មនុស្សប្រមាណជាជាង100,000នាក់ បាននាំគ្នាចូលរួមពិធីបុណ្យសពអ្នកប្រាជ្ញម្នាក់នៃសាសនាឥស្លាម នៅឯខណ្ឌ Brahmanbaria ដោយមិនខ្ចីអើពើដល់បម្រាមគោចរក្នុងការទប់ស្កាតការឆ្លងរាលដាលវីរុសCOVID-19។
ក្រុមមនុស្សទាំងនេះ បានចូលរួមពិធីបុណ្យសពរបស់លោក Maulana Zubayer Ahmad Ansari ដែលជាអ្នកអធិប្បាយ(ទេសនា) ដ៏ល្បីល្បាញក្នុងសាសនាឥស្លាម កាលពីថ្ងៃទី18មេសា ដោយមិនខ្វល់អំពីការហាមឃាត់ការជួបជុំគ្នាលើសពី5នាក់របស់រដ្ឋាភិបាលបង់ក្លាដែស នាំឱ្យមានការព្រួយបារម្ភជាខ្លាំងអំពីហានិភ័យនៃការឆ្លងវីរុសCOVID-19 ជាសម្បុកនៅក្នុងប្រទេសនេះ។
ចំនួនមនុស្សដែលបានចូលរួមក្នុងពិធីបុណ្យសពនេះ ត្រូវបានលោកអាចារ្យ Ali Farhad ដែលជាជំនួយការពិសេសរបស់នាយករដ្ឋមន្ត្រីបង់ក្លាដែស និងអ្នកនាំពាក្យរបស់អង្គភាពនគរបាល Brahmanbaria បញ្ជាក់ដូចខាងលើ។
ហ្វូងមនុស្សខាងលើ បានធ្វើដំណើរដោយថ្មើរជើងពីតំបន់ជុំវិញ និងកាត់តាមបណ្ដាផ្លូវទៅកាន់តំបន់ Brahmanbaria ដើម្បីចូលរួមពិធីបុណ្យសព ប៉ុន្តែ ពួកគេពុំបានពាក់ម៉ាស់ ឬស្រោមដៃដើម្បីការពារសុខភាពនោះឡើយ។
មន្ត្រីនគរបាលម្នាក់ឈ្មោះ Alamgir Hossain ឱ្យដឹងថា “យើងបានស្នើឱ្យពួកគេពាក់ម៉ាស់ដើម្បីការពារសុខភាព តាមរយៈឧបករណ៍បំពងសំឡេងជាបន្តបន្ទាប់រហូតដល់ពិធីបុណ្យបានបញ្ចប់ ប៉ុន្តែ ពួកគេមិនស្ដាប់នោះទេ។
ដោយសារតែមិនអាចគ្រប់គ្រងក្រុមមនុស្សនេះបាន ក្រុមសមត្ថកិច្ចក៏បានដកថយពីពិធីបុណ្យ ហើយបានបង្កើតគណៈកម្មការមួយដើម្បីស៊ើបអង្កេតរកមូលហេតុថា តើហេតុអ្វីពិធីបុណ្យដ៏ធំនេះ នៅតែអាចកើតឡើងបាននៅក្នុងអំឡុងពេលដែលបម្រាមគោចរនៅមានសុពលភាព។ នេះបើតាមអ្នកនាំពាក្យនគរបាលបង់ក្លាដែស Sohel Rana។
សូមបញ្ជាក់ថា បង់ក្លាដែសបានចេញបម្រាមគោចរទូទាំងប្រទេសចាប់ពីថ្ងៃទី26មីនា រហូតដល់ថ្ងៃទី25មេសា ដើម្បីទប់ស្កាត់ COVID-19។ បច្ចុប្បន្ន ប្រទេសនេះ មានអ្នកជំងឺ2,456នាក់ ក្នុងនោះមាន91នាក់បានស្លាប់ ប៉ុន្តែ ក្រុមមន្ត្រីបានឱ្យដឹងថា តួលេខជាក់ស្ដែងអាចខ្ពស់ជាងនេះ ដោយសារតែមិនមានឧបករណ៍ធ្វើតេស្តគ្រប់គ្រាន់៕
ប្រភព៖ សារព័ត៌មានបរទេស