ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី21មេសា បានឱ្យដឹងថា លោកនឹងចេញបទបញ្ជាថ្មីមួយទៀតដើម្បីហាមមិនឱ្យជនបរទេសចូលមកកាន់ទឹកដីសហរដ្ឋអាមេរិកក្នុងរយៈពេល60ថ្ងៃ រួចហើយនឹងវាយតម្លៃឡើងវិញបន្ទាប់ពីបទបញ្ជានេះអស់សុពលភាព ដើម្បីទប់ស្កាត់ COVID-19។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញ លោក Trump បានឱ្យដឹងថា បទបញ្ជានេះនឹងអនុវត្តទៅលើតែអ្នកដែលមានបំណងមករស់នៅលើទឹកដីសហរដ្ឋអាមេរិកតាមរយៈកម្មវិធីប័ណ្ណបៃតង(Green Card) និងមិនប៉ះពាល់ដល់ពលករបរទេសនោះឡើយ។ ប័ណ្ណបៃតងគឺជាប័ណ្ណរស់នៅអចិន្ត្រៃយ៍ ឬប័ណ្ណអន្តោប្រវេសន៍សម្រាប់អ្នកដែលមិនមែនជាពលរដ្ឋអាមេរិកាំង ដែលបានទទួលផលប្រយោជន៍ពីរបបស្នាក់នៅអចិន្ត្រៃយ៍លើទឹកដីសហរដ្ឋអាមេរិក។ និយាយរួម អ្នកដែលទទួលបានប័ណ្ណបៃតងនឹងអាចទៅរស់នៅលើទឹកសហរដ្ឋអាមេរិកបានដោយស្របច្បាប់។
លោក Trump បន្ថែមថា អាជ្ញាធររបស់លោកនឹងសិក្សា រកវិធានការបន្ថែមទាក់ទិននឹងបញ្ហាអន្តោប្រវេសន៍ ដើម្បី “ការពារពលករអាមេរិកាំង”។ “យើងនឹងការពារពួកគេឱ្យបានកាន់តែច្រើន។ ការផ្អាកទទួលជនបរទេសនេះក៏នឹងជួយការពារប្រភពធនធានមនុស្សផ្នែកសុខាភិបាលចាំបាច់សម្រាប់ពលរដ្ឋអាមេរិកាំង”។
“បទបញ្ជានេះកំពុងត្រូវបានរៀបចំនៅពេលយើងនិយាយនៅទីនេះ វាប្រហែលជារួចរាល់នៅថ្ងៃស្អែក” លោក Trump សង្កត់ធ្ងន់ថា បទបញ្ជានេះក៏នឹងមានករណីលើកលែងផងដែរ។
ក្រុមអ្នកសង្កេតការណ៍យល់ថា ឥរិយាបថនេះរបស់លោក Trump គឺមានចរឹតជានិមិត្តរូបច្រើនជាង ព្រោះថា រដ្ឋអំណាចរបស់លោក Trump បានចេញបទបញ្ជារឹតត្បិតលើបញ្ហាអន្តោប្រវេសន៍មុននេះរួចហើយដើម្បីទប់ស្កាត់ COVID-19។
សហរដ្ឋអាមេរិក គឺជាប្រទេសដែលមានអ្នកជំងឺ និងស្លាប់ដោយសារវីរុស COVID-19 ច្រើនជាងគេបង្អស់ក្នុងពិភពលោក។ គិតមកដល់បច្ចុប្បន្ន ប្រទេសនេះ មានអ្នកជំងឺកូរ៉ូណាដល់ទៅ 817,952នាក់ ក្នុងនោះមានជាង45,000នាក់បានបាត់បង់ជីវិត៕
ប្រភព៖ សារព័ត៌មានបរទេស