ទីភ្នាក់ងារព័ត៌មាន CNN បានរាយការណ៍ពីករណីសិក្សាស្រាវជ្រាវខាងវេជ្ជសាស្ត្រមួយថា មានស្ត្រីជនជាតិកាណាដាម្នាក់ បានរួចជីវិតពីការត្រូវគេបាញ់ចំដើមទ្រូង ដោយសារតែដុំស៊ីលីខូនដែលដាក់ដើម្បីបង្កើនទំហំសុដន់បានជួយការពារគ្រាប់កាំភ្លើង។
ករណីមួយនេះត្រូវបានបោះពុម្ពផ្សាយនៅក្នុងព្រឹត្តិបត្រវេជ្ជសាស្ត្រ SAGE កាលពីសប្ដាហ៍មុន ដោយលោកគ្រូពេទ្យដែលជាអ្នកព្យាបាលអ្នករបួសឈ្មោះ ជិអាន់ខាឡូ ម៉េកអ៊ីវេនីវ បានសរសេររៀបរាប់ថា អ្នករបួសស្រីម្នាក់ អាយុ 30ឆ្នាំ មកពីទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា បានរួចជីវិតពីការត្រូវគេបាញ់នៅក្នុងហេតុការណ៍មួយកាលពីឆ្នាំ 2019 ដោយសារតែដុំស៊ីលីខូនបង្កើនទំហំសុដន់ បានជួយបង្វែរទិសដៅរបស់គ្រាប់កាំភ្លើង។
រូបភាព X-ray ដើមទ្រូងរបស់ស្ត្រីរងគ្រោះ បានបង្ហាញឱ្យឃើញនូវគ្រាប់កាំភ្លើងកប់ជាប់នៅនឹងផ្ទាំងកំពែងខាងឆ្វេងនៃដើមទ្រូងដែលជាដុំស៊ីលីខូន គឺជាដុំស៊ីលីខូនដែលបានទទួលការអនុញ្ញាតឱ្យដាក់លក់នៅក្នុងសហរដ្ឋ អាមេរិក ចំនួន 2ប្រភេទ ដែលសុទ្ធតែជាប្រភេទមានសម្បកហ៊ុមព័ទ្ធ ដែល 1ប្រភេទមានទឹករ៉ែនៅខាងក្នុង និង 1ប្រភេទទៀតមានជេលនៅខាងក្នុង។
ទោះជាមិនមានសេចក្ដីរាយការណ៍លម្អិតច្បាស់លាស់ថា ហេតុអីបានស្ត្រីរងគ្រោះត្រូវគេបាញ់ក្ដី តែគ្រូពេទ្យបានប្រាប់ថា ស្ត្រីរងគ្រោះបានដើរចូលមកក្នុងផ្នែកសង្គ្រោះបន្ទាន់ ដោយអាការភ័យស្លន់ស្លោ និងប្រាប់ថា នាងត្រូវគេបាញ់ចំដើមទ្រូង…។
“គ្រាប់កាំភ្លើង បុកចូលទៅរកដើមទ្រូងខាងឆ្វេង តែធ្វើឱ្យទៅកើតមានស្នាមប្រេះបែករបស់ឆ្អឹងជំនីផ្នែកខាងស្ដាំ។ លក្ខណៈគ្រាប់កាំភ្លើង បានបុកទម្លុះស្បែក ហើយខ្ទាតត្រឡប់មកក្រោយ ឆ្លងកាត់ឆ្អឹងសន្ទះទ្រូង តម្រង់ទៅដើមទ្រូងផ្នែកខាងស្ដាំ។ ដុំស៊ីលីខូនដែលបង្កើនទំហំសុដន់ ធ្វើឱ្យគ្រាប់កាំភ្លើងប្ដូរទិសដៅ”
លោកវេជ្ជបណ្ឌិត ម៉េកអ៊ីវេនីវ បានថ្លែងទៀតថា ស្ត្រីរងគ្រោះមានស្នាមរបួសដោយគ្រាប់កាំភ្លើង បែកឆ្អឹងជំនី និងបែកដុំស៊ីលីខូន តែអវយវៈផ្សេងទៀត គ្មានរងការខូចខាតអ្វីទាំងអស់ និងនៅពេលមើលតាមជ្រុងនៃការវះកាត់ យើងឃើញថា គ្រាប់កាំភ្លើងត្រូវបានបង្វែរទិសដៅដោយសារដុំស៊ីលីខូន។
“នៅផ្នែកខាងឆ្វេងរបស់ដើមទ្រូង មានបេះដូង និងសួត បើគ្រាប់កាំភ្លើងបុកធ្លុះចូលទៅត្រង់ៗ ជនរងគ្រោះអាចរងរបួសធ្ងន់ធ្ងរ ឬអាចដល់ថ្នាក់ស្លាប់បាន” លោកវេជ្ជបណ្ឌិតបានថ្លែងបញ្ចប់សេចក្ដី។
សម្រាប់ស្ត្រីរងគ្រោះវិញ ក្រោយមក នៅពេលធូរស្រាល និងបាត់អាការភ័យស្លន់ស្លោផុតកំពូលហើយ ទើបគ្រូពេទ្យព្យាបាលអាការរបួស និងយកដុំស៊ីលីខូនចេញមក ដើម្បីព្យាបាលត្រង់កន្លែងដែលរងរបួស ដោយផ្ដល់ថ្នាំផ្សះទៀតផង។ ចំណែកឯការស៊ើបសួរអំពីរឿងរ៉ាវមួយនេះមិនទទួលបានលទ្ធផលឡើយ ព្រោះខាងប៉ូលិសរកមិនឃើញទាំងកាំភ្លើង និងអ្នកបាញ់៕
ប្រភព៖ សារព័ត៌មានបរទេស