសុពលភាពយូរពេក បានធ្វើឱ្យភាពតានតឹងរវាងប្រជាជន ជាមួយនឹងក្រុមប៉ូលិស។ ស្ថានភាពតានតឹងបានរាលដាលធំឡើងៗ បន្ទាប់ពីមានករណីបរុសម្នាក់បើកបរម៉ូតូក្នុងល្បឿនលឿន បានបុកទ្វាររថយន្តរបស់ប៉ូលិស ដែលកំពុងឈប់នៅពេលស្តុបភ្លើងក្រហម ក្នុងតំបន់ Villeneuve-la-Garenne ជាយក្រុងភាគខាងជើងប៉ារីសកាលពីថ្ងៃទី18មេសា។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មន្ត្រីនគរបាលបានបើកទ្វាររថយន្តដោយចេតនាដើម្បីស្កាត់អ្នកជិះម៉ូតូម្នាក់នោះ ក៏ប៉ុន្តែសមត្ថកិច្ចបានច្រានចោលការអះអាងនេះ។ ករណីនេះក៏បានធ្វើឱ្យផ្ទុះកំហឹងពាសពេញប្រទេសបារាំង។
នៅក្នុងខណ្ឌមួយនៅទីក្រុងLyon ក្រុមមនុស្សប្រមាណជា30នាក់ បាននាំគ្នាវាយកម្ទិចស្ថានីយរង់ចាំរថយន្តមួយកន្លែង ហើយពួកគេក៏បានដុតធុងសំរាម វាយបំផ្លាញរថយន្ត និងកម្ទិចខ្លោងទ្វារចូលទៅកាន់មណ្ឌលកុមារមួយកន្លែងកាលពីថ្ងៃទី20មេសាកន្លងទៅ ដោយមូលហេតុថា “ទាមទារយុត្តិធម៌ជូន Villeneuve-la-Garenne”។
នៅក្នុងទីក្រុងមួយចំនួនទៀតដូចជា Toulouse, Strasbourg, Bordeaux និង Versailles ជាដើម ក៏មានសកម្មភាពវាយបំផ្លាញដូចគ្នានេះដែរ។ អំពើហិង្សាបានបន្តកើតឡើងនៅយប់ថ្ងៃទី21មេសា នៅពេលដែលសាលាបឋមសិក្សាមួយកន្លែងនៅជាយក្រុងប៉ារីស ត្រូវបានដុតបំផ្លាញទាំងស្រុង ខណៈដែលប៉ូលិសនៅក្នុងខណ្ឌមួយផ្សេងទៀតក៏បានរាយការណ៍ថា ពួកគេត្រូវបានវាយប្រហារដោយកាំជ្រួច។
“ខ្ញុំយល់អំពីមូលហេតុដែលអ្នកបានវាយបំផ្លាញរថយន្ត។ សូមមេត្តាត្រឡប់ទៅផ្ទះ និងធ្វើចិត្តឱ្យត្រជាក់” នេះគឺជាសម្ដីរបស់អ្នកជិះម៉ូតូ អាយុ30ឆ្នាំ និយាយក្នុងឃ្លីបវីដេអូមួយដែលថតពីមន្ទីរពេទ្យ ជាកន្លែងដែលគាត់កំពុងសម្រាកព្យាបាលដោយសារតែបាក់ជើងក្នុងហេតុការណ៍មួយកាលពីសប្ដាហ៍មុន ដែលបង្កឡើងដោយប៉ូលិស។
អភិបាលក្រុង Lyon លោក Alexandre Vincendet បានហៅក្រុមអ្នកប្រើអំពើហិង្សា ដោយមិនខ្វល់ពីបម្រាមគោចរនោះថា ជា “ក្រុមមនុស្សឆោតល្ងង់”។ លោកសង្កត់ធ្ងន់ថា “ពួកគេក៏ប្រហែលជាមិនដឹងថា Villeneuve-la-Garenne នៅទីណាលើផែនទីទៀតផងក៏មិនដឹង។ នោះគ្រាន់តែជាលេសសម្រាប់សកម្មភាពបំផ្លិចបំផ្លាញតែប៉ុណ្ណោះ”៕
ប្រភព៖ សារព័ត៌មានបរទេស